មកដឹងពីគោលការណ៍រកស៊ីទាំង៧ ដែលមេធំ Apple អនុវត្ត រហូតធ្វើឱ្យក្រុមហ៊ុនខ្លួនមានតម្លៃខ្ពស់បំផុតលើផែនដី
Navasiri Morm
MARCH 10 2022
អាជីវកម្ម 4.0
685 views
2 mins read

គ្រប់គ្នាប្រហែលជាបានស្គាល់រួចមកមហើយនូវក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទនឹងកុំព្យូទ័រដ៏ល្បីល្បាញបំផុតទូទាំងពិភពលោកក្នុងពេលបច្ចុប្បន្ននេះ។ ហើយកាលពីខែសីហា ឆ្នាំ២០២២នេះក្រុមហ៊ុន​ Apple បានឡើងតម្លៃខ្លួនរហូតដល់ទៅ៣ទ្រីលានដុល្លារ ដែលធ្វើឱ្យ Apple បានក្លាយជាក្រុមហ៊ុនដែលមានតម្លៃខ្លួនខ្ពស់ដាច់គេនៅលើលោក។ នៅពីក្រោយភាពជោគជ័យដ៏សម្បើបនេះ លោក Tim Cook ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន​ Apple ក៏បានបង្ហើបពីគោលការណ៍រកស៊ី៧យ៉ាង ដែលលោកបានយកមកអនុវត្តរហូតធ្វើឱ្យ Apple កាន់តែមានភាពល្បីល្បាញ និងក្លាយជាក្រុមហ៊ុនដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុយលើផែនដី។ ដោយគោលការណ៍រកស៊ីទាំង៧ ដែលមេ Apple អនុវត្ត​មានដូចខាងក្រោម៖

១.បង្កើតផលិតផលដែលល្អបំផុត៖ គោលការណ៍រកស៊ីទី១​ ដែលលោក Tim Cook យកមកអនុវត្តនោះ គឺត្រូវតែផលិតផលដោយយកចិត្តទុកដាក់និងផលិតផលឱ្យបានល្អបំផុត​ ពោលគឺមិនមែនធ្វើលំៗឱ្យតែរួចពីដៃនោះទេ ដាច់ខាតត្រូវតែល្អឥតខ្ចោះ។ បន្ថែមពីនេះទៀត លោក Tim Cook ក៏ធ្លាប់បានលើកឡើងដែរថា នៅពេលដែលយើងប្រកាន់ទម្លាប់បង្កើតផលិតផលដែលល្អនិងមានគុណភាពខ្ពស់សម្រាប់បញ្ជូនទៅដល់ដៃអតិថិជន នោះអតិថិជននឹងទុកចិត្តហើយពួកគេនឹងផ្ដល់នូវប្រយោជន៍ដល់យើងវិញ។

២.បង្កើតឱ្យមានភាពងាយស្រួលដល់អតិថិជន៖ គោលការរកស៊ីទី២ របស់មេ Apple គឺព្យាយាមបង្កើតឱ្យមានភាពងាយស្រួលនិងមិនស្មុកស្មាញ ដោយនៅត្រង់ចំណុចនេះ គឺមេ Apple ផ្ដោតសំខាន់ទៅលើការបង្កើតកម្មវិធីទូរស័ព្ទរបស់ខ្លួនឱ្យមានភាពសាមញ្ញនិងទាក់ទាញ។ ដែលនេះជាគោលការណ៍មួយទៀតដែល Apple តែងតែប្រកាន់ខ្ជាប់។ យ៉ាងណាមិញ សូម្បីតែពួកយើងក៏ដោយ បើទិញរបស់អីមួយមកប្រើហើយរញ៉េរញ៉ៃស្មុគស្មាញពេក យើងក៏មិនចូលចិត្តប្រើប៉ុន្មានដែរ។

៣.ប្រើរបស់ខ្លួនឯង៖ ជាទូទៅជ្រកក្រោមផ្ទះគេ ឬពឹងដង្ហើបគេដកមិនស្រួលដូចពឹងខ្លួនឯងទេ។ ហើយយើងសង្កេតឃើញថា Apple ព្យាយាមបង្កើតប្រព័ន្ធប្រតិបត្តិការណ៍ ISO ដោយខ្លួនឯង ដោយ Apple មិនប្រើ Android នោះទេ។ ហើយការបង្កើតប្រព័ន្ធប្រតិបត្តិការខ្លួនឯងនេះទៀតសោត ក៏បានធ្វើឱ្យមានភាពងាយស្រួលក្នុងការគ្រប់គ្រង ហើយវាក៏បានបង្កើតឱ្យមានភាពប្លែកខុសពីអ្នកដទៃផងដែរ។

៤.ត្រូវស្គាល់ឱ្យច្បាស់ពីទីផ្សារនិងអតិថិជន៖ លោក​ Tim Cook បានលើកឡើងថា Apple ស្គាល់យ៉ាងច្បាស់ពីទីផ្សារនិងការចង់បានរបស់អតិថិជនខ្លួន ជាហេតុធ្វើឱ្យគេងាយស្រួលក្នុងការកំណត់ថា តើគួរផលិតផលិតផលបែបណា?តើវាប្រើយុទ្ធសាស្រ្ដអ្វីដើម្បីលុកលុយទីផ្សារ។ ដោយរកស៊ីដែលពីទីផ្សារ និងមិនស្គាល់ច្បាស់ពីអតិថិជនរបស់ខ្លួន មិនខុសអីពីការរាវម្ជុលក្នុងសមុទ្រទេ។

៥.ផ្ដោតទៅលើរឿងសំខាន់ៗមុនគេ៖ ធ្វើអ្វីក៏ដោយ បើយើងមិនចេះផ្ដោត គឺប្រាកដជាមិនអាចបង្កើតអ្វីមួយឱ្យល្អអស្ចារ្យបាននោះទេ។ ​ លោក Tim Cook បានឱ្យដឹងថា ក្នុងមួយឆ្នាំៗ Apple មិនធ្វើរឿងច្រើននោះទេ​​ ពោលគឺតាមក្រុមនីមួយៗ យើងជ្រើសរើសរឿងណាដែលសំខាន់បំផុតឱ្យពួកគាត់ផ្ដោតធ្វើ ហើយបើធ្វើរឿងនោះមិនទាន់បានជោគជ័យល្អទេ គឺដាច់ខាតមិនឱ្យទៅធ្វើរឿងផ្សេងទៀតឡើយ។ ដោយសារតែការផ្ដោតដូច្នេះហើយ ជាហេតុធ្វើឱ្យគ្រប់ផលិតផលទាំងអស់របស់ Apple មានគុណភាពខ្ពស់និងមានភាពខុសប្លែកពីផលិតផលដទៃ។

៦.ជម្រុញឱ្យបុគ្គលិកចេះសហការ​និងសាមគ្គីគ្នា៖ ក្រុមការងារដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញក្រុមហ៊ុនឱ្យទៅមុខ។ ហើយលោក​ Tim Cook ធ្លាប់បានលើកឡើងថា បុគ្គលិកនៅក្រុមហ៊ុន​ Apple គឺសុទ្ធតែជាមនុស្សពូកែៗ មានភាពច្នៃប្រឌិតខ្ពស់និងមានសមត្ថភាពប្លែកៗគ្នា។ អ្វីដែលជាតួនាទីសំខាន់របស់លោក គឺធ្វើយ៉ាងណាជម្រុញឱ្យបុគ្គលិកទាំងអស់ចេះសហការនិងសាមគ្គីគ្នា។ ហើយដោយសារតែមនុស្សពូកែៗទាំងនោះចុះសម្រុងនិងអាចរួមដៃគ្នា ជាហេតុធ្វើឱ្យ Apple អាចស្រាវជ្រាវស្វែងរកគំនិតថ្មីៗ បញ្ចូលទៅក្នុងផលិតផលរបស់ខ្លួនជានិច្ច។

៧.រៀនអំពីកំហុស៖ បើទោះបីក្លាយទៅជាក្រុមហ៊ុនយក្សដែលមានតម្លៃថ្លៃជាគេបំផុតក៏ដោយ ក៏ Apple នៅតែបង្កើតកំហុសមិនស្ទើរនោះដែរ ប៉ុន្ដែអ្វីដែលមេធំ Apple តែងតែធ្វើនោះ គឺព្យាយាមរៀនពីកំហុសទាំងនោះវិញ។ ហើយការបង្កើតកំហុសរបស់យើងនឹងក្លាយទៅជាការខាតបង់ធំយ៉ាងពិតប្រាកដ ប្រសិនបើយើងមិនបានទាញប្រយោជន៍ពីវា តាមរយៈការរៀនសូត្រពីមូលហេតុដែលនាំឱ្យយើងបរាជ័យទាំងនោះ៕

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia