មេ Google ភ័យហៅបុគ្គលិកធ្វើ AI ព្រោះខ្លាច ChatGPT ដណ្ដើមឆ្នាំបាយ បាត់លុយ២០៨ពាន់លាន$
Navasiri Morm
JANUARY 12 2023
អាជីវកម្ម 4.0
4.6 K views
2 mins read

មួយរយៈចុងក្រោយនេះអ្នកប្រើប្រាស់អ៊ីនធឺណិតស្ទើរតែមួយពិភពលោកបាននាំគ្នាផ្អើលប្រើប្រាស់ ChatGPT របស់ក្រុមហ៊ុន OpenAI ដែលជា Chatbot AI ដ៏ឆ្លាតវៃមួយអាចឆ្លើយគ្រប់សំណួរបានស្ទើតែដូចមនុស្សកំពុងតែឆ្លងឆ្លើយគ្នាពិតៗ ពោលគឺលទ្ធផលនៃការសួរសំណួរផ្សេងៗ តាមរយៈ ChatGPT ទទួលបានលទ្ធផលមិនអន់ជាងការសួរសំណួរ ឬស្វែងរកអ្វីមួយលើ Google Search នោះឡើយ។

147

ស្របពេលដែលមនុស្សជាច្រើនហាក់កំពុងតែរំភើបជាមួយនឹងវត្តមានរបស់ ChatGPT ខាងក្រុមហ៊ុន Google ឯណោះបែរជាកើតមានការព្រួយបារម្ភទៅវិញ ស្របពេលដែល ChatGPT ទំនងជាអាចដណ្ដើមអ្នកប្រើប្រាស់ពី Google Search ដែលអាចនឹងធ្វើឱ្យមានផលប៉ះពាល់ដល់ចំណូលនៃអាជីកម្មរបស់ខ្លួន ខណៈចំណូលបានពីការលក់ពាណិជ្ជកម្មនៅលើ Google សរុបកាលពីឆ្នាំមុនមានរហូតដល់ទៅ ២០៨ពាន់លានដុល្លារ ដែលស្មើរនឹងប្រមាណ ៨១%នៃចំណូលសរុបរបស់ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន New York Time។

ប្រភពដែលបានឱ្យដឹងទៀតថា​ ក្រោយមានមនុស្សជាច្រើនបាននាំគ្នាផ្អើលទៅប្រើ ChatGPT លោក Sundar Pichai ដែលជា CEO នៃក្រុមហ៊ុន ​Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google បានប្រកាសហៅបុគ្គលិកផ្នែក AI របស់ខ្លួនមកប្រជុំគ្នា និងជំរុញឱ្យប្រញ៉ាប់រៀបចំយុទ្ធសាស្រ្ដបង្កើតបច្ចេកវិទ្យា AI ដើម្បីទប់ទល់ផលប៉ះពាល់ពី ChatGPT មកលើអាជីវកម្ម Search Engine របស់ខ្លួន។

145

ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Google ត្រូវបានដាក់ការងារឱ្យទៅធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍បង្កើតផលិតផលបច្ចេកវិទ្យា​ AI ផ្សេងៗ ដោយអ្នកខ្លះត្រូវបានផ្ដល់ភារកិច្ចឱ្យទៅស្រាវជ្រាវផលិត AI ដែលអាចបង្កើតស្នាដៃជាការងារ កើតសិល្បៈ និងក្រាហ្វិក ស្រដៀងទៅកម្មវិធី DALL-E របស់ក្រុមហ៊ុន OpenAI's ធ្វើនាពេលបច្ចុប្បន្ន ដែលមានមនុស្សប្រើរាប់លាននាក់។

គួរជម្រាបផងដែរថា OpenAI Inc. គឺជាក្រុមហ៊ុនពិសោធន៍ស្រាវជ្រាវបញ្ញាសិប្បនិម្មិតដ៏ល្បីល្បាញមួយដែលបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៥។ ហើយរឿងដែលគួរឱ្យចាប់អារម្មណ៍នោះ គឺកម្មវិធី ChatGPT របស់ OpenAI ទំនងអាចក្លាយជាដៃគូរប្រគួតប្រជែងដណ្ដើមអ្នកប្រាប់ពី Google Search។​ យ៉ាងណាក៏ដោយ ដោយមានការចាត់នូវយន្ដការក្ដៅៗ ពីលោក Sundar Pichai ដូច្នេះ ក្រុមហ៊ុន Goolge អាចនឹងបញ្ចេញ បច្ចេកវិទ្យា AI ណាមួយឱ្យយើងតេស្ដប្រើនៅក្នុងឆ្នាំ២០២៣នេះ។​ ហើយយើងនឹងរង់ចាំមើលទាំងអស់គ្នាថាតើវត្តមានរបស់ ChatGPT ពិតជាមកដណ្ដើមអ្នកប្រើប្រាស់ពី Google បានមែនឬយ៉ាងណា ហើយក្រុមហ៊ុន Google នឹងដោះស្រាយបញ្ហាទាំងនេះដោយរបៀបណា៕

អានអត្ថបទនេះបន្ថែម​ ដើម្បីដឹងពីរបៀបចុះឈ្មោះប្រើ ChatGPT សម្រាប់អ្នកនៅខ្មែរ៖ ចុចទីនេះ

146

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team