យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន APNews បានឱ្យដឹងថា ក្រុមហ៊ុន Berkshire Hathaway របស់បិតាវិនិយោគ Warrant Buffet បានជួបការខាតបង់រហូតដល់ទៅ ៤៤ពាន់លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២២នេះ។
ប្រភពដដែលបានឱ្យដឹងទៀតថា មូលហេតុដែលក្រុមហ៊ុន Berkshire Hathaway ខាតអស់រាប់ពាន់លានដុល្លារដូច្នេះគឺដោយសារតែ បញ្ហាសេដ្ឋកិច្ច និងអតិផរណា ហើយតម្លៃហ៊ុននៃក្រុមហ៊ុនធំៗ ដែល Berkshire Hathaway បានបោះទុនវិនិយោគជាច្រើនក៏បានធ្លាក់ចុះដូចគ្នា។
ថ្វីត្បិតតែជួបការខាតបង់កាលពីត្រីមាសទី២ ក៏ពិតមែន ប៉ុន្ដែក្នុងត្រីមាសទី៣ នៃឆ្នាំ២០២២នេះ គេរំពឹងថាចំណូលរបស់ Berkshire Hathaway នឹងងើបឡើងវិញខ្លាំង ដោយសារតែ ចូលដល់ក្បាលត្រីមាសទី៣ នៃឆ្នាំ២០២២នេះ តម្លៃហ៊ុនរបស់ក្រុមហ៊ុនយក្សធំៗដែលខ្លួនបានបោះទុនវិនិយោគ ដូចជា Apple, American Express, និង Bank of America បានចាប់ផ្ដើមឡើងថ្លៃខ្លាំងសាជាថ្មី។
គួរជម្រាបផងដែរថា ក្រុមហ៊ុន Berkshire Hathaway គឺជាក្រុមហ៊ុនផ្ដល់ទុនវិនិយោគដ៏ធំបំផុតមួយ ដែលបង្កើតឡើងដោយបិតាវិនិយោគល្បីឈ្មោះ Warrant Buffett ដែលបច្ចុប្បន្ន គឺជាមហាសេដ្ឋីដែលមានជេងគេបំផុតលេខ៥លើលោក៕