២០២៣ សម័យ 5G ករណី Hack នឹងមានកាន់តែច្រើន ហើយនេះជារឿងដែលកម្ពុជាត្រូវធ្វើដើម្បីទប់ស្កាត់
Navasiri Morm
DECEMBER 22 2022
PR
3 mins read

បច្ចុប្បន្ននេះ ពិភពលោកកំពុងតែឈានចូលទៅកាន់យុគសម័យ 5G ហើយស្របពេលដែលបច្ចេកវិទ្យាអ៊ីធឺណិតកាន់តែរីកចម្រើនខ្លាំ​ង ក្រៅតែពីបានជួយឱ្យជីវិតមនុស្សកាន់តែមានភាពរីកចម្រើននិងល្អប្រសើរឡើង ក្នុងនោះគេក៏ឃើញមានបញ្ហាមួយចំនួនផងដែរ ជាពិសេសគឺករណីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត បានក្លាយជាបញ្ហាដ៏ធំមួយដែលកើតមានឡើងស្ទើរតែរៀងរាល់ថ្ងៃ ទូទាំងពិភពលោករួមទាំងប្រទេសកម្ពុជា។

ដើម្បីជាដំណោះស្រាយបញ្ហាប្រឈមខាងលើនេះ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ សភាធុរកិច្ចម៉ាឡេស៊ីនៃកម្ពុជា ហៅកាត់ថា (MBCC) បានរៀបចំវេទិកាជជែកដេញដោលមួយ ដើម្បីស្វែងរករកដំណោះស្រាយចំពោះការ ប្រយុទ្ធប្រឆាំងទៅនឹងករណីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនិងធ្វើឱ្យការប្រើប្រាស់អ៊ីនធឺណិតរបស់ប្រជាជនមានសុវត្ថិភាព។ ដោយកម្មវិធីមួយនេះត្រូវបានប្រារព្ធឡើងនៅ សណ្ឋាគារសូហ្វីតែលភ្នំពេញ ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក Datuk Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា ឧកញ៉ា តាន់ ឃី​ម៉េង ប្រធាន MBCC ក៏ដូចជាវត្តមានរបស់លោក សុវណ្ណ យ៉ាវ CEO ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស​ Huawei និងលោក Leo Li ដែលជានាយកផ្នែកសន្តិសុខអ៊ីនធឺណិតនៃក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។

74

នៅក្នុងវេទិកានេះ លោកឧកញ៉ា តាន់ ឃី​ម៉េង ប្រធាន MBCC បានមានប្រសាសន៍ក្នុងសុន្ទរកថា សន្តិសុខតាមអ៊ីនធឺណិត និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត គឺជាបញ្ហាក្តៅគគុកដែលប្រទេសនានា រួមទាំងកម្ពុជា និងម៉ាឡេស៊ី កំពុងតែជួបប្រទះ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែមពីរដ្ឋាភិបាល អង្គភាពពាក់ព័ន្ធ និងវិស័យឯកជនដើម្បីបង្កើត។ ការការពារដ៏រឹងមាំដើម្បីការពារទិន្នន័យ និងព័ត៌មានផ្សេងៗរបស់ខ្លួន​។

ភ្ជាប់ជាមួយគ្នានេះ បើតាមឯឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្រ្ដីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ការលេចចេញនូវបច្ចេកវិទ្យាថ្មីៗ ដូចជាបច្ចេកវិទ្យា Artificial Intelligence (AI) និង Visual Reality (VR) ជាដើមនោះ គឺជាផ្នែកមួយដែលនឹងធ្វើឱ្យឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតកាន់តែពិបាកនឹងប្រយុទ្ធជាងពេលណាៗទាំងអស់។ ហើយចំណែកឯឯកអគ្គរដ្ឋទូត Eldeen Husaini បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងកម្ពុជា និងម៉ាឡេស៊ី ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតបន្ថែមផងដែរ។

75

ជុំវិញប្រធានបទនេះផងដែរ បើតាមលោក Leo Li ដែលជានាយកផ្នែកសន្តិសុខអ៊ីនធឺណិតនៃក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា ការធ្វើឱ្យមានសុវត្ថិភាពអ៊ីនធឺណិតដើរតួនាសំខាន់ខ្លាំងណាស់ នៅក្នុងសេដ្ឋកិច្ចឌីជីថល នាយុគសម័យ​ 5G ដែលពោរពេញទៅដោយបច្ចេកវិទ្យាទំនើបថ្មីៗជាច្រើន។ លោក Leo Li បានបន្ដទៀតថា «ខ្ញុំគិតថាកម្ពុជា ត្រូវប្រញ៉ាប់រៀបចំខ្លួនឱ្យស្ថិតក្នុងជួរស្ដង់ដារអន្ដជាតិ និងបង្កើតឱ្យមាននិងប្រព័ន្ធវិញ្ញាបនប័ត្រសុវត្ថិភាពអ៊ីនធឺណិតដូចជា វិញ្ញាបនប័ត្រមូលដ្ឋានចំណេះដឹងសុវត្ថិភាព GSMA 5G សម្រាប់សុវត្ថិភាព E2E នៃបណ្តាញទូរស័ព្ទចល័ត, ស្តង់ដារសុវត្ថិភាព Cloud, សុវត្ថិភាពស្មាតហ្វូន និងស្តង់ដារសុវត្ថិភាព IoT និងវិញ្ញាបនប័ត្រ NESAS និង SCAS ដែលចេញដោយ GSMA & 3GPP ជាដើម។ »

លោក Leo Li បានលើកឡើងថា មូលហេតុដែលលោក ជំរុញឱ្យបង្កើតឱ្យមានប្រព័ន្ធវិញ្ញាបនប័ត្រសុវត្ថិភាពចេញពី GSMA & 3GPP គឺដោយសារតែអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ 3GPP និង GSMA គឺជាក្រុមហ៊ុនដែលមានគ្រិះបច្ចេកវិទ្យាឈានមុខគេលើពិភពលោក ដែលកំណត់ និងលើកកម្ពស់ស្តង់ដារសុវត្ថិភាពប្រព័ន្ធទូរស័ព្ទចល័ត ទទួលបានការទុកចិត្តនិងប្រើប្រាស់ពីក្រុមហ៊ុន ក៏ដូចជាមនុស្សរាប់ពាន់លាននាក់ទូទាំងពិភពលោក។ ហើយសម្រាប់ 3GPP មានក្រុមហ៊ុនដែលចូលរួមជាសមាជិក ជាង១២០០ក្រុមហ៊ុន និងរួមទាំងប្រតិបត្តិករទូរស័ព្ទចល័តចំនួន៧៥០ មកពីជុំវិញពិភពលោកផងដែរ។

ជាមួយគ្នានេះដែរ លោក Leo Li ក៏បានផ្ដល់យោបល់ឱ្យបង្កើតច្បាប់សុវត្ថិភាពអ៊ីនធឺណិតមួយចំនួនផងដែរ ដោយលោកជឿជាក់ថា ការបង្កើតឱ្យមានច្បាប់សុវត្ថិភាពតាមអ៊ីនធឺណិត ក្រោមគោលដៅ ធ្វើឱ្យមានភាពយុត្តិធម៌ និងស្របតាមគោលនយោបាយសន្តិសុខ ច្បាប់ ស្តង់ដារគឺមានសារសំខាន់ខ្លាំងណាស់នៅក្នុងសម័យឌីជីថល។

លោក Leo Li ដែលជានាយកផ្នែកសន្តិសុខអ៊ីនធឺណិតនៃក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករូបនេះ បានសង្កត់ធ្ងន់ថា ការបង្កើតឱ្យមានច្បាប់ទម្លាប់ដ៏ត្រឹមត្រូវ បូករួមជាមួយនឹងការបង្កើតឱ្យមានប្រព័ន្ធវិញ្ញាបនប័ត្រដូចដែលបានរៀបរាប់ខាងលើនេះ នឹងជួយឱ្យការប្រើប្រាស់អ៊ីនធឺណិតកាន់តែមានសុវត្ថិភាព ក៏ដូចអាចជួយមួយផ្នែកធំដល់ភាគីពាក់ព័ន្ធក្នុងវិស័យ ICT នៅកម្ពុជា ដែលអាចបង្កឱ្យកាន់តែមានភាពងាយស្រួលនិងសុវត្ថិភាព ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការណ៍នានា ក៏ដូចជាបន្ដជំរុញការប្រគួតប្រជែង និងច្នៃប្រឌិតផងដែរ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia