នៅក្នុងសម័យដែលបណ្តាញសង្គមក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ ការរក្សាគណនីឱ្យមានសុវត្ថិភាពគឺជារឿងដ៏សំខាន់មួយ។ ខណៈខាងក្រោមនេះជារបៀបការពារកុំឱ្យក្រុមហ៊ុន Facebook ដាក់ពិន័យផ្អាក ឬបិទគណនី (suspension or Disability)៖
ទី១-បើកការផ្ទៀងផ្ទាត់ពីរតង់ (2FA)៖ ការបើកមុខងារ Two-Factor Authentication (2FA) ជាជំហានសំខាន់បំផុតក្នុងការពារ គណនីរបស់អ្នកពីការចូលប្រើដោយមនុស្សចម្លែក។ រាល់ពេលមានការ Login ចូលវានឹងផ្ញើសារដើម្បីបញ្ជាក់ទៅកាន់ sms ឬ email របស់អ្នក។ វាជួយការពារបានយ៉ាងមានប្រសិទ្ធភាព ប្រសិនបើមាននរណាម្នាក់ដឹងពាក្យសម្ងាត់របស់អ្នក។
របៀបបើកដំណើរការ ចូលទៅ Settings → Accounts Center → Password and Security → Two-Factor Authentication ហើយជ្រើសវិធីផ្ទៀងផ្ទាត់ (App ឬ SMS) ដើម្បីបើកការពារ 2FA
ទី២-បញ្ចូលព័ត៌មានបុគ្គលច្បាស់លាស់៖ Facebook ងាយទុកចិត្តលើគណនីដែលមានព័ត៌មានពិត។ អ្នកគួរបញ្ចូលឈ្មោះពិត ថ្ងៃខែឆ្នាំកំណើត រូបភាព និងអ៊ីមែលដែលប្រើប្រាស់ពិតប្រាកដ។ វាជួយឲ្យ Facebook អាចផ្ទៀងផ្ទាត់បានថា គណនីនេះជារបស់អ្នកពិត និងមិនមែនគណនីក្លែងក្លាយ។
ទី៣-ពិនិត្យ Login Devices៖ គួរតែពិនិត្យជាប្រចាំថា មានឧបករណ៍ណាខ្លះកំពុង login គណនី Facebook របស់អ្នក។ ប្រសិនបើឃើញឧបករណ៍មិនស្គាល់ ឬមានសកម្មភាពចម្លែក ត្រូវចូលទៅ Settings → Security → Where You’re Logged In ហើយចាកចេញ (Log Out) ភ្លាមៗ។ វាជាវិធីល្អបំផុតដើម្បីទប់ស្កាត់ការចូលប្រើដោយមនុស្សផ្សេង។
ទី៤-គោរពតាមគោលការណ៍ Facebook៖ ការបង្ហោះមាតិកាដែលមានអត្ថប្រយោជន៍ បញ្ចេញមតិយ៉ាងសមរម្យ និងមិនប្រើពាក្យបណ្ដាលឱ្យមានអំពើអវិជ្ជមាន ជួយឲ្យគណនីអ្នកគេចផុតពីការផ្អាក។ ចៀសវាងការបង្ហោះរូប ឬវីដេអូដែលអាចប៉ះពាល់ដល់អ្នកដទៃ ឬផ្ទុយនឹង Community Standards របស់ Facebook។
ទី៥-ការពារពីការក្លែងបន្លំ៖ កុំចុចលីងដែលមិនស្គាល់ប្រភពច្បាស់ ឬមកពីគណនីគួរឱ្យសង្ស័យ ពីព្រោះវាអាចជាលីងបន្លំ (Phishing Link) ដែលបង្កើតឡើងដើម្បីលួចពាក្យសម្ងាត់របស់អ្នក។ ទន្ទឹមនឹងនោះក៏ត្រូវប្រយ័ត្នកុំចែករំលែកលីងមិនល្អទៅកាន់អ្នកដទៃ ព្រោះ Facebook អាចចាប់អ្នកពីបទចែកចាយការក្លែងបន្លំបាន។
គួរជម្រាបផងដែរថា ការរក្សាគណនី Facebook ឱ្យមានសុវត្ថិភាព មិនមែនជារឿងពិបាកទេ ប៉ុន្តែត្រូវការការយកចិត្តទុកដាក់។ ប្រសិនបើអ្នកអនុវត្តតាមជំហានទាំងនេះជាប្រចាំ អ្នកនឹងអាចប្រើប្រាស់ Facebook ដោយមានទំនុកចិត្ត និងជៀសវាងការផ្អាកគណនីបានយ៉ាងមានប្រសិទ្ធភាព៕