មោទនភាព! មកស្គាល់យីហោគោងៀតខ្មែរ «យាយ» ឬ «Yays» កំពុងតែផ្ទុះល្បីខ្លាំងនៅអាមេរិក
Navasiri Morm
JUNE 4 2024
អាជីវកម្ម 4.0
170 views
2 mins read

នេះជារឿងដែលគួរឲ្យមានមោទនភាពមួយ ដោយថ្មីៗនេះ មានយីហោងៀតគោ ដែលបង្កើតដោយកូនខ្មែរមួយកុំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅសហរដ្ឋអាមេរិក ក៏ដូចជាលើប្រព័ន្ធអ៊ីនធឺណិត ដោយយីហោងៀតគោខ្មែរមួយនោះមានឈ្មោះថា «Yays» ឬពាក្យខ្មែរហៅថា «យាយ» ដែលសំដៅទៅលើជីដូន។ ហើយចំណែកឯពាក្យ Yay នេះទៀតសោតនៅក្នុងភាសាអង់គ្លេស គឺសំដៅទៅលើអារម្មណ៍សប្បាយរីករាយ នៅពេលបានញ៉ាំគោងៀតដ៏ឈ្ងុយឆ្ងាញ់។

បើតាមគេហទំព័រផ្លូវការណ៍របស់យីហោគោងៀតខ្មែរ «Yays» បានបង្ហាញថាគឺជាយឺហោគោងៀតមួយនេះបង្កើតដោយគ្រួសារខ្មែរមួយគ្រួសារ ដែលពួកគេបានជម្លៀសខ្លួនចេញពីប្រទេសកម្ពុជា ទៅកសាងអនាគតថ្មីនៅទឹកដីសហរដ្ឋអាមេរិក នៅក្នុងអំឡុងសម័យខ្មែរក្រហម។

ជាមួយគ្នានេះដែរ សម្រាប់គោងៀតនេះទៀតសោត គឺត្រូវបានផលិតដោយផ្ទាល់ដៃតាមរូបមន្ដបែបប្រពៃណីជាង ៣០ឆ្នាំ ខណៈសាច់គោងៀតរបស់ «Yays» ត្រូវបានផលិតដោយជាមួយនឹងការកែប្រែវប្បធម៌ដែលធ្វើឲ្យគោងៀតរបស់យីហោ «Yays» មានភាពពិសេសខុសប្លែកពីគោងៀតធម្មតាដទៃទៀតនៅឯលោកខាងលិច។

បច្ចុប្បន្ននេះនៅលើប្រព័ន្ធអ៊ីនធឺណិត ជាពិសេសនៅតាមបណ្ដាញសង្គម ដូចជា TikTok និង Instagram ជាដើមនោះ គេសង្កេតឃើញថា មានមនុស្សជាច្រើនបានថតវីដេអូនិយាយពីយីហោគោងៀតខ្មែរ «Yays» ដោយបង្ហាញពីអារម្មណ៍ពិត ក៏ដូចជាបទពិសោធន៍ពិតរបស់ពួកគេ នៅពេលភ្លក់គោងៀតយីហោខ្មែរមួយនេះ។ ហើយអ្វីដែលធ្វើឲ្យយើងលួចញញឹមទាំងមិនដឹងខ្លួន គឺស្ទើរតែគ្រប់គ្នាដែលបានភ្លង់គោងៀត«Yays» ពួកគេសុទ្ធតែលាន់មាត់ស្រែកថាវាឆ្ងាញ់ខ្លាំងណាស់។ ហើយក្នុងវីដេអូមួយមានស្ដ្រីម្នាក់នោះថា «ខ្ញុំមិនដែលញ៉ាំអ្វីឆ្ងាញ់ខ្លាំងបែបនេះទេក្នុងជីវិតរបស់ខ្ញុំ»។ 

ការបង្ហាញពីអារម្មណ៍វិជ្ជមានពីសំណាក់អតិថិជនទាំងអស់នៅលើអ៊ីណធឺណិត គឺមិនត្រឹមតែបានឆ្លុះបញ្ចាំងពីគុណភាពនិងរស់ជាតិរបស់គោងៀតខ្មែរយីហោ «Yays» តែប៉ុណ្ណោះទេ ប៉ុន្ដែវីដេអូទាំងអស់នោះប្រៀមដូចជាទ័ពស្រួចមួយទ័ពធំ ដែលជួយជំរុញឲ្យប្រជាជនអាមេរិក ក៏ដូចជាមនុស្សជាច្រើនទៀត ដែលបានឃើញ ចង់ភ្លក់រស់ជាតិសាច់គោងៀតរបស់ «Yays» កាន់តែខ្លាំងឡើងផងដែរ។

ដូច្នេះហើយតាមរយៈសាច់រឿងយីហោគោងៀតខ្មែរ «Yays» អាចជាមេរៀននូវមេរៀនដ៏សំខាន់ចំនួនបីដូចខាងក្រោម៖

១. មិនថារកស៊ីរបរអ្វីក៏ដោយ អ្នកត្រូវដាក់បេះដូងតាំងចិត្ត បង្កើតផលិតផល ឬសេវាកម្មមួយឲ្យបានថ្មីប្លែកនិងល្អបំផុត។ តួយ៉ាងដូចគោងៀត «Yays» ប្រសិនបើគ្មានគុណភាព និងរស់ជាតិឆ្ងាញ់ប្លែកដាច់គេទេ ទោះខំផ្សព្វផ្សាយយ៉ាងណាក៏មិនទៅមុខដែរ យ៉ាងច្រើនអតិថិជនមកទិញម្ដង គេលែងត្រឡប់មកវិញហើយ។

២. ការបង្កើតសាច់រឿងយីហោ ឬ ប្រេនឌីង (Branding) ក៏ជារឿងសំខាន់បំផុតមួយដែល ជាក់ស្ដែងដូចជាយីហោ Yay ពាក្យតែមួយម៉ាត់នេះ បង្កប់អត្ថន័យដល់ទៅពីរយ៉ាងដូចបានរៀបរាប់ខាងដើម។ ហើយមកជាមួយនឹងសាច់រឿងបទពិសោធន៍ និងរូបមន្ដផលិតសាច់គោឆ្ងាញ់ជាង៣០ឆ្នាំថែមទៀត គឺធ្វើឲ្យអតិថិជន ឆាប់ចងចាំ និងទុកចិត្តទៅលើយីហោមួយនេះ។ ដូច្នេះការដាក់ឈ្មោះ ក៏ដូចជាសាច់រឿងយីហោក៏ជារឿងសំខាន់បំផុតមួយដែលអ្នកត្រូវគិតផងដែរ។

៣. ការធ្វើទីផ្សារឌីជីថល៖ ពិភពលោកដើរកាន់តែលឿន ដោយសារតែបច្ចេកវិទ្យា មនុស្សនៅមុខកញ្ចក់ទូរសព្ទ នៅលើប្រព័ន្ធអនឡាញ ហេតុអ្នកក៏ត្រូវងាករៀនមកធ្វើទីផ្សារតាមបែបឌីជីថលដូចគ្នា។ ហើយជាក់ស្ដែង បើយើងក្រឡេកទៅមើលយីហោ «Yays»  ដែលកំពុងតែល្បីនៅអាមេិរក មួយផ្នែកគឺដោយសារតែគេបានធ្វើការសម្រុកផ្សព្វផ្សាយលើបណ្ដាញសង្គមមិនថាតែ TikTok និង Instagram ជាដើម ជាមួយនឹងយុទ្ធសាស្រ្ដមួយដែលគេហៅថា User Generated Content (UGC) ដែលអតិថិជនជួយផលិតវីដេអូអោយ។ ហើយនៅពេលដែលមានអតិថិជនជាច្រើន បានផលិតវីដេអូនិយាយល្អៗ​ពីយីហោគោងៀត «Yays» ដូច្នេះ គឺវាបានជួយជំរុញឲ្យយីហោមួយនេះផ្ទុះការចាប់អារម្មណ៍ និងមានអតិថិជនកាន់តែច្រើនចង់សាក ចង់ភ្លក់ និងចង់ដឹងរស់ជាតិ។

សរុបមក នេះជារឿងដែលគួរឲ្យមានមោទនភាពបំផុតមួយដែលយើងកូនខ្មែរ អាចបង្កើតយីហោផលិតផលខ្មែរ ដែលមានការទទួលស្គាល់និងល្បីល្បាញដល់ក្រៅប្រទេស។ ហើយសង្ឃឹមថា នឹងមានយីហោខ្មែរ ដែលបង្កើតដោយកូនខ្មែរជាច្រើនទៀតទទួលបានភាពការទទួលស្គាល់ដូចជាយីហោគោងៀត «Yays» ដែរ៕

អត្ថបទដោយ៖ ម៉ម ណាវាសិរិ

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia