សម្រាប់អ្នកដែលមានគំនិតចាប់ផ្ដើមអាជីវកម្ម (Startup) ហើយខ្វះទុនរកស៊ី ពេលនេះលោក Keisuke HONDA គ្រូជម្រើសជាតិបាល់ទាត់កម្ពុជា បានធ្វើការបង្កើតផ្លែតហ្វមមួយដែលមានឈ្មោះថា « PROTOCOL» ដែលជាកន្លែងមួយប្រមូលផ្ដុំអ្នកវិនិយោគគិន ជប៉ុន អាស៊ី និងវិនិយោគិនទូទាំងពិភពលោក ឱ្យមកជួបគ្នាជាមួយអ្នកមានគំនិតចាប់ផ្ដើមអាជីវកម្ម ដើម្បីវិនិយោគ។
យោងតាមគេហទំព័រផ្លូវការណ៍របស់ PROTOCOL បានឱ្យដឹងថា ផ្លែតហ្វមដែលលោក HONDA បានបង្កើតឡើងនេះ គឺត្រូវបានដាក់ឱ្យប្រើសាកល្បងជាង ៦ខែមកហើយ ប៉ុន្ដែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺផ្លែតហ្វមមួយនេះបានទាក់ទាញអ្នកប្រើប្រាស់បានប្រមាណ ២ពាន់នាក់ និងមកពី៥០ប្រទេស ដោយក្នុងនោះ គេឃើញមានវត្តមានក្រុមហ៊ុនវិនិយោគយក្សជប៉ុន SoftBank Vision Fund ក៏បានចូលប្រើផ្លែតហ្វមនេះដែរ។
លោក HONDA ប្រធានប្រតិបត្តិនៃ PROTACOL បានប្ដេជ្ញាថា លោកនឹងជំរុញផ្លែតហ្វមនេះ ឱ្យក្លាយជាស្ពានភ្ជាប់រវាងអ្នកមានគំនិតចាប់ផ្ដើមអាជីវកម្ម និងវិនិយោគគិន ទាំងនៅជប៉ុន អាស៊ីនឹងពិភពលោក ឱ្យបានជួបសហការគ្នា។ ហើយសម្រាប់លោក HONDA ផ្ទាល់បើគិតមកទល់នឹងពេលនេះលោកបានជួបសម្ភាសន៍ជាមួយនឹងម្ចាស់អាជីវកម្មដែលខ្វះទុនជាច្រើន ហើយលោកក៏បានវិនិយោគទៅលើក្រុមហ៊ុនប្រមាណ១០ រួចមកហើយដែរ។
យ៉ាងណាមិញ មុនពេលមកបង្កើតផ្លែតហ្វម PROTACOL នេះ កាលពីឆ្នាំ២០១៦ កន្លងទៅ លោក HONDA ធ្លាប់បានបង្កើតមូនិធិសម្រាប់វិនិយោគទៅលើអាជីវកម្មបង្កើតថ្មីមួយដែលមានឈ្មោះថា «KSK Angel Fund»។ ហើយក្នុងឆ្នាំ២០១៨ លោក HONDA បានសហការជាមួយនឹងតារាសម្ដែងហូលីវ៉ូតល្បីឈ្មោះគឺលោក Will Smith បង្កើតក្រុមហ៊ុនវិនិយោគមួយដែលមានឈ្មោះថា Dreamers Fund។
បើគិតចាប់តាំងពី បង្កើតមូលនិធិទាំងពីរខាងលើនេះ លោក HONDA បានវិនិយោគទៅលើក្រុមហ៊ុនចាប់ផ្ដើមថ្មីជាង ១៨០ក្រុមហ៊ុនរួចមកហើយ។ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺក្នុង ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅថ្មីនេះ មានក្រុមហ៊ុនចំនួន៩០ ដែលទទួលបានទុនវិនិយោគពីមូលនិធិ «KSK Angel Fund» អាចរកចំណូលមកវិញបានហើយ។
គួរជម្រាបផងដែរថា ផ្លែតហ្វម PROTACOL ដែលលោក Keisuke HONDA គឺលោក មានគោលដៅធ្វើវាឱ្យទៅជាចំណុចកណ្ដាលមួយ ប្រមូលផ្ដុំអ្នកដែលមានគំនិតចាប់ផ្ដើមអាជីវកម្មដែលត្រូវការទុន និងអ្នកវិនិយោគគិនតូចធំទាំងនៅជប៉ុន អាស៊ី និងពិភពលោក ឱ្យមកជួបសហការគ្នា។ យ៉ាងណាមិញ សម្រាប់បងប្អូនខ្មែរដែលមានគំនិតចាប់ផ្ដើមអាជីវកម្ម (Startup) ក៏អាចមកចុះឈ្មោះរកទុននៅលើផ្លែតហ្វម PROTACOL បានដែរ៕
អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ (FB: Navasiri Morm; Telegram: 0966034563)