ផ្អើលពិភព NFT! ក្រុមហែកឃឺប្រើក្បាច់បោកចាស់ លួចរូបស្វាមុខធុញ១៣លាន$ ម្ចាស់រូបបានត្រឹមយំស្ដាយក្រោយ
Raty Oun
APRIL 26 2022
អាជីវកម្ម 4.0
3.9 K views
1 min read

វាគឺជារឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយដែលរូបភាព  Bored Ape Yacht Club ឬហៅខ្មែរថា រូបស្វាមុខធុញជារូបដែលមានតម្លៃទី២ នៅក្នុងពិភព NFT ត្រូវបានក្រុមហែកឃឺ លួចយកទៅអស់ ៥៤ រូបបើគិតជាទឹកប្រាក់ស្មើនឹងប្រមាណ ១៣,៧លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Futurism

ប្រភពដដែលបានបន្តថា វិធីដែលក្រុមហែកឃឺបានប្រើគឺ ពួកគេបានបង្កើតលីងមួយដូចបេះបិទទៅនឹងវេបសាយផ្លូវការរបស់ Bored Ape Yacht Club ដែលជាហេតុធ្វើឲ្យអ្នកប្រើប្រាស់មួយចំនួនមានការភ័ន្តច្រឡំហើយបានវាយលេខសម្ងាត់របស់គាត់ចូលទៅក្នុងនោះធ្វើឲ្យក្រុមហែកឃឺអាចចូលធ្វើជាម្ចាស់រូប NFT នៅក្នុងគណនីរបស់អ្នកប្រើប្រាស់ដែលជាជនរងគ្រោះទាំងអស់នោះបាន។

ជាមួយគ្នានេះដែរ យោងតាមការបង្ហោះពីបណ្តាញសង្គម Twitter ផ្លូវការរបស់ Bored Ape Yacht Club កាលពីម្សិលមិញបាននិយាយថា បណ្តាញសង្គម Instagram របស់ខ្លូនត្រូវបានគេហែកដូច្នេះ ពួកគេ នឹងមិនផុសលក់រូបអ្វីទៀតទេរហូតដល់ គណនីស្រោចស្រង់បានមកវិញសិន។ មួយវិញទៀតពួកគេសុំឲ្យអ្នកប្រើប្រាស់កុំចុចលីងអ្វីផ្តេសផ្តាសនៅអំឡុងពេលកំពុងជួសជុសនេះ ប្រសិនបើអ្នកទិញមានរូបភាពណាមួយត្រូវបានហែក សូមទាក់ទងទៅកាន់ភ្នាក់ងាររបស់ពួកគេភ្លាម។

គួរបញ្ជាក់ថា បទល្មើសបច្ចេកវិទ្យាកំពុងតែកើតមានឡើងជាច្រើននៅលើប្រព័ន្ធអ៊ីនធឺណេតនានា ក្នុងពេលបច្ចុប្បន្ន ដូច្នេះសូមអ្នកទាំងអស់គ្នាប្រយ័ត្មខ្លួនឲ្យមែនទែន ពោលគឺមុនពេលដែល Log in ចូលគណនីណាមួយត្រូវពិនិត្យមើល ដូមេន និងមើលថា វេបសាយ ឬ ផ្លេតហ្វមនោះជាគណនីពិតប្រាកដសិនចាំ Log ចូល៕

អត្ថបទដោយ៖ អូន រ៉ាទី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia