ក្រុមហ៊ុនលំដាប់ពិភពលោកធំៗដែលរកស៊ីលើប្រព័ន្ធអនឡាញ ដូចជា Facebook និង Netflix បានចាប់ផ្ដើមចូលមកទាក់ទងចុះបញ្ជីជាមួយនឹងអគ្គនាយកដ្ឋានពន្ធដារកម្ពុជា ដើម្បីអនុវត្តទៅលើការបង់ពន្ធអាករបន្ថែម VAT។ នេះបើតាម ឯកឧត្ដម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងនៅក្នុងកម្មវិធីពិសេសស្តីពី ពន្ធលើប្រាក់ចំណូល និងព្រឹត្តិការណ៍ថ្មីៗ របស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
ឯកឧត្ដម គង់ វិបុល បានឱ្យដឹងទៀតថា អគ្គនាយកដ្ឋានពន្ធដារកម្ពុជា នឹងចាប់ផ្តើមអនុវត្តការប្រមូលពន្ធលើការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិចទៅលើក្រុមហ៊ុនទាំងនោះ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ។
ឯកឧត្ដម បានបន្ដទៀតថា ដោយសារតែមិនទាន់ត្រៀមខ្លួនរួចរាល់ ក្រុមហ៊ុនពាណិជ្ជកម្មតាមអេឡិចត្រូនិចខាងលើ បានស្នើពេល៣ខែ ដើម្បីរៀបចំឯកសារ ។ ហើយដោយសារតែយើងមើលឃើញថា ក្រុមហ៊ុនទាំងនោះមកដោយត្រឹមត្រូវ ខាងអគ្គនាយកដ្ឋានពន្ធដារ ក៏បានធ្វើការស្នើរទៅកាន់រាជរដ្ឋាភិបាលដើម្បីពន្យាពេលឱ្យក្រុមហ៊ុនទាំងនោះ ហើយរដ្ឋាភិបាលបានអនុញ្ញាតហើយ។
គួរជម្រាបផងដែរថា អគ្គនាយកដ្ឋានពន្ធដារ នឹងអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ តទៅ ដើម្បីប្រមូលចំណូលពន្ធបន្ថែម (VAT) ពីការធ្វើពាណិជ្ជកម្មតាមអនឡាញ៕
អត្ថបទដោយ៖ Navasiri Morm