ដោយសារតែការប្រើប្រាស់បណ្ដាញសង្គម TikTok ត្រូវផ្លូវបានធ្វើឱ្យ អ្នកស្រី Jasmine Taylor អាចបង្កើតជាអាជីវកម្មផ្ទាល់ខ្លួនមួយ ដែលទាញចំណូលបានដល់ទៅជាង ៨៥ម៉ឺនដុល្លារ ហើយគាត់គ្រោងថាវានឹងកើនដល់ ១លានដុល្លារក្នុងពេលឆាប់ៗខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។ ខាងក្រោមនេះជារបៀបនៃការប្រើប្រាស់ TikTok របស់អ្នកស្រី Taylor ដែលលោកអ្នកអាចស្វែងយល់ ឬយកជាគម្រូបាន៖
១. សម្លឹងរកប្រធានបទទាក់ទាញ
បន្ទាប់ពីចំណាយពេលជាមួយនឹងការបង្កើតវីដេអូនៅលើ TikTok មួយរយៈ អ្នកស្រី Taylor ក៏បានចាប់អារម្មណ៍ថា ប្រធានបទដែលនិយាយពីបញ្ហាហិរញ្ញវត្ថុ គឺអាចទាក់ទាញចំណាប់អារម្មណ៍មនុស្សជាខ្លាំង។ ដូច្នេះហើយគាត់ក៏សម្រេចចិត្ត បង្កើតមាតិកាទាក់ទងនឹងការចាត់ចែងលុយ ក៏ដូចជានិយាយពីបញ្ហាផ្សេងៗ ទាក់ទងនឹងការចាយវាយលុយ។
២. រកផលិតផលដែលទាក់ទងយកមកលក់
ក្រោយពីមានអ្នកតាមដាន វីដេអូរបស់គាត់ច្រើន អ្នកស្រី Taylor ក៏បានយកសៀវភៅសម្រាប់បែងចែកកញ្ចប់លុយយកមកលក់។ សៀវភៅបែងចែកកញ្ចប់លុយពិតជាសក្ដិសមជាមួយនឹង ប្រធានបទហិរញ្ញវត្ថុនៃវីដេអូរបស់គាត់ខ្លាំងណាស់ ដូច្នេះហើយទើបគាត់អាចលក់ដាច់ជាបន្តបន្ទាប់។
ក្រៅពីការលក់ទំនិញដែលពាក់ព័ន្ធនឹងប្រធានបទ អ្នកស្រីក៏បាន បង្កើតជាវគ្គសិក្សាខ្លីៗបន្ថែមទៀត ដែលតម្រូវឱ្យមនុស្សបង់លុយដើម្បីបានចូលរៀន។ ព្រោះតែប្រធានបទទាក់ទាញនិងអាចដោះស្រាយបញ្ហា ដែលមនុស្សកំពុងប្រឈម ជាហេតុធ្វើឱ្យគាត់មានអ្នកគាំទ្រច្រើនជាបន្តបន្ទាប់។
៣. បន្តចែករំលែករឿងល្អៗដល់សង្គម
អ្នកស្រីបង្ហើបដែរថា មិនថាអ្នករើសយកមាតិកាអ្វីយកមកធ្វើនៅលើ TikTok ឡើយ សូមឱ្យប្រាកដថា មាតិកាទាំងនោះបានផ្ដល់ជាប្រយោជន៍វិជ្ជមានជូនទៅកាន់សង្គម។ មាតិកាវិជ្ជមានអាចជួយឱ្យមានគេគាំទ្រអ្នកយូរអង្វែង បើមាតិកាមិនល្អអ្នកល្បីក៏គ្មានន័យអ្វីដែរ។
សូមជម្រាបផងដែរថា បើទោះបីជាពេលនេះអ្នកស្រី Taylor មានចំណូលច្រើនប៉ុនណាក៏ដោយក៏គាត់នៅតែកំណត់ប្រាក់ខែឱ្យខ្លួនឯងតែ ១,២០០ដុល្លារ ក្រៅពីហ្នឹងគឺទុកចំណាយលើអាជីវកម្មរបស់គាត់។ មានន័យថា ពេលដែលអ្នកធ្វើវីដេអូនៅលើ TikTok អ្នកមិនមែនគ្រាន់តែចែករំលែក១មុខនោះទេ អ្នកត្រូវធ្វើជាគម្រូជានិច្ចផង ទើបអាចរក្សាទឹកចិត្តរបស់អ្នកតាមដានវីដេអូរបស់អ្នកបាន៕