ចាប់តាំងពីចូលដល់ឆ្នាំ២០២២នេះមក ពាក្យថា Metaverse ឬពិភពសុប្បនិម្មិត បានក្លាយជាពាក្យដ៏ពេញនិយមបំផុតមួយនៅលើអ៊ីនធឺណិតទូទាំងពិភពលោក។ ហើយថ្វីត្បិតតែមានឈ្មោះថា ជាពិភពសុប្បនិម្មិត ដំណើរការនៅលើអនឡាញក៏ពិតមែន ប៉ុន្ដែមានមនុស្សជាច្រើនបាននាំគ្នាសម្រុកទម្លាក់លុយវិនិយោគទិញដីនៅក្នុងពិភពសុប្បនិម្មិត Metaverse ផ្លូកទឹកផ្លូកដី ដែលធ្វើឱ្យតម្លៃដីក្នុង Metaverse សឹងតែហង់ឡើងខ្លាំងជាងតម្លៃដីនៅពិភពពិតទៅទៀត។
យ៉ាងណាមិញ ក៏មានអ្នកវិភាគមួយចំនួនបានលើកឡើងថា ស្របពេលដែលតម្លៃដីក្នុងពិភពសុប្បនិម្មិតហក់ឡើងខ្លាំងដូច្នេះ គឺវាអាចជាសេដ្ឋកិច្ចពពុះសាប៊ូ ខណៈដីនៅក្នុងពិភពសុប្បនិម្មិត Metaverse អាចបង្កើតឡើងបានគ្មានដែលកំណត់ ខុសពីដីនៅពិភពពិត។
ជាមួយគ្នានេះដែរ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺការតម្លៃដីក្នុងពិភពសុប្បនិម្មិត Metaverse ធ្លាក់ចុះលឿនខុសពីការគិត ពោលគឺចាប់តាំងពីទីផ្សាររូបិយប័ណ្ណគ្រីបតូសកលបានធ្លាក់ចុះនៅប៉ុន្មានខែចុងក្រោយនេះមក តម្លៃដីនៅក្នុងពិភពសុប្បនិម្មិត Metaverse ក៏ចាប់ផ្ដើមធ្លាកល់ចុះខ្លាំងដូចគ្នា ពោលគឺដីមួយប្លង់ធ្លាប់មានតម្លៃខ្ទង់ម៉ឺនដុល្លារ បានធ្លាក់នៅមកសល់ត្រឹមតម្លៃខ្ទង់ពាន់ដុល្លារតែប៉ុណ្ណោះ។
ទន្ទឹមនឹងនេះដែរ សូម្បីតែផ្លែតហ្វមពិភពសុប្បនិម្មិត Metaverse ល្បីៗបំផុតលើលោកដូចជា Sandbox, Decentraland, Voxels, Somnium Space, និង NFT Worlds ជាដើមនោះ ក៏ជួបបញ្ហាដូចគ្នា ពោលគឺតម្លៃដីក្នុងផ្លែតហ្វមកំពូលៗទាំងនេះ បានធ្លាក់ថ្លៃរហូតដល់ទៅ ៨៥%ឯណោះ បើតាមគេហទំព័រ Coin Telegraph។
ហើយផ្លែតហ្វមដែលធ្លាក់ថ្លៃធ្ងន់ជាងគេ គឹទំនងជាផ្លែតហ្វមពិភពសុប្បនិម្មិតលេខ១ The Sandbox ដោយគិតត្រឹមដើមឆ្នាំ ដីមួយប្លង់ក្នុង The Sandbox មានតម្លៃប្រហែល ៣៥៥០០ដុល្លារ ប៉ុន្ដែគិតមកត្រឹមខែសីហា ឆ្នាំ២០២២នេះ ដីមួយប្លង់ធ្លាក់តម្លៃមកនៅត្រឹមតែ២៨០០ដុល្លារប៉ុណ្ណោះ។
គួរជម្រាបផងដែរថា បើតាមទិន្នន័យពី McKinsey ក៏បានប៉ាន់ប្រមាណថានៅឆ្នាំ ២០៣០ តម្លៃទីផ្សារពិភពសុប្បនិម្មិត Metaverse នឹងកើនឡើងតម្លៃដល់ ៥ប៊ីលានដុល្លារ។ ប៉ុន្ដែយ៉ាងណាក៏ដោយ ការព្យាករណ៍នេះ គឺស្ថិតក្នុងកម្រិតទាបនៅឡើយ ខណៈកាលពីពេលកន្លងទៅគេធ្លាប់រំពឹងថាតម្លៃទីផ្សារពិភពសុប្បនិម្មិត Metaverse នឹងកើនឡើងចន្លោះពី ៨ ទៅ១៣ប៊ីលានដុល្លារអាមេរិក។
(សេដ្ឋកិច្ចពពុះសាប៊ូ ខាងលើ គឺចង់សំដៅទៅលើការបង្កើតជាតម្រូវការក្លែងក្លាយតាមរយៈការសម្រុកទិញទុកចំណេញ ប៉ុន្ដែមិនមែនទិញដើម្បីទុកប្រើ ហើយការធ្វើបែបនេះគឺដើម្បីបង្កើតបានជារូបភាពឱកាសផ្សេងៗ ដែលជំរុញឱ្យតម្រូវការដីក្នុងពិភពសុប្បនិម្មិតមានតម្រូវការលើសលប់ ហើយដល់ចំណុចមួយដែលឡើងថ្លៃច្រើនហើយគេនឹងលក់ចេញដើម្បីយកប្រាក់ចំណេញ ហើយអ្នកលក់ចេញមិនទាន់គឺទឹកភ្នែក។)
ប្រភព៖ Coin Telegraph, Mckinsey