កាលពីពេលថ្មីៗនេះ លោក Mark Zuckerberg បានប្រកាសថា នៅឆ្នាំក្រោយ អ្នកប្រើប្រាស់ Facebook និង Instagram ទាំងអស់នឹងឃើញផុស ពីផេក ឬគណនីដែលខ្លួនមិនបានតាមដាន ៣០% តាមរយៈប្រព័ន្ធដែលហៅថា «Discovery Engin» ដើម្បីឱ្យមនុស្សភ្ជាប់ទំនាក់ទំងនជាមួយគ្នាបានកាន់តែច្រើនជាងមុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tech Crunch។
ប្រភពដដែលបានឱ្យដឹងទៀតថា សម្រាប់ Discovery Engin នេះ គឺជាប្រព័ន្ធបញ្ហាសុប្បនិម្មិត AI ដែលដើរតួនាទីជាអ្នករុញផុសណាដែលវាសិក្សាឃើញថាអ្នកប្រើចូលចិត្តមើល បញ្ចូនទៅឱ្យអ្នកប្រើប្រាស់ម្នាក់ៗបានឃើញ។ ដោយរចនាបទនៃ AI ដែល Mark Zuckerberg ត្រៀមធ្វើបច្ចុប្បន្នភាពទៅលើ Facebook និង Instagram នេះ ត្រូវបានគេរកឃើញថា ជាប្រព័ន្ធដ៏ពេញនិយមមួយដែលមានប្រើនៅលើ TikTok។ ជាក់ស្ដែងប្រព័ន្ធ Algorithm AI របស់ TikTok ធ្វើការបញ្ជូនវីដេអូណាមួយដែលវាសិក្សាឃើញថា អ្នកប្រើម្នាក់ៗចូលចិត្ត ទោះបីជាអ្នកប្រើមិនបានតាមដាន (Follow) គណនី TikTok នោះក៏ដោយ។
ការប្រកាសផែនការបង្ហាញផុសដែលអ្នកប្រើប្រាស់មិនបានតាមដាន ៣០% នេះ ត្រូវបានធ្វើឡើងក្រោយ ក្រុមហ៊ុន Meta ប្រកាសពីការបំបែក News Feed នៅលើបណ្ដាញសង្គម Facebook ជាពីរ ពោលគឺត្រឡប់ទៅបែបចាស់មួយដែលអាចកំណត់ឱ្យបង្ហាញតែផុសរបស់មនុស្សឬផេកដែលខ្លួនបានតាមដាន និងមួយទៀតឈ្មោះថា Home គឺបង្ហាញតែដែល Facebook គិតថាសាកសមឬអ្នកប្រើម្នាក់ម្នាក់ៗចូលចិត្តមើល។
គួរជម្រាបផងដែរថា នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២២នេះ ចំណូលរបស់ Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram ជួបការធ្លាក់ចុះជាលើកដំបូងក្នុងប្រវត្តិសាស្រ្ដ ពោលគឺធ្លាក់ចុះ១%។ ហេតុនេះទើបបានជាយើងឃើញថា មួយរយៈចុងក្រោយនេះ លោក Mark Zuckerberg ដែលជា CEO ក្រុមហ៊ុន Meta បានប្រកាសចេញនូវផែនការណ៍ក៏ដូចជាកំណែទម្រង់ថ្មីៗ ជាច្រើនទៅលើក្រុមហ៊ុនរបស់ខ្លួន ដើម្បីយកឈ្នះដៃគូប្រគួតប្រជែង និងរក្សាតំណែងឱ្យ Facebook ជាប់ជាបណ្ដាញសង្គមលេខ១ លើលោកដដែល៕