មិនមែនជារឿងលេងសើចទេ! ការបង្ហាញអារម្មណ៍ Sad នៅលើបណ្តាញសង្គម អាចជះផលអវិជ្ជមានដល់ផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរ
SOKLY - កូនផ្កាឈូក
JUNE 12 2025
ឌីជីថល
31 views
1 min read

បច្ចេកវិទ្យាដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស បានធ្វើឲ្យបណ្តាញសង្គមក្លាយជា​ផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់មនុស្សជាច្រើន។ ទោះបីជាវាមានអត្ថប្រយោជន៍ច្រើនក្តី ក៏ការប្រើប្រាស់វាបានបង្កផលប៉ះពាល់អវិជ្ជមានផងដែរ។ មនុស្សមួយចំនួនចូលចិត្តបង្ហាញអារម្មណ៍ Sad ឬ Drama តាមបណ្តាញសង្គមដោយមិនដឹងថា វាអាចប៉ះពាល់ដល់អាជីព ការងារ និងអនាគតហិរញ្ញវត្ថុរបស់ពួកគេ។

ជុំវិញរឿងនេះ Technology Cambodia សូមលើកបង្ហាញពីផលអវិជ្ជមានមួយចំនួនដែលអាចជះឥទ្ធិពលអាក្រក់ដល់ផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរ តាមរយៈការបង្ហាញអារម្មណ៍ Sad ឬ Drama តាមបណ្តាញសង្គម៖

. ឱកាស៖ ការបង្ហាញអារម្មណ៍អវិជ្ជមានជាញឹកញាប់អាចធ្វើឲ្យមិត្តរួមបណ្តាញសង្គមមើលអ្នកជាបុគ្គលដែលខ្វះស្ថិរភាពផ្លូវចិត្ត។ វាអាចបណ្ដាលឲ្យអ្នកបាត់បង់ឱកាសការងារល្អៗ ព្រោះមនុស្សជុំវិញគិតឲ្យល្អិតល្អន់មុនផ្តល់ឱកាសដល់អ្នក។ ឱកាសគឺដូចមាសប្រាក់ បើបាត់ទៅក៏ពិបាកស្វែងរកវិញ។

. ការងារ៖ មនុស្សដែលបង្ហាញអារម្មណ៍ច្រើនពេក អាចប៉ះពាល់ដល់ផលិតភាពការងារ និងការវាយតម្លៃពីថ្នាក់ដឹកនាំ។ ប្រសិនបើអ្នកគឺជាបុគ្គលិកធម្មតា វាអាចរាំងស្ទះឱកាសឡើងតំណែង។ បើអ្នកជាអ្នកដឹកនាំវិញ ការបង្ហាញខ្សោយផ្លូវចិត្តលើបណ្តាញសង្គមអាចប៉ះពាល់ដល់សក្ដានុពលនៃការដឹកនាំ និងភាពជាឧទាហរណ៍ល្អសម្រាប់ក្រុមការងារ។

. តម្លៃ៖ សកម្មភាពលើបណ្តាញសង្គមអាចបញ្ជាក់ពីអត្តសញ្ញាណ និងបុគ្គលិកលក្ខណៈរបស់អ្នក។ ការបង្ហាញអារម្មណ៍អវិជ្ជមានអាចធ្វើឲ្យតម្លៃផ្ទាល់ខ្លួនរបស់អ្នកធ្លាក់ចុះដោយមិនដឹងខ្លួន។ មនុស្សនៅជុំវិញនឹងវាយតម្លៃអ្នកតាមរយៈអ្វីដែលអ្នកបានបង្ហាញឲ្យគេឃើញ។

គួរជម្រាបផងដែរថា បណ្តាញសង្គមអាចជាឧបករណ៍ដែលមានប្រយោជន៍ ឬក៏ជាអាវុធដែលបង្កគ្រោះថ្នាក់ ដោយផ្អែកលើរបៀបប្រើប្រាស់។ ដូច្នេះ សូមប្រុងប្រយ័ត្នក្នុងការបង្ហាញអារម្មណ៍ Sad ឬ Drama ជាពិសេសនៅលើវេទិកាសាធារណៈ ដើម្បីការពារតម្លៃខ្លួនឯង ការងារ និងឱកាសដ៏មានតម្លៃនៅអនាគត៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia