ក្ដៅក្រហាយរឿងចុះព័ត៌មានមិនពិត! ឥឡូវ Elon Musk ដុកឱ្យប្រពន្ធមិត្តសម្លាញ់ស្លាប់រស់ ប្ដឹងសារព័ត៌មានធំ១ នៅអាមេរិក
Navasiri Morm
AUGUST 1 2022
អាជីវកម្ម 4.0
299 views
2 mins read

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ Business Insider បានឱ្យដឹងថា មហាសេដ្ឋីលេខ១ពិភបលោក លោក Elon Musk បានជំរុញឱ្យប្រពន្ធរបស់លោក Sergey Brin ដែលជាសហស្ថាបនិកក្រុមហ៊ុនយក្ស Google ឱ្យធ្វើការដាក់ពាក្យប្ដឹងក្រុមហ៊ុនសារព័ត៌មានល្បីឈ្មោះអាមេរិក Wall Street Journal ពីបទចុះផ្សាយព័ត៌មានមិនពិត។

ប្រភពដដែលបានឱ្យដឹងទៀតថា​ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ខាងសារព័ត៌មាន Wall Street Journal បានធ្វើការចុះផ្សាយថា ទំនាក់ទំនាក់រវាងលោក Sergey Brin និងលោក​ Elon Musk មានការប្រេះឆា ហើយលោក Sergey Brin ប្រុងលក់ហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុន Tesla ចោលទាំងអស់ ដោយសារតែលោក Elon Musk លួចមានទំនាក់ទំនងស្នេហាជាមួយប្រពន្ធរបស់លោក។

យ៉ាងណាមិញ ក្រោយពីដឹងព័ត៌មានមួយនេះ លោក Elon Musk បានធ្វើការបង្ហោះនៅលើគណនី Twitter របស់ខ្លួននិងច្រានចោលការចុះផ្សាយរបស់ Wall Street Journal ទាំងស្រុង។ ហើយប៉ុន្មានថ្ងៃក្រោយមកលោក Elon Musk ថែមទាំងបានបង្ហោះរូបរបស់លោក ជាមួយនឹងមិត្តសម្លាញ់របស់ខ្លួនដែលកំពុងតែដើរលេងជាមួយលោក Sergey Brin ដើម្បីបង្ហាញពីភាពស្អាតស្អំ និងបញ្ជាក់ទំនាក់ទំនងរវាងអ្នកទាំងពីរនៅតែល្អនឹងគ្មានដដែល។ ហើយកាលពីពេលថ្មីៗនេះ លោក Elon Musk ថែមទាំងបានជំរុញឱ្យប្រពន្ធរបស់លោក Sergey Brin ធ្វើការដាក់ពាក្យប្ដឹងក្រុមហ៊ុនសារព័ត៌មាន Wall Street Journal ថែមទៀតផង។

គួរជម្រាបផងដែរថា លោក Elon Musk និងលោក Sergey Brin គឺជាមិត្តសម្លាញ់នឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ហើយអ្វីដែលកាន់តែពិសេសនោះ នៅពេលដែលក្រុមហ៊ុន Tesla របស់លោក Elon Musk ជួបវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ២០០៨ លោក Sergey Brin ដែលជាមិត្តសម្លាញ់មិនមើលនោះឡើយ ពោលគឺលោកបានបោះទុនវិនិយោគរហូតដល់ទៅកន្លះលានដុល្លារឯណោះ ដែលលុយនេះគឺជាផ្នែកមួយជួយឱ្យ Tesla បន្ដដំណើរមកដល់សព្វថ្ងៃ រហូតក្លាយជាក្រុមហ៊ុនផលិតរថយន្ដអគ្គសិនីឈានមុខគេលើពិភពលោក៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia