កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ បើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានឱ្យដឹងថា ក្រុមហ៊ុន Meta កំពុងតែប្រឈមមុខជាមួយនឹងការពិន័យ ១១.៨ពាន់លានដុល្លារ ក្រោយសហភាពអ៊ឺរ៉ុប (EU) បានរកឃើញថា ក្រុមហ៊ុន Meta បានបំពានច្បាប់ការប្រឆាំងនឹងការទុកចិត្ត។
ប្រភពដដែលបានឱ្យដឹងទៀតថា គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់ EU បាននិយាយថា ខ្លួនបានរកឃើញថា Meta បានបំពានច្បាប់ប្រឆាំងការទុកចិត្តរបស់សហភាពអឺរ៉ុប ដោយបង្ខូចទ្រង់ទ្រាយការប្រកួតប្រជែងនៅក្នុងទីផ្សារសម្រាប់ការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិត។
ជាមួយគ្នានេះដែរ សម្រាប់បញ្ហាដែលធ្វើឱ្យគណកម្មធិការ EU កត់សម្គាល់នោះ គឺពាក់ព័ន្ធទៅនឹងមុខងារ Marketplace Service ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដាក់លក់ទំនិញជាមួយនឹងគណនីផ្ទាល់ខ្លួនរបស់ពួកគេ។
បើតាមលោក Margrethe Vestager អនុប្រធានគណៈកម្មការទទួលបន្ទុកគោលនយោបាយប្រកួតប្រជែង EU បានឱ្យដឹងថា «យើងមានការព្រួយបារម្ភថា Meta អាចប្រើប្រាស់ទិន្នន័យរបស់អ្នកប្រើប្រាស់របស់ខ្លួនបែងចែក លក់ពាណិជ្ជកម្មឱ្យអ្នកដាក់លក់ទំនិញក្នុង Facebook Marketplace ករណីលក្ខខណ្ឌការធ្វើពាណិជ្ជកម្មដោយមិនយុត្តិធម៌»។
លោក Margrethe Vestager បានសង្កត់ធ្ងន់ថា ប្រសិនបើ EU បញ្ជាក់ថាករណីមួយនេះពិតជាខុសទៅនឹងច្បាប់របស់ EU មែននោះ ក្រុមហ៊ុន Meta នឹងត្រូវពិន័យ ១១.៨ពាន់លានដុល្លារ៕