កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៤ ក្រុមហ៊ុន Huawei Cambodia បានរៀបចំកម្មវិធីប្រកួតប្រជែងថតរូបទេសចរណ៍ថ្នាក់ជាតិ ដោយសហការជាមួយនឹងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាយើង ក្នុងគោលដៅជួយជម្រុញវិស័យទេសចរណ៍ ជាពិសេសចូលរួមជាមួយនឹងយុទ្ធនាការទាក់ទាញភ្ញៀវទេសចរណ៍ទៅទស្សនាខេត្តសៀមរៀប Visit Siam Reap 2024។
ថ្លែងសុន្ទរកថាបើកកម្មវិធី ដោយមានការចូលរួមពីគណអធីបតី និង បេក្ខភាពប្រកួតប្រជែងថតរូប ឯកឧត្តម មាន ឥស្សរាយស ទីប្រឹក្សា និង សមាជិកខុទ្ធកាល័យក្រសួងទេសចរណ៍ បានសម្ដែងពីសេចក្ដីសោមនស្សរីករាយក្នុងការសហការជាមួយក្រុមហ៊ុន Huawei បង្កើតនូវកម្មវិធីនេះឡើង ជាចំណែកមួយក្នុងការប្រើប្រាស់សិល្បៈរូបថតជម្រុញវិស័យទេសចរណ៍ស្រុកយើងជាពិសេសនៅខេត្តសៀមរាបតែម្ដង។
កម្មវិធីវិធីឆ្នាំនេះត្រូវបានប្រព្រឹត្តិឡើងក្រោមប្រធានបទធំ “ទស្សនាសៀមរាប” ដោយការប្រកួតនេះនឹងផ្ដោតទៅលើប្រធានបទធំៗចំនួន ៣ប្រភេទគឺ អាហារ វប្បធម៌ និង ការធ្វើដំណើរ ដោយបេក្ខជនធ្វើយ៉ាងណា ថតរូបនៅភ្នំពេញបង្កប់អត្ថន័យផ្ដោតលើប្រធានបទហើយ ទាក់ទាញភ្ញៀវទេសចរណ៍ទៅកាន់ខេត្តសៀមរាប។
ក្រោយទទួលបានការណែរនាំ ក្រុមហ៊ុន Huawei ធ្វើការផ្ដល់ជូននូវស្មាតហ្វូនកម្រិតខ្ពស់របស់ខ្លួន Huawei P60 Pro ប្រមាណ៣០គ្រឿងដល់បេក្ខជនដែលជាជម្រើសសម្រិតសម្រាំងយ៉ាងពិសេសក្នុងចំណោមបេក្ខជន ៤០០ នាក់ ដើម្បីធ្វើជាឧបករណ៍ប្រើប្រាស់ឲ្យបេក្ខជនខ្ចីយកចេញទៅផ្ដិតយករូបភាពប្រកបដោយអត្ថន័យ យកមកប្រកួតប្រជែងរកជ័យលាភី ប្រកបដោយតម្លាភាព។
នារសៀលថ្ងៃដដែល លោកស្រី Nancy Zhang នាយកផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន Huawei Cambodia បានថ្លែងសុន្ទរកថាបិទកម្មវិធី ដោយលោកស្រីមានប្រសាសន៍ថា៖ “ក្រុមហ៊ុន Huawei មានសេចក្ដីរីករាយក្នុងការសហការជាមួយក្រសួងទេសចរណ៍ដើម្បីបង្កើតកម្មវិធីនេះឡើង ហើយខ្ញុំសង្ឃឹមថាតាមរយៈកម្មវិធីនេះ Huawei បានចូលរួមចំណែកក្នុងការជម្រុញវិស័យទេសចរណ៍ខ្មែរ ហើយប្ដេជ្ញាថា Huawei នឹងបង្កើត ឬចូលរួមកម្មវិធីល្អៗបែបនេះបន្ថែមទៀត”។
ជាចុងក្រោយ ឯកឧត្តម មាន ឥស្សរាយស បានធ្វើការកោតសរសើរដល់អ្នកចូលរួមប្រកួតដែលមានការតាំងចិត្ត ខ្លះឡើងមកពីខេត្ត បើទោះជាជាប់ឬធ្លាក់ក៏ដោយក៏សុទ្ធសឹងតែជាអ្នកពូកែ និង ចូលរួមចំណែកជួយដល់វិស័យទេសចរណ៍ខ្មែរយើងតាមរយៈរូបភាពដែលពួកគាត់បានផលិតចេញ។
ឯកឧត្តម បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Huawei ដែលជាដៃគូរដ៏ល្អ ជាពិសេសសម្រាប់ឧបករណ៍ និង បច្ចេកវិទ្យាល្អៗ ហើយសង្ឃឹមថា នឹងមានការសហការផ្សេងទៀតដើម្បីភាពរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជានិងវិស័យផ្សេងៗទៀត។
គូសបញ្ជាក់ផងដែរថា កម្មវិធីប្រកួតថតរូប Xmage Photo Contest របស់ក្រុមហ៊ុន Huawei Cambodia គឺជាកម្មវិធីប្រកួតប្រជែងថតរូបថ្នាក់ជាតិដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពជា ដោយស្ថិតក្រោមរូបភាពជារួមទៅលើការបង្ហាញពី ទស្សនីយភាព និង ភាពច្នៃប្រឌិតរបស់អ្នកថតរូបកម្ពុជាយើងទៅកាន់ពិភពលោក ព្រមទាំងចូលរួមចំណែកជម្រុញវិស័យទេសចរណ៍នៅកម្ពុជាផងដែរ៕