អតីតបុគ្គលិកម្នាក់បាននិយាយថា ក្រុមហ៊ុន PayPal បានបង់ប្រាក់បន្ថែមចំនួន ១,០០០ដុល្លារក្នុងមួយខែ ដល់បុគ្គលិកគ្រប់រូប ប្រសិនបើពួកគេរើមករស់នៅក្បែរការិយាល័យ។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន Business Insider ។
លោក Michael Gibson ជាអតីតបុគ្គលិកអស់រយៈពេល៥ឆ្នាំ របស់លោក Peter Thiel ដែលជាសហស្ថាបនិកក្រុមហ៊ុន PayPal បានថ្លែងយ៉ាងដូច្នេះថា៖ «Thiel រស់នៅចម្ងាយត្រឹម ៤០០យ៉ាត (០.៣៧គីឡូម៉ែត្រ) ពីការិយាល័យនៅ San Francisco។ គាត់បានលើកទឹកចិត្តបុគ្គលិកទាំងអស់ឲ្យរើសមករស់នៅតំបន់ក្បែរគ្នានេះ ដើម្បីកាត់បន្ថយភាពយឺតយ៉ាវ និងសម្រាប់កិច្ចប្រជុំភា្លមៗក្នុងថ្ងៃចុងសប្តាហ៍»។
លោក Michael Gibson បានបន្តទៀតថា៖ «និយោជិតត្រូវបានផ្តល់ប្រាក់បន្ថែម ១,០០០ដុល្លារក្នុងខែសម្រាប់ថ្លៃជួល ប្រសិនបើពួកគេរស់នៅក្នុងរង្វង់ប្រហែលជិត ១គីឡូម៉ែត្រ ពីការិយាល័យ»។
យ៉ាងណាមិញ ពុំមែនមានតែក្រុមហ៊ុន PayPal ទេដែលបានធ្វើបែបនេះ សូម្បីក្រុមហ៊ុនសម្បុកបច្ចេកវិទ្យា Meta របស់លោក Mark Zuckerberg ក៏ផ្តល់ការលើកទឹកចិត្ដដល់បុគ្គលិកឲ្យមករស់នៅក្បែរការិយាល័យរបស់ខ្លួនផងដែរ។ ក្រុមហ៊ុន Meta ផ្តល់ជូននិយោជិតជាមួយគ្រួសារនូវការទូទាត់មួយដងយ៉ាងហោចណាស់ ១៥,០០០ដុល្លារ សម្រាប់លំនៅដ្ឋាន ប្រសិនបើពួកគេរើសមករស់នៅក្នុងចម្ងាយប្រហែល ១៦គីឡូម៉ែត្រពីទីស្នាក់ការកណ្តាលរបស់ខ្លួន។ នេះបើតាមការឲ្យដឹងពីកាសែត The Guardian។
ក្នុងនោះ ក្រុមហ៊ុនច្បាប់ Davis Polk & Wardwell ក៏ធ្លាប់បានប្រកាសប្រាប់និយោជិតរបស់ខ្លួនផងដែរថា ប្រាក់រង្វាន់របស់ពួកគេអាចត្រូវបានកាត់បន្ថយ ប្រសិនបើពួកគេមិនមានវត្តមានក្នុងការិយាល័យរយៈពេល បីថ្ងៃក្នុងមួយសប្តាហ៍។ នេះបើតាមការរាយការណ៍ពីកាសែត Wall Street Journal៕

