បាត់មុខ3ឆ្នាំ! ឥឡូវសេដ្ឋីបច្ចេកវិទ្យាចិន Jack Ma កំពុងពួនអាត្មាធ្វើគ្រូបង្រៀនមុខជំនាញទាំងនេះនៅជប៉ុន
Navasiri Morm
MAY 5 2023
អាជីវកម្ម 4.0
349 views
1 min read

បើនិយាយពីអ្នកសហគ្រិនបច្ចេកវិទ្យាចិន គេប្រាកដជាមិនអាចរំលងបានទេនូវឈ្មោះរបស់មហាសេដ្ឋីមាឌល្អិតចិត្តធំគឺលោក Jack Ma ដែលជាស្ថាបនិកអាណាចក្រផ្សារអេឡិចត្រូនិកយក្សអាស៊ី Alibaba។ យ៉ាងណាក៏ដោយ ក្រោយពីប្រកាសចូលនិវត្តន៍បានមួយឆ្នាំពោលគឺចាប់តាំងពីឆ្នាំ២០២០មក គេសង្កេតឃើញថាលោក Jack Ma ហាក់មិនសូវបង្ហាញវត្តមានក្នុងទីសាធារណៈចែករំលែកចំណេះដឹង និងមិនសូវមានសកម្មភាពច្រើនដូចមុននោះឡើយ រហូតមកដល់ខែមេសា ឆ្នាំ២០២៣កន្លងទៅនេះ ទើបតែលិចឮដំណឹងថា មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ បានលិចមុខនៅឯប្រទេសជប៉ុន សម្ងំធ្វើជាគ្រូបង្រៀនផ្ទេរចំណេះដឹងដល់សិស្សរបស់ខ្លួនជំនួសវិញ។

ជាក់ស្ដែង បើតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider បានឱ្យដឹងថា លោក Jack Ma បាននឹងកំពុងតែធ្វើជាគ្រូបង្រៀននៅសាកលវិទ្យាល័យ Tokyo College ប្រទេសជប៉ុន។ បន្ថែមពីនេះទៀត លោក Jack Ma រំពឹងថា សាកលវិទ្យាល័យមួយនេះ នឹងជាកន្លែងដែលលោកអាចធ្វើការស្រាវជ្រាវទៅលើកបច្ចេកវិទ្យាកសិកម្មប្រកបដោយនិរន្ដភាព និងផលិតកម្មស្បៀងអាហារ។

ប្រភពដដែលបានឱ្យដឹងទៀតថា សម្រាប់ការងារជាសាស្រ្ដាចារ្យនៅសាកលវិទ្យាល័យជប៉ុននេះ លោក Jack Ma បានមានប្រសាសន៍ថា «លោកចង់ចែករំលែកបទពិសោធន៍ជោគជ័យរបស់លោក ពាក់ព័ន្ធនឹងសហគ្រិនភាព ការគ្រប់គ្រងសហគ្រាស និងគំនិតនវានវត្តន៍» ទៅសិស្សានុសិស្សនៅសាកវិទ្យាល័យ University of Tokyo។

គួរជម្រាបផងដែរថា លោក Jack Ma គឺជាសហគ្រិនបច្ចេកវិទ្យាមួយរូបដែលពិភពលោកទទួលស្គាល់ ដែលបានកសាងអាណាចក្រផ្សារអេឡិចត្រូនិច Alibaba។ ហើយរូបលោកបានប្រកាសចូលនិវត្តន៍នៅក្នុងឆ្នាំ២០១៩ ខណៈបច្ចុប្បន្ននេះ លោកមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបរហូតដល់ទៅ ២៣.៤ពាន់លានដុល្លារ៕

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia