កាលពីថ្ងៃអង្គារទី ទី២៥ខែឧសភាកន្លងទៅម្សិលមិញ លោកដុកទ័ខាងផ្នែកជំងឺមហារីកមួយរូបឈ្មោះ Keith បានប្រកាសថា រូបភាព NFT ដែលមានតម្លៃ ១.៤លានដុល្លាររបស់លោកត្រូវបានក្រុម Hacker លួចយកទៅបាត់ហើយ។ ហើយក្រុម Hacker ចំណាយពេលមិនដល់ ១នាទីផងនៅក្នុងការលួច។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ nftroyalz។
ប្រភពដដែលបានបន្តថា វិធីដែលពួក Hacker បានប្រើមានឈ្មោះថា Phishing ( ស្ទួចត្រី) ដើម្បីបោកប្រាស់ជនរងគ្រោះ។ Phishing ត្រង់ចំណុចនេះបានន័យថា ជាដំបូងពួកគេបានបង្កើតវេបសាយក្លែងក្លាយ ដែលមានមុខមាត់ដូចវេបសាយផ្លូវការណ៍ ហើយផ្ញើទៅឲ្យជនរងគ្រោះតាមរយៈគណនី Twitter ដើម្បីបំពេញព័ត៌មានផ្ទាល់ខ្លួនចូល បន្ទាប់ពីជនរងគ្រោះវាយលេខសម្ងាត់ចូលរួចរាល់ហើយ ពួកគេបានទាញយកព័ត៌មានទាំងនោះរួចប្តូរលេខសម្ងាត់ធ្វើឲ្យជនរងគ្រោះ Login ទៅក្នុងគណនីពិតប្រាកដលែងចូល។ ភ្លាមៗនោះបន្ទាប់ពីវាយលេខសម្ងាត់ចូលទើបជនរងគ្រោះដឹងខ្លួនថាត្រូវបានគេបោក។
ជាមួយគ្នានេះ NFT គឺជារូបភាពឌីជីថលមួយដែលមានប្រព័ន្ធបច្ចេកវិទ្យា Blockchain នៅពីក្រោយដើរតួជាឆ្អឹងខ្នង ។ BlockChain នេះដែលប្រសិនបើ Hacker លួចរូបរបស់ជនរងគ្រោះទៅហើយគឺគ្មានអ្នកណាអាចយកមកវិញបានទេ ពោលគឺ ប្រសិនផ្ញើរូបពីគណនី «ក» ទៅគណនី «ខ» ហើយដើម្បីអាចបានមកវិញ គឺទាល់តែគណនី «ខ» ផ្ញើមកគណនី «ក» វិញ។
សូមជម្រាបថានៅប្រទេសកម្ពុជាយើងករណី Phishing ក៏កំពុងតែកើតមានឡើងដែរ ដូច្នេះមុននឹង Login ចូលគណនីណាមួយសូមពិនិត្យមើល ប្រភពវេបសាយឲ្យច្បាស់លាស់ ពោលគឺកុំចេះតែយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅ Login ចូលវេបសាយផ្តេសផ្តាស៕
អត្ថបទដោយ៖ អូន រ៉ាទី