អង្គការសហប្រជាជាតិ (UN) ធ្លាប់បានលើកឡើងនៅក្នុងរបាយការណ៍មួយថា កម្មវិធីផ្ញើសារ Telegram បានក្លាយជាកន្លែងដែលបណ្តាញឧក្រិដ្ឋជនដ៏មានឥទ្ធិពលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានប្រើប្រាស់យ៉ាងទូលំទូលាយ ដើម្បីរៀបចំធ្វើសកម្មភាពខុសច្បាប់ទ្រង់ទ្រាយធំ។ នេះបើយោងតាមបណ្ដាញពត៌មាន Reuters។
លើសពីនេះ របាយការណ៍របស់ការិយាល័យគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ (UNODC) បានបង្ហាញថា ទិន្នន័យដែលត្រូវបានគេលួចចូល រួមទាំងព័ត៌មានលម្អិតកាតឥណទាន ពាក្យសម្ងាត់ និងប្រវត្តិកម្មវិធីរុករក ត្រូវបានជួញដូរដោយបើកចំហរលើទំហំដ៏ធំ។
ទន្ទឹមនឹងនោះ ឧបករណ៍ដែលប្រើសម្រាប់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត រួមទាំងកម្មវិធីដែលហៅថា “Deepfake” ត្រូវបានរចនាឡើងសម្រាប់ការក្លែងបន្លំ ហើយមេរោគលួចទិន្នន័យក៏ត្រូវបានលក់យ៉ាងទូលំទូលាយផងដែរ នៅក្នុងនោះទៀតសោតការផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូដែលគ្មានអាជ្ញាប័ណ្ណបានផ្តល់សេវាកម្មលាងលុយដ៏ធំ។
គួរជម្រាបថា បើទោះបី Telegram បានកើនឡើងអ្នកប្រើប្រាស់ដល់ជាង១ពាន់លាននាក់ ជុំវិញពិភពលោកក្តី ក៏មានប្រទេសមួយចំនួនមិនអនុញ្ញាតឱ្យប្រជាជនខ្លួនប្រើប្រាស់វេទិកាទំនាក់ទំនងនេះផងដែរ ដោយសារតែក្តីបារម្ភពាក់ព័ន្ធនឹងបញ្ហាអសន្តិសុខ និងឧក្រិដ្ឋកម្មអនឡាញ៕