ឧទ្យាននវានុវត្តន៍សង្គមអង្គរ (ASIP) មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា វគ្គផ្តាច់ព្រ័ត្រនៃគម្រោង i-Stories នឹងប្រព្រឹត្តឡើងនាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារសោមាទេវីអង្គរ នៃខេត្តសៀមរាប។
វគ្គផ្ដាច់ព្រ័ត្រនេះជាថ្ងៃប្រកួតប្រជែងយ៉ាងតានតឹងសម្រាប់ម្ចាស់អាជីវកម្មដែលមកពីខេត្តសៀមរាប បាត់ដំបង និងបន្ទាយមានជ័យ ដែលសហគ្រិនទាំង ១៥រូប នឹងឡើងធ្វើបទបង្ហាញអំពីនវានុវត្តន៍នៃអាជីវកម្មរៀងៗខ្លួន។ ថ្ងៃនោះផងដែរក៏ជាឱកាសមួយដ៏ល្អសម្រាប់សហគ្រិន និងអ្នកចូលរួមផ្សេងៗទៀតដើម្បីស្វែងយល់បន្ថែមអំពីនវានុវត្តន៍ និងទំនាក់ទំនងរវាងអេកូឡូស៊ី និងអាជីវកម្មខ្នាតតូច និងមធ្យមឱ្យកាន់តែស៊ីជម្រៅ។
ក្រោមការគាំទ្រពីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និង នវានុវត្តន៍ (MISTI) ឧទ្យាននវានុវត្តន៍សង្គមអង្គរ (ASIP) បានសហការជាមួយកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ Cambodia) ICONE Cambodia សហគ្រិនខ្មែរ (Khmer Enterprise) Khmer Times សាកលវិទ្យាល័យជាតិបាត់ដំបងសាកលវិទ្យាល័យអង្គរ និងចាបខៀវ (Technology Cambodia) ព្រមទាំងដៃគូពាក់ព័ន្ធនានារួមគ្នាបញ្ចូលនូវគុណតម្លៃនៃនវានុវត្តន៍ដល់សហគ្រាសធុនតូច និងមធ្យម ជាពិសេសជម្រុញការកសាងសមិទ្ធផលទៅលើផលិតផល សេវាកម្ម ដែលក្លាយជាចំណែកមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់
កម្ពុជា។
គួរបញ្ជាក់ផងដែរថា នេះគឺជារដូវកាលទី២ នៃគម្រោង i-Stories បន្ទាប់ពីរដូវកាលទី១ បានបញ្ចប់ជាផ្លូវការដោយរលូន។ នៅរដូវកាលនេះ ឧទ្យាននវានុវត្តន៍សង្គមអង្គរ បានសហការជាមួយដៃគូផ្តួច
ផ្តើមគម្រោង i-Stories ដែលជួយសម្រួលដល់សហគ្រាសធុនតូច និងមធ្យមក្នុងការទទួលបានធនធាន ជំនាញ ការគាំទ្រ និងឱកាសចាំបាច់សម្រាប់ការធ្វើនវានុវត្តន៍ក្នុងអាជីវកម្ម ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជារួមផងដែរ។ គំនិតផ្តួចផ្តើមនេះជំរុញឱ្យសហគ្រាសធុនតូច និងមធ្យមគិតឡើងវិញនូវយុទ្ធសាស្ត្រអាជីវកម្ម ជំរុញការបង្កើតថ្មី បង្កើនប្រសិទ្ធភាព និងការប្រកួតប្រជែងទីផ្សាររបស់ពួកគេ។
រយៈពេល ១០ខែកន្លងមកនេះសហគ្រាសទាំង ១៥រូប បានស្វិតស្វែងយ៉ាងខ្លាំងជាមួយក្រុមការងារ i-Stories ដើម្បីរិះរកគំនិតអាជីវកម្មថ្មីៗ ប្លែកៗ ពោរពេញដោយសក្ការនុពល។ ក្រោមការសហការរវាង ឧទ្យាននវានុវត្តន៍សង្គមអង្គរ និងសហគ្រិនខ្មែរ (KE) សហគ្រិនជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់ ១៦ លានរៀល លេខ ២ ទទួលបានប្រាក់រង្វាន់ ១០ លានរៀល និងលេខ ៣ ទទួលបាន ៦ លានរៀល។
ឥឡូវនេះពាក្យចុះឈ្មោះចូលរួមវគ្គផ្ដាច់ព្រ័ត្របានចាប់បើកហើយ! ចូលរួមជាមួយពួកយើងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារសោមាទេវីអង្គរ ខេត្តសៀមរាប ដើម្បីចូលរួមជាចំណែកលើកទឹកចិត្តដល់សហគ្រិនទាំង ១៥ រូប និងទទួលបានការចែករំលែកបទពិសោធន៍ល្អៗពីវាគ្មិនកិត្តិយសពីខាងដៃគូរសហការនានាដូចជាសហគ្រិនខ្មែរ (KE) កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ Cambodia) និងSmart Axiata ផងដែរ។
ចូលរួមទាំងអស់គ្នា ដើម្បីបំផុសគំនិតពីរឿងរ៉ាវជោគជ័យរបស់សហគ្រិន និងដើម្បីអបអរដល់សមិទ្ធផលដ៏គួរឱ្យកត់សម្គាល់របស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងគម្រោង i-Stories នារដូវកាលនេះ!