យោងតាមផ្សាយរបស់ព័ត៌មាន Bloomberge បានឱ្យដឹងថា ក្រុមហ៊ុនផលិតទូរសព្ទយក្ស Samsung បានប្រកាសពីគម្រោងបើករោងចក្រផលិតឈីបដ៏ធំបំផុតមួយនៅលើលោក ដោយចំណាយទុនវិនិយោគប្រមាណ ៣៦០ពាន់លានដុល្លារ ហើយការចំណាយលុយយ៉ាងសន្ធឹកសន្ធាប់មួយនេះ គឺសឹងតែស្មើគុណនឹងពីរ នៃចំណូលសរុបប្រចាំឆ្នាំរបស់ Samsung ខណៈកាល២០២១ ចំណូលសរុបរបស់ Samsung រកបានប្រមាណ ២៣០ពាន់លានដុល្លារប៉ុណ្ណោះ។
ប្រភពដដែលបានបន្តថា ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ Samsung បានដកចេញមកពីទឹកប្រាក់សម្រាប់ចំណាយទូទៅរបស់ក្រុមហ៊ុនដែលបានបន្សល់ទុកតាំងពីជំនាន់ដើមនៃស្ថាបនិករបស់ ក្រុមហ៊ុនមួយនេះ។ ជាមួយគ្នានេះ មួយរយៈពេលក្រោយបន្ទាប់ពីប្រធានាធិបតីក្រោយរបស់កូរ៉េឡើងកាន់អំណាចមានក្រុមហ៊ុនធំៗជាច្រើននៅក្នុងប្រទេសកូរ៉េបាននាំគ្នាទៅបណ្តាក់ទុនក្នុងការផលិតជាឡានអគ្គិសនីដើម្បីដល់ជួយសេដ្ឋកិច្ចជាតិ ប៉ុន្តែប្លែកពីគេ Samsung បែរជាងាកមកចាប់អារម្មណ៍ការបណ្តាក់ទុនទៅលើបច្ចេកវិទ្យាផលិតឈីបទៅវិញ។
យ៉ាងណាមិញ មូលហេតុដែល Samsung ហ៊ានចំណាយទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើគម្រោងផលិតឈីបនេះ ដោយសារតែពួកគាត់មើលឃើញពីឱកាសមួយក្នុងការវាយលុកទីផ្សារក្នុងស្រុកក៏ដូចជាក្រៅស្រុក ព្រោះថាមួយរយៈកូវីដកន្លងទៅរោងចក្រផលិតឈីបធំបំផុតនៅក្នុងប្រទេសចិនមានបញ្ហាក្នុងការផលិត ដែលធ្វើឲ្យឧបករណ៍ឈីបដ៏សំខាន់មួយនេះកំពុងតែមានកង្វះខាតនាពេលបច្ចុប្បន្ន។
មួយវិញទៀត ការផលិតឈីបនេះវាអាចជាផ្លូវមួយក្នុងការជួយឲ្យសង្វាក់នៃការផលិតទំនិញផ្សេងៗរបស់ Samsung ឲ្យមានគុណភាពជាងមុន ហើយក៏ជាហេតុធំមួយនាំឲ្យទំនិញរបស់ខ្លួនអាចលក់បានតម្លៃថ្លៃនាពេលអនាគត។
គូសបញ្ជាក់ថា គ្រប់ប្រភេទទូរសព្ទទាំងអស់អាចដំណើរការបានអាស្រ័យទៅលើឧបករណ៍ ឈីបនេះហើយ ពោលគឺឈីបវាប្រៀបបានដូចទៅនឹងខួរក្បាលរបស់ទូរសព្ទអញ្ចឹង៕
អត្ថបទដោយ៖ អូន រ៉ាទី