ព័ត៌មានច្រើន សម្បូរជនឆ្លៀតឱកា.ស! បើឃើញសារទាំងនេះ លើ Telegram ដាច់ខាតកុំចុចចូលឱ្យសោះ
SOKLY - កូនផ្កាឈូក
AUGUST 3 2025
ឌីជីថល
7 K views
2 mins read

សព្វថ្ងៃនេះការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណេត បានក្លាយជាបញ្ហាចម្បងមួយ ដែលមនុស្សជជែកពីវា។ ហើយក្នុងនោះ សារបោកបន្លំ តាមរយៈ Telegram ក៏មានច្រើនទម្រង់ដែរ បើសិនជាលោកអ្នក បានឃើញ សារដែលផ្ញើមក ស្ថិតក្នុងទម្រង់ដូចទៅនឹងសារទាំង ៥ខាងក្រោមនេះ សូមកុំចុចចូលឱ្យសោះ៖

ទី១-សារដែលមានតំណភ្ជាប់មិនស្គាល់ (Unknown links) ដូចជា bit.ly, tinyurl, t.me/joinchat, ឬតំណភ្ជាប់គ្មានភាពជាក់លាក់។ តំណភ្ជាប់ (Link) ទាំងនោះ អាចមានផ្ទុកនូវហានិភ័យ បញ្ជូនចូលទៅកាន់គេហទំព័រដែលផ្ទុកមេរោគ (phishing trojan ដែលអាចលួចយកព័ត៌មានសម្ងាត់របស់អ្នកបាន)។

ដំណោះស្រាយ៖ កុំចុចលើតំណភ្ជាប់ (Link) ដែលគ្មានប្រភពច្បាស់លាស់ ឬសារដែលអ្នកមិនស្គាល់

ទី២-សាររួមជាមួយនឹងហ្វាល់ផ្ទុកឯកសារ៖ ដូចជា File.apk , .exe , .bat , .zip , .rar ជាពិសេសគឺពេលដែលឯកសារទាំងនោះផ្ញើចេញមកពីអ្នកមិនស្គាល់ ព្រោះវាអាចជាមេរោគដែលចូលទៅក្នុងប្រព័ន្ធទូរស័ព្ទ ឬកុំព្យូទ័រ ដើម្បីគ្រប់គ្រង ឬលួចទនិន្ន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។

ដំណោះស្រាយ៖ មិនគួរទាញយកឯកសារដែលមានប្រភពមិនច្បាស់លាស់ ឬពីអ្នកមិនស្គាល់

ទី៣-សារដែលនិយាយថា “អ្នកឈ្នះរង្វាន់” , “Claim Now ឬប្រើពាក្យដែលឱ្យអ្នកមានអារម្មណ៍ចំណេញ គួរឱ្យចង់ចុចចូល។ ប៉ុន្តែលោកអ្នកគួរដឹងថា គ្មានអ្វីបានមកស្រួលៗទេ តំណលីងដែលផ្ជាប់មកជាមួយសារអបអរសាទរនោះ អាចមានបង្កប់នូវមេរោគ ដែលមានសមត្ថភាពវាយលុកឧបករណ៍របស់អ្នក ដើម្បីប្រមូលព័ត៌មានសម្ងាត់ ដូចជាព័ត៌មានធនាគារជាដើម។

ដំណោះស្រាយ​៖ សូមចាំថា Telegram មិនមែនជាកន្លែងចែករង្វាន់ឡើយ

ទី៤-សារពេញទៅដោយអក្សរព្រិល (Spam messages)គេប្រើបច្ចេកទេស Bot នៅក្នុង Telegram ដោយសរសេរសារមកមានអក្សរព្រិល និងតម្រូវឱ្យយើងចុចដើម្បីឱ្យវាប្ដូរមកជាច្បាស់ ទើបអានបាន។ ប៉ុន្តែសូមកុំចុចលើវាអី ព្រោះការចុចតែ ១ឃ្លីក វាអាចនាំអ្នកទៅកាន់ក្រុម ឬ ឆានែល ដែលផ្ទុកនៅកម្មវិធីមិនល្អបាន។

ដំណោះស្រាយ៖ សូមចៀសវាងការចុចចូលក្រុមដែលមិនស្គាល់ប្រភព

ទី៥-សារសុំលេខសំងាត់ OTP ឬស្នើឱ្យចុះឈ្មោះគណនីឡើងវិញ៖ បើអ្នកចុចចូល ឬផ្ញើព័ត៌មានដែលគេទារនោះ ជាពិសេសលេខសម្ងាត់ Telegram ផ្ទាល់របស់អ្នក វាអាចធ្វើឱ្យបាត់គណនីភ្លាមៗ ឬបាត់បង់ទិន្នន័យទាំងអស់ ឬអាចមានអ្នកដទៃចូលគ្រប់គ្រងគណនីរបស់អ្នកយកទៅប្រព្រឹត្តរឿងមិនល្អជាដើម។

ដំណោះស្រាយ៖ Telegram ពិតប្រាកដមិនដែលស្នើលេខសម្ងាត់ OTP តាមសារ Telegram ឡើយ

សូមជម្រាបផងដែរថា ព័ត៌មានប្រភេទនេះមិនមែនសរសេរឡើងដើម្បីបំភ័យលោកអ្នកឡើយ គ្រាន់តែជាការចែករំលែកដើម្បីឱ្យលោកអ្នកអាចបង្ការនូវបញ្ហាអសុត្ថិភាពលើអ៊ីនធឺណេត។ សូមបង្កើនការប្រុងប្រយ័ត្នព្រោះប្រព័ន្ធអ៊ីនធឺណេតទូលំទូលាយណាស់ មានតែការទទួលព័ត៌មានបានច្រើន និងបន្តសិក្សាអភិវឌ្ឍន៍ឱ្យទាន់សម័យបច្ចេកវិទ្យាជាប្រចាំទេ ទើបអាចជួយការពារខ្លួនឯងបាន៕

ល្បិ.ចថ្មី! បើគេផ្ញើរូបភាពបែបនេះមក ត្រូវលុបចេញភ្លាម មុនហេកឃ័រលួចចូលកម្មវិធីផ្សេងៗក្នុងទូរស័ព្ទ
SOKLY - កូនផ្កាឈូក
OCTOBER 19 2025
គន្លឹះល្អៗ
0 views
1 min read

យោងតាមការចុះផ្សាយរបស់ Forbes បានឱ្យដឹងថា បច្ចុប្បន្ននេះមានការបោកប្រាស់លើបច្ចេកវិទ្យាប្រភេទថ្មីមួយ ដែលវាយប្រហារអ្នកប្រើប្រាស់បណ្ដាញសង្គមទំនាក់ទំនងនៅជុំវិញពិភពលោក ជាពិសេសគឺនៅលើ Gmail និង app ពេញនិយមផ្សេងទៀត។

ការវាយប្រហារនោះ ត្រូវបានលេចរូបរៀងឡើងជាទម្រង់រូបភាព ឬ ជាលីងចូលទៅកាន់ហ្វាស់រូបភាព ដែលមានភ្ជាប់ជាមួយនឹងហ្វាល់ SVG (Scalable Vector Graphics) ដែលជាប្រភេទរូបភាពអាចផ្ទុក នូវបញ្ហាដែលបង្កប់ដោយជនអនាមិក។

SVG ជាប្រភេទឯកសារ ឧទាហរណ៍ដូចជា image.svg វាជាហ្វាល់រូបភាព តែមិនធម្មតាឡើយ ព្រោះវាអាចផ្ទុកនូវ Web Page ដែលមានន័យថា បើសិនជាយើងចុចលើរូបភាពនោះ វានឹងនាំយើងទៅកាន់គេហទំព័រមួយផ្សេងទៀតដែលអាចផ្ទុកនូវមេរោគ

រូបភាពដែលគេប្រើសម្រាប់ល្បួងអ្នកប្រើប្រាស់ឱ្យចុច អាចជា ឡូហ្កូ ,​ រូបភាពផ្សព្វផ្សាយពីការចាប់រង្វាន់ ឬរូបភាពផ្សេងៗ ដែលមានខ្លឹមសារបង្ហាញអំពីការចំណេញ ឬធ្វើឱ្យរំភើប ដើម្បីឱ្យអ្នកមើលចុចចូលទៅ និងនាំទៅកាន់គេហទំព័រងងឹត។

គួរជម្រាបផងដែរថា សូមកុំចុចលើរូបភាពណាមួយ បើអ្នកមិនស្គាល់ប្រភពនៃសារដែលផ្ញើមកកាន់អ្នកច្បាស់ ព្រោះការចុចតែមួយឃ្លីកវាអាចនឹងនាំអ្នកទៅកាន់គេហទំព័រមិនល្អ អាចឱ្យពួក ហេកឃ័រ មានឱកាសចូលគ្រប់គ្រងឧបករណ៍ និងពត៌មានរបស់អ្នក។ ហើយសូមចាំផងថា ហ្វាល់រូបភាព ដែលត្រឹមត្រូវ និងត្រូវប្រើជាទូទៅគឺ .jpg , .png និង .gif។

ឧទាហរណ៍ រូបភាពដូចក្នុង email ខាងក្រោម៖

Img 2068
Img 2069

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia