Tim Cook ញញឹមបិទមាត់មិនជិតទេ បន្ទាប់ពីបានបញ្ចេញនូវ iPhone 17 Series ដែលមានដូចជា 17 Air ជាទូរស័ព្ទស្ដើងបំផុតរបស់ iPhone ព្រមទាំង iPhone 17 Pro និង 17 Pro Max ដែលមានកំណែទម្រង់ទាក់ទងនឹងគែមកាមេរ៉ាថ្មី។ ប៉ុន្តែគាត់ញញឹមមិនទាន់បាន១ខែស្រួលបួលផង ស្រាប់តែពេលនេះ iPhone ត្រូវប្រឈមជាមួយនឹងគូប្រជែងថ្មី គឺ Xiaomi 17 series ដែលមានគែមកាមេរ៉ាក្រោយស្រដៀងគ្នាខ្លាំងមែនទែន សំខាន់វាឡូយជាងថែមទៀតព្រោះមានអេក្រង់ជុំវិញកាមេរ៉ាអាចប្រើ Touch និងមើល Notifications ផ្សេងៗបានទៀតផង។
បើយើងក្រឡេកទៅមើលពីប្រវត្តិរបស់ស្ថាបនិកក្រុមហ៊ុន Xiaomi វិញ លោក Lei Jun ចាប់ផ្ដើមដំបូងនៅឆ្នាំ២០១០ ដើរចែកប័ណ្ណផ្សព្វផ្សាយដោយខ្លួនឯងផ្ទាល់ គ្មានអ្នកណាស្គាល់គាត់ទេ។ ប៉ុន្តែមិនដល់៥ឆ្នាំផង Xiaomi អាចរីកធំធាត់ល្បីសុះសាយពេញប្រទេសចិន ធ្លាយដល់ឆាកអន្តរជាតិ ហើយលោក Lei Jun ត្រូវបានគេដាក់រហ័សនាមឱ្យថា «Steve Jobs of China» ព្រោះតែគាត់មានទស្សនៈ និងការរចនា ដូចទៅនឹង Apple ប៉ុន្តែគាត់តែងផ្ដោតទៅលើគុណភាពខ្ពស់ តម្លៃសមរម្យ។ ត្រឹមរយៈពេលជាង១០ឆ្នាំប៉ុណ្ណោះ បច្ចុប្បន្ន Xiaomi បានក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាធំមួយនៅចិន និងតំបន់អាស៊ី មានតម្លៃទីផ្សារដល់ទៅ 182.60ពាន់លានដុល្លារ ឯណោះ។
តស់ឥឡូវយើងមកដឹងអំពីទូរស័ព្ទដែលប្រកួតប្រជែងជាមួយ iPhone ឆ្នាំនេះវិញម្ដង Xiaomi 17 Series មាន៣ម៉ូដែលគឺ Xiaomi 17 , 17 Pro និង 17 Pro Max។ ក្រៅពីមានរូបរៀងស្រដៀងនឹង iPhone ទូរស័ព្ទសេរីថ្មីរបស់ Xiaomi ក៏មានភ្ជាប់មកជាមួយនឹងចំណុចពិសេសដ៏ទាក់ទាញជាច្រើនដែរដូចជា៖
១-អេក្រង់ជុំវិញកាមេរ៉ាខាងក្រោយ៖ ជា Display ដែលអាចប្រើ Touch មើលវីដេអូ មើល Notification និងល្អខ្លាំងសម្រាប់អ្នកចូលចិត្ត Selfie ដោយប្រើកាមេរ៉ាខាងក្រោយ។
២-ថ្មកាន់ខ្លាំង៖ ទំហំថ្មរហូតដល់ទៅ 7,500 mAh វាធំខ្លាំងមែនទែន ដូច្នេះបើនិយាយពីកាន់ថ្មវិញ Xiaomi លេងមួយក្បាច់នេះ គឺថាវ៉ាដាច់គេតែម្ដង។ ចំពោះការសាកចូលវិញគឺសាកឡើងលឿនខ្លាំងមែនទែន ព្រោះថាវាមាន Super Charging រហូតដល់ទៅ 100W សម្រាប់ wired (សាកដោយប្រើខ្សែ) និង Wireless (សាកឥតខ្សែ) មានទំហំ 50W។
៣-ដំណើរការដោយ Snapdragon 8 Elite Gen 5៖ គឺជា Chip ដ៏ខ្លាំងបំផុតសម្រាប់ទូរស័ព្ទថ្នាក់ខ្ពស់ ដែលវាផ្ដល់កំណែខ្ពស់ខ្លាំងទាំង CPU, GPU និង NPU។ Chip នេះនឹងធ្វើឱ្យទូរស័ព្ទចាយថាមពលតិចជាងមុន តែដំណើរការខ្លាំង មិនងាយឡើងកម្ដៅខ្លាំង ធ្វើឱ្យទូរស័ព្ទដើររលូនល្អ ព្រមទាំងមានសមត្ថភាព AI ឆ្លាតវ័យថែមទៀត។
បើនិយាយពីតម្លៃវិញ Xiaomi 17 ចាប់ផ្ដើមតម្លៃពី 4,499Yuan (ប្រហែលជាង 630ដុល្លារ) , Xiaomi 17 Pro តម្លៃចាប់ផ្ដើមពី 4,999Yuan (ប្រហែលជាង 702ដុល្លារ) និង តម្លៃចាប់ផ្ដើមពី 5,999Yuan (ប្រហែលជាង 842ដុល្លារ) សម្រាប់ Xiaomi 17 Pro Max។ ទាំងហ្នឹងគឺជាតម្លៃសម្រាប់លក់នៅក្នុងប្រទេសចិនទេ ចំពោះការលក់ជាសកលវិញគេរំពឹងថានឹងចេញជាផ្លូវការនៅដើមឆ្នាំ២០២៦។