ខាតធ្ងន់ណាស់! ខំរត់ទៅរកស៊ីក្នុងពិភពសុប្បនិម្មិត តែ Mark Zuckerberg ជួបបញ្ហាធំខាតទ្រព្យ៧១ពាន់លាន$
Navasiri Morm
SEPTEMBER 20 2022
អាជីវកម្ម 4.0
402 views
2 mins read

បើនិយាយដល់ឈ្មោះ Mark Zuckerberg មនុស្សជាច្រើនប្រហែលជាបានស្គាល់រួចមកហើយថា​ គាត់គឺជាស្ថាបនិកបណ្ដាញសង្គមយក្ស Facebook និងមានងារជាមហាសេដ្ឋីដែលមានជាងគេបំផុតលើលោកមួយរូបផងដែរ។ យ៉ាងណាក៏ដោយ ដូចពាក្យចាស់ថា​ ជីវិតមានឡើងមានចុះ រកស៊ីមានខាតមានចំណេញ ចូលដល់ឆ្នាំ២០២២ គេសង្កេតឃើញថា លោក Mark Zuckerberg ជួបបញ្ហាក្នុងការរកស៊ីច្រើនចាប់តាំងពីដើមឆ្នាំមក។

ជាក់ស្ដែង បើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg បានឱ្យដឹងថា គិតចាប់តាំងពីដើមឆ្នាំ មកដល់ត្រឹមខែកញ្ញា នៃឆ្នាំ២០២២នេះ លោក Mark Zuckerberg បានធ្លាក់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរហូតដល់ទៅ ៧១ពាន់លានដុល្លារ ពោលគឺធ្លាក់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនច្រើនជាងគេក្នុងបណ្ដាមហាសេដ្ឋីទ្រព្យពាន់លានដុល្លារដទៃទៀត។

ដោយឡែក សម្រាប់មូលហេតុដែលធ្វើឱ្យលោកធ្លាក់ទ្រព្យសម្បត្តិច្រើនបែបនេះ គឺដោយសារតែចាប់តាំងពីដើមឆ្នាំមក បញ្ហាសង្គមទូទៅមានដូចជា បញ្ហាជំងឺរាតត្បាតកូវីដ១៩ និងបញ្ហាអតិផរណាជាដើម។ ហើយចំណែកឯ Facebook ដែលជាប្រភពចំណូលធំរបស់ Meta វិញ ក៏ជួបបញ្ហាធ្លាល់ចំនួនអ្នកប្រើប្រាស់ និងធ្លាក់ចំណូលជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ដ្រដែលធ្វើឱ្យអ្នកវិនិយោគផ្អើលលក់ហ៊ុនចេញ រហូតធ្វើឱ្យបាត់តម្លៃហ៊ុន ៣៦០ប៊ីលានដុល្លារត្រឹមរយៈពេល១ថ្ងៃ។

ជាមួយគ្នានេះដែរ បញ្ហាធំមួយទៀតគឺក្នុងមួយឆ្នាំ Meta ខាតលុយ១០ពាន់លានដុល្លារ ដោយសារតែការវិនិយោគទៅលើពិភពសុប្បនិម្មិត Metaverse ដើម្បីបោះជំហានឱ្យបានមុនគេ ខណៈ Mark Zuckerberg មានជំនឿចិត្តថា Metaverse គឺជាទំនោរបច្ចេកវិទ្យាថ្មីដែលមនុស្សនឹងប្រើនាពេលអនាគតដ៏ខ្លីខាងមុខនេះ។

គួរជម្រាបផងដែរថា​ ចាប់តាំងពីចុងឆ្នាំ២០២១ កន្លងមក Mark Zuckerberg បានប្ដូរឈ្មោះទៅជា Meta និងបានងាកទៅផ្ដោតលើពិភពសុប្បនិម្មិត​ Metaverse ដើម្បីចាប់ទំនោរអនាគតមុនគេ។ ប៉ុន្ដែអ្វីដែលជាបញ្ហាការវិនិយោគទៅលើ Metaverse របស់លោក Mark Zuckerberg មិនទាន់ចេញជាផ្លែផ្កា បូករួមនឹងបញ្ហាផ្សេងៗទៀត ជាហេតុធ្វើឱ្យលោក Mark Zuckerberg ធ្លាក់ទ្រព្យច្រើននៅក្នុងឆ្នាំ២០២២នេះ។ យ៉ាងណាក៏ដោយ  ជាធម្មតាការវិនិយោគទៅលើបច្ចេកវិទ្យាថ្មីដូចជា Metaverse បែបនេះ គឺគេមិនទាន់អាចនិយាយបានទេថា តើអនាគតនឹងទៅជាយ៉ាងណា។ ហើយយើងនឹងរង់ចាំមើលបន្ដទៀតថា តើលោក Mark Zuckerberg គិតត្រូវឬគិតខុស ហើយគាត់អាចផ្លាស់ប្ដូរពិភពលោកម្ដងទៀត ដូចជំនាន់បង្កើត Facebook ឬយ៉ាងណា៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia