យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google បានសម្រេចធ្វើការបញ្ឈប់បុគ្គលិក ១២០០០នាក់ ស្មើនឹងប្រមាណ៦% នៃបុគ្គលិកសរុបរបស់ខ្លួន ខណៈការបញ្ឈប់បុគ្គលិកក្នុងចំនួនដ៏ច្រើននេះ ត្រូវបានគេចាត់ទុកថាជាការបញ្ឈប់បុគ្គលិកច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្ដ និងបានធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បុគ្គលិកដែលធ្វើការក្រោមដំបូលរបស់ Alphabet ទូទាំងពិភពលោក។
ប្រភពដដែលបានឱ្យដឹងទៀតថា បើតាមលោក Sundar Pichai ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Alphabet បានឱ្យដឹងថា រយៈពេល២ឆ្នាំកន្លងមកនេះ ដែលជាអំឡុងពេលផ្ទុះឡើងនៃកូវីដ១៩ មនុស្សម្នាចាប់ផ្ដើមនាំគ្នាងាកមកប្រើប្រាស់ជីវិតលើអនឡាញកាន់តែច្រើន ជាហេតុធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Google ជាដើមនោះ មានការរីកចម្រើនយ៉ាងខ្លាំង។ ដូច្នេះហើយក្រុមហ៊ុនបានធ្វើការជួលបុគ្គលិកបន្ថែមជាច្រើន ដើម្បីធ្វើឱ្យប្រតិបត្តិការអាជីវកម្មដំណើរការទៅយ៉ាងរលូន។ ប៉ុន្ដែយ៉ាងណាក៏ដោយ ក្រោយពីចប់កូវីដ១៩ មនុស្សចាប់ផ្ដើមបន្ធូរដៃចំណាយពេលលើអនឡាញ និងងាកទៅប្រើជីវិតនៅខាងក្រៅដូចពីមុនវិញ។
ទន្ទឹមនឹងនេះផងដែរ ក្រោយពីជួបហេតុការខាងលើបានធ្វើឱ្យ Alphabet កំពុងតែស្ថិតក្នុងស្ថានភាពមួយដែលមានបុគ្គលិកច្រើនលើសតម្រូវការ។ ហើយបូករួមនឹងការប្រែប្រួលនៃសេដ្ឋកិច្ចផងនោះ ជាហេតុធ្វើឱ្យលោក Sundar Pichai ត្រូវបង្ខំចិត្តកាត់បុគ្គលិកចេញខ្លះ។
លោក Sundar Pichai បានលើកឡើងថា «នេះគឺជាពេលមួយដែលយើងត្រូវផ្ដោតទៅលើ ការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុន ការចំណាយ និងទិសដៅក្នុងការប្រើប្រាស់ធនធានមនុស្ស ក៏ដូចជាហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ កំណត់គោលដៅឱ្យច្បាស់ និងចាប់យកការងារអាទិភាពមុន»។
ជាមួយគ្នានេះដែរ បច្ចុប្បន្ននេះ Alphabet កំពុងតែផ្ដោតបញ្ចូលបច្ចេកវិទ្យា AI ចូលក្នុងផលិតផលបច្ចេកវិទ្យារបស់ខ្លួន ដោយសារតែវត្តមាន ChatGPT របស់ក្រុមហ៊ុន OpenAI ទំនងជាអាចដណ្ដើមអ្នកប្រើប្រាស់ពី Google Search ដែលអាចនឹងធ្វើឱ្យមានផលប៉ះពាល់ដល់ចំណូលនៃអាជីកម្មរបស់ខ្លួន ខណៈចំណូលបានពីការលក់ពាណិជ្ជកម្មនៅលើ Google សរុបកាលពីឆ្នាំមុនមានរហូតដល់ទៅ ២០៨ពាន់លានដុល្លារ ដែលស្មើរនឹងប្រមាណ ៨១%នៃចំណូលសរុបរបស់ក្រុមហ៊ុន Alphabet។
គួរជម្រាបផងដែរថា ដើមឆ្នាំ២០២៣នេះ មិនមែនមានតែក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Alphabet ទេដែលធ្វើការបញ្ឈប់បុគ្គលិករាប់ម៉ឺននាក់។ ប៉ុន្ដែក៏មានក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗ បានធ្វើរឿងនេះផងដែរថា ជាក់ស្ដែង ក្រុមហ៊ុន Microsoft បានប្រកាសបញ្ឈប់បុគ្គលិក ១០០០០នាក់ និងក្រុមហ៊ុន Amazon ក៏បានបញ្ឈប់បុគ្គលិកអស់ ១៨០០០នាក់ផងដែរ៕
អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ