យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Forbes បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបរបស់លោក Mark Zuckerberg ដែលជាស្ថាបនិកបណ្ដាញស្គមយក្ស Facebook បានកើនទ្រព្យរហូតដល់ទៅ ១២.៤ពាន់លានដុល្លារត្រឹមរយៈពេល១ថ្ងៃ ខណៈកាលពីឆ្នាំ២០២២ កន្លងទៅលោក Mark Zuckerberg បានខាតទ្រព្យអស់រហូតដល់ទៅប្រមាណ ២៧ពាន់លានដុល្លារ ត្រឹមរយៈពេល១ថ្ងៃ។
ប្រភពដែលបានឱ្យដឹងទៀតថា មូលហេតុដែលធ្វើឱ្យទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបរបស់លោក Mark Zuckerberg កើនឡើងខ្លាំងដល់ទៅ ១២.៤ពាន់លានដុល្លារដូច្នេះ គឺដោយសារតែលទ្ធផលនៃសរុបប្រចាំត្រីមាសទី៤ នៃឆ្នាំ២០២២ របស់ក្រុមហ៊ុន Meta ទទួលបានលទ្ធផលល្អ ជាហេតុធ្វើឱ្យតម្លៃហ៊ុនរបស់ក្រុមហ៊ុន Meta មានការកើនឡើងរហូតដល់ទៅ ២៣% ដែលស្មើនឹងប្រមាណ ៦៧.៦ពាន់លានដុល្លារ។
ជាមួយគ្នានេះដែរ សម្រាប់ការកើនឡើងនៃតម្លៃហ៊ុនរបស់ក្រុមហ៊ុន Meta លើកនេះ គឺជាការកើនឡើងដ៏ខ្ពស់បំផុតមួយនៅក្នុងប្រវត្តិសាស្រ្ដក្រុមហ៊ុន Meta ដែលពីមុនមានឈ្មោះថា Facebook ចាប់តាំងពីការបោះលក់ហ៊ុនជាសាធារណៈ (IPO) តាំងតែពីឆ្នាំ២០១២មក។
គួរជម្រាបផងដែរថា បើតាមលោក Mark Zuckerberg បានសរសេរបង្ហោះនៅលើផេកផ្លូវការណ៍របស់លោក បានឱ្យដឹងថា ក្នុងត្រីមាសទី៤ នៃឆ្នាំ២០២២កន្លងទៅនេះ ចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook សកម្មប្រចាំថ្ងៃបានកើនឡើងដល់តួរលេខ ២ពាន់លាននាក់ កើនឡើងជិត១លាននាក់ ខណៈកាលពីត្រីមាសទី៤ នៃឆ្នាំ២០២១ កន្លងទៅអ្នកប្រើប្រាស់ Facebook មាន១.៩ពាន់លាននាក់។
ទន្ទឹមនឹងនេះដែរ សម្រាប់លទ្ធផលនៃត្រីមាសទី៤ នៃឆ្នាំ២០២២ នេះ បាននាំមកនូវឥទ្ធិពលល្អៗ ជាច្រើនសម្រាប់ក្រុមហ៊ុន Meta ក្នុងការចាប់ផ្ដើមដំណើរក្នុងឆ្នាំ២០២៣ ស្របពេលដែលឆ្នាំ២០២២កន្លងទៅក្រុមហ៊ុន Meta បានជួបព្យុះភ្លៀងជាច្រើន ដូចជាការធ្លាក់ចំនួនអ្នកប្រើ និងធ្លាក់ចំណូលជាលើកដំបូងក្នុងប្រវត្តិសាស្ដ្រនៃការរកស៊ីរបស់ខ្លួនជាដើម៕