កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Be Group បានធ្វើការខ្ចីលុយ ៦០លានដុល្លារ ពីធនាគារ Deutsche Bank ដើម្បីយកទៅប្រើប្រាស់ក្នុងការប្រគួតប្រជែងជាមួយអ្នកលេងធំៗ ក្នុងវិស័យដឹកជញ្ជូន នៅក្នុងទីផ្សារប្រទេសវៀតណាម រួមមាន Grab និង Gojek ជាដើម។ ស្របពេលដែលបច្ចុប្បន្ននេះ ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់សុទ្ធតែជួបបញ្ហាមួយចំនួនដូចៗគ្នា នៅក្នុងទីផ្សារប្រទេសវៀតណាម រួមមាន បញ្ហាជំងឺរាតត្បាតកូវីដ១៩ និងការកើនឡើងនៃតម្លៃសាំង។
ប្រភពដដែលបានឱ្យដឹងទៀតថា ក្រុមហ៊ុន Be Group នឹងយកលុយមួយដុំធំ ៦០លានដុល្លារនេះ ទៅពង្រីកអាជីវកម្មរបស់ខ្លួនទៅលើ ៣ផ្នែកធំៗ គឺទី១ ទិញការទិញបន្ថែមនូវម៉ូតូ និងឡានសម្រាប់ដឹកទំនិញ និងអតិថិជន ទី២ ពង្រីកសេវាដឹកជញ្ជូនម្ហូបអាហារ និងទី៣ ពង្រីកទៅសេវាកម្មធនាគារឌីជីធលរបស់ខ្លួន ខណៈក្រុមហ៊ុន Be Group អាចមានជម្រើសខ្ចីធនាគារ ៤០លានដុល្លារបន្ថែមទៀត ដើម្បីពង្រីកអាជីវកម្ម។ ហើយខាងក្រុមហ៊ុនរំពឺងថា នឹងអាចរកចំណូលត្រឡប់មកវិញ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ។
គួរជម្រាបផងដែរថា ក្រុមហ៊ុន Be Group គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដឹកជញ្ជូនមួយ ដែលបានបង្កើតឡើង ដោយលោក Minh T Nguyen នៅក្នុងឆ្នាំ២០១៨។ ហើយបច្ចុប្បន្ននេះ Be Group គឺជាក្រុមហ៊ុនរកស៊ីក្នុងវិស័យបច្ចេកវិទ្យាដឹកជញ្ជូនដ៏ធំមួយ នៅក្នុងទីផ្សារប្រទេសវៀតណាម ដែលកំពុងតែប្រឈមមុខប្រគួតប្រជែងដណ្ដើមម៉ូយគ្នា ជាមួយនឹងក្រុមហ៊ុនខ្លាកំណាចធំៗ ដូចជា Grab និង Gojek ជាដើម៕