កាលពីពេលថ្មីៗនេះ សហភាពអឺរ៉ុប បានប្រកាសចេញសេចក្ដីសម្រេចជាផ្លូវការ កំណត់ឱ្យគ្រប់ឧបករណ៍អេឡិចត្រូនិចទាំងអស់ ត្រូវងាកមកប្រើរន្ធសាកថ្ម USB C ទាំងអស់នៅត្រឹមឆ្នាំ២០២៤ ពោលគឺ គ្រប់ទូរសព្ទ និងឧបករណ៍អេឡិចត្រូនិចទាំងអស់ ត្រូវតែងាកមកប្រើ USB C ទើបអាចលក់នៅក្នុងទីផ្សារអឺរ៉ុបទាំងមូលបាន ហើយលើកលែងតែឧបរកណ៍អេឡិចត្រូនិចតូចៗ ដូចជានាឡិកា SmartWatch ដែលមានទំហំតូចពិបាកដាក់ USB C ចូល និងលែកលែង សម្រាប់កុំព្យូទ័រ Laptop ដែលសភាអឺរ៉ុបមិនទាន់បានកំណត់ឆ្នាំឱ្យងាកមកប្រើ USB C។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
ប្រភពដដែលបានឱ្យដឹងទៀតថា សម្រាប់គ្រឿងអេឡិចត្រូនិចដែលត្រូវតែប្រើប្រាស់ USB C សុទ្ធនៅត្រឹមឆ្នាំ២០២៤ រួមមាន៩ឧបករណ៍អេឡិចត្រូនិចដូចខាងក្រោម៖
ដោយឡែក សម្រាប់មូលហេតុដែលសហភាពអឺរ៉ុបសម្រេចកំណត់ឱ្យងាកទៅប្រើ USB C សុទ្ធដូច្នេះ គឺដោយសារតែ ចង់ជួយកាត់បន្ថយចំណាយដល់អ្នកប្រើប្រាស់ ពោលគឺទិញតែខ្សែសាកមួយ អាចប្រើបានគ្រប់ឧបរកណ៍។ លើសពីនេះ សម្រាប់ហេតុផលមួយផ្សេងទៀត គឺដើម្បីកាត់បន្ថយការបំពុលបរិស្ថាន ខណៈនៅពេលដែលមនុស្សត្រូវប្រើខ្សែសាកច្រើនប្រភេទ គេក៏ត្រូវផលិតច្រើនដូចគ្នា ហើយការងាកមកប្រើខ្សែសាកតែមួយដែលអាចសាកបានគ្រប់ឧបករណ៍ នឹងជួយកាត់បន្ថយការផលិតខ្សែរសាក ដែលអាចឈានដល់ការកាត់បន្ថយការបំពុលបរិស្ថាន។ បន្ថែមពីនេះទៀត ការប្រើប្រាស់ USB C ក៏អាចជួយឱ្យអ្នកប្រើប្រាស់បញ្ចូលថ្ម ក៏ដូចជាផ្ទេរឯកសារបានលឿនផងដែរ។
គួរជម្រាបផងដែរថា សម្រាប់ការងារទៅប្រើប្រាស់ USB C សុទ្ធនេះ គឺនឹងចាប់ផ្ដើមអនុវត្តនៅក្នុងឆ្នាំ២០២៤ នៅក្នុងទីផ្សារអឺរ៉ុបមុនគេ។ ប៉ុន្ដែយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ បច្ចេកវិទ្យាមួយផ្នែកធំ គឺចេញអឺរ៉ុប ហេតុនេះស្របពេលដែលអឺរ៉ុបបត់ទៅមុន អនាគតប្រទេសផ្សេងក្រៅពីអឺរ៉ុបក៏អាចនឹងត្រូវប្រើ USB C ដូចគ្នាដែរ។
ដោយឡែក សម្រាប់ក្រុមហ៊ុនដែលរកផលប៉ះពាល់ខ្លាំងជាងគេ ដោយសារតែការផ្លាស់ប្ដូរមួយនេះ គឺ Apple ដោយសារតែកាលពីពេលកន្លងមក Apple មិនសូវបត់ទៅប្រើ USB C នោះទេ ប៉ុន្ដែ Apple បែរជាបន្ដប្រើរន្ធសាកថ្ម Port Lighting ទាក់ទងនឹងបញ្ហាប្រាក់ចំណេញ។ ទោះបីជាយ៉ាងនេះក្ដី ទីបំផុត Apple នៅតែត្រូវបត់តាមព្រោះច្បាប់ខាងសហភាពអឺរ៉ុបបានចែង ហើយក្រុមហ៊ុនផ្សេងគេអនុវត្តរឿងនេះដូចគ្នា៕
ប្រភព៖ BBC, Macrumors, Computer World