កាលពីថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ មានអ្នកប្រើប្រាស់ជាច្រើននៅជុំវិញពិភពលោក បានជួបបញ្ហា ChatGPT មិនដំណើរការ ឬគាំងពេលកំពុងប្រើប្រាស់ អស់រយៈពេល ២-៣ ម៉ោង។ នេះបើយោងតាមការចុះផ្សាយរបស់ The Economics Times។
ប្រភពដដែលបានឱ្យដឹងថា ពាក់ព័ន្ធនឹងបញ្ហាជាប់គាំងរបស់ ChatGPT លើកនេះ ត្រូវបានអ្នកជំនាញបញ្ជាក់ថា វាអាចបណ្ដាលមកពីមូលហេតុធំៗ២គឺ៖
ទី១-Server របស់ OpenAI មានបញ្ហា ឬ អ្នកប្រើប្រាស់ច្រើនលើសកំណត់៖ OpenAI ប្រើ Cloud Server ដើម្បីបម្រើអ្នកប្រើប្រាស់ ChatGPT ជាសកល។ ពេលខ្លះបើមានអ្នកប្រើប្រាស់ច្រើនពេក នៅពេលតែមួយ (Peak hours) ប្រព័ន្ធអាចមិនទាន់ទទួលបន្ទុកបាន និងបណ្តាលឱ្យគាំង។ ពេលខ្លះក៏អាចមានការថែទាំប្រព័ន្ធ ឬកែប្រែ Version ធំៗ ដូច្នេះ OpenAI អាចបិទប្រព័ន្ធបណ្ដោះអាសន្ន។
ទី២-បណ្តាញអ៊ីនធឺណិត ឬ Browser ខូចខាត៖ មូលហេតុដែលមើលទៅធម្មតា តែប៉ះពាល់ច្រើនគឺការតភ្ជាប់អ៊ីនធឺណិតខ្សោយ ឬ Browser មាន Extension ឬ cache បង្កឱ្យ ChatGPT មិនដំណើរការ។ ប្រសិនបើអ្នកប្រើ Browser Chrome, Brave ឬ Firefox អាចជួបបញ្ហានេះបាន។
គួរជម្រាបផងដែរថា ពេលដែល ChatGPT ជាប់គាំង មានអ្នកប្រើប្រាស់ជាច្រើនបានបង្ហោះសារ បញ្ចេញមតិរបស់ពួកគេជាច្រើននៅលើបណ្ដាញសង្គម។ ឆ្លើយតបទៅនឹងការបង្ហោះទាំងអស់នោះ OpenAI ដែលជាម្ចាស់ ChatGPT បានទទួលស្គាល់នូវបញ្ហា ហើយលើកឡើងថាខ្លួនកំពុងស៊ើបអង្កេតបន្ត៕