២០២៣ ចង់លក់អនឡាញ នេះជា៦ចំណុចខ្លីខ្លឹម ដែលអ្នកត្រូវដឹង បើមិនចង់ឡុងចុងតាំងពីចាប់ផ្ដើមដំបូង
Navasiri Morm
JUNE 2 2023
អាជីវកម្ម 4.0
1.2 K views
2 mins read

បច្ចុប្បន្ននេះ ការលក់ទំនិញអនឡាញ គឺជារបរដ៏ពេញនិយមបំផុតមួយ ដែលអាចជួយឱ្យម្ចាស់អាជីវកម្មជាច្រើន អាចរកចំណូលបានមានឱកាសរកចំណូលបានច្រើន ហើយសូម្បីតែសិស្សសាលា ឬអ្នកធ្វើការក៏អាចឆ្លៀតចាប់របរអនឡាញសម្រាប់រកចំណូលបន្ថែមដើម្បីផ្គត់ផ្គង់ជីវភាពបានផងដែរ។ ថ្ងៃនេះ Technology Cambodia នឹងលើយកនូវរឿងសំខាន់ៗទាំង៦ ដែលអ្នកចង់ចាប់ផ្ដើមលក់អនឡាញនៅក្នុងឆ្នាំ២០២៣ ត្រូវតែដឹងដូចខាងក្រោម៖

១.រើសផលិតផលដែលអ្នកស្រលាញ់៖ រើសផលិតផលដែលអ្នកស្រលាញ់ និងដឹងពីវាគឺជាចំណុចសំខាន់បំផុតមួយនៅក្នុងការលក់អនឡាញ។ ដោយហេតុថា ប្រសិនបើអ្នកមានចំណង់ចំណូលចិត្តលើអ្វីមួយ អ្នកនឹងសិក្សាពីផលិតផលនោះដោយស្វ័យប្រវត្តិ ហើយអ្នកក៏មិនខ្វះគំនិតក្នុងការបង្ហាញផ្សព្វផ្សាយផលិតផលទាំងអស់នោះកាន់អតិថិជននោះឡើយ។

២.ស្គាល់ប្រភពទំនិញ៖ ដើម្បីអាចចំណេញច្រើនពីការលក់អនឡាញ អ្នកត្រូវចេះបញ្ជាទិញទំនិញពីប្រភពដើមល្អៗ អាចជាការបញ្ជាទិញទំនិញពីរោងចក្រក្រៅប្រទេស ឬបញ្ជាទិញពីកន្លែងបេះដុំល្អៗក៏បាន។ បន្ថែមពីនេះទៀត ប្រសិនបើអ្នកអាចច្នៃប្រឌិតផលិតផលដោយខ្លួនឯងគឺកាន់តែប្រសើរ។

៣.ចាប់ផ្ដើមពីដើមទុនតិច៖ ២០២៣ អ្នកគួរតែរៀនចាប់ផ្ដើមពីតូចដោយចំណាយដើមទុនតិចតួចសិន ប្រសិនបើដំណើរការល្អលក់ដាច់ច្រើន ចាំពង្រីកជាបន្ដបន្ទាប់ក៏មិនយឺតពេលដែរ។ ជៀសវាងការចាក់លុយទាំងដុលៗ ពេលដួលឈឺខ្លាំងបាក់ទឹកចិត្តខ្លាចលែងចង់រកស៊ីបន្ដទៀត។

៤.តេស្ដគំនិតក្នុងទីផ្សារ៖ ដើម្បីកុំឱ្យជួបបញ្ហាលក់មិនចេញគាំងទំនិញចោលក្នុងស្ដុង មុននឹងវិនិយោគលុយទិញទំនិញណាមួយមកស្ដុកទុកលក់ អ្នកគួរតែចាយលុយតិចតួចតេស្ដទីផ្សារសិន។ ឧទាហរណ៍ថា អ្នកចង់លក់នាឡិកា អ្នកអាចទិញនាឡិកាមួយ ហើយថតរូប ឬផលិតជាវីដេអូពីនាឡិកានោះ បង្ហោះផ្សព្វផ្សាយលើ Facebook ដើម្បីសាកល្បងសិន។ ប្រសិនបើឃើញថាមានអ្នកចាប់អារម្មណ៍ចង់ទិញច្រើន សឹមទិញនាឡិកាថែមចូលស្ដុកយកមកផ្សព្វផ្សាយលក់។

ការតេស្ដទីផ្សារមុន គឺជាយុទ្ធសាស្ដ្រដ៏ឆ្លាតវ័យមួយ​ដែលជួយឱ្យអ្នកដឹងថាគំនិតអាជីវកម្មរបស់អ្នកដើរឬអត់ ពោលគឺអ្នកនឹងខាតលុយនិងពេលវេលាច្រើននោះឡើយ។

៥​.ចេះផ្សព្វផ្សាយលើបណ្ដាញសង្គម៖ ដើម្បីឱ្យការលក់អនឡាញអ្នកដំណើរការល្អ អ្នកគួរតែចេះពីរបៀបប្រើប្រាស់បណ្ដាញសង្គមក្នុងការផ្សព្វផ្សាយ។ ហើយនៅក្នុងឆ្នាំ២០២៣នេះ អ្នកគួរតែចេះផ្សាយលើគ្រប់បណ្ដាញសង្គមជួរមុខ មិនថាតែ Facebook TikTok Instagram YouTube ឬ Telegram នោះឡើយ។ ការដែលយើងបង្កើតគណនីផ្សព្វផ្សាយគ្រប់បណ្ដាញសង្គមបែបនេះ នឹងជួយកាត់បន្ថយហានិភ័យ ដោយហេតុថា ប្រសិនបើ Facebook មានធ្វើបច្ចុប្បន្នភាព​ ហើយការផ្សព្វផ្សាយមានការរអាក់រអួលមួយខែ អ្នកនៅតែមានបណ្ដាញសង្គមផ្សេងទៀតផ្សាយលក់បាន។

៦. ពង្រឹងជំនាញទីផ្សារ និងការលក់៖ បើចង់ទទួលបានជោគជ័យក្នុងវិស័យលក់ទំនិញអនឡាញ អ្នកត្រូវតែចេះធ្វើទីផ្សារនិងចេះជំនាញលក់។ បើទោះបីជាអ្នក មានផលិតផលឬសេវាកម្មល្អអស្ចារ្យយ៉ាងណាក៏ដោយ ប៉ុន្ដែបើអ្នកមិនចេះធ្វើទីផ្សារនិងការលក់ មិនចេះពីវិធីសាស្រ្តក្នុងការធ្វើការផ្សព្វផ្សាយឱ្យគេបានដឹង មិនចេះប្រើពាក្យពេចន៍ជាមួយអតិថិជនទេនោះ អ្នកប្រាកដជាមិនអាចលក់ផលិតផលរបស់អ្នកដាច់ឡើយ។ ដូច្នេះហើយ បើចង់ជោគជ័យនៅលើវិស័យអ្នកឡាញ អ្នកគួរតែព្យាយាមអភិវឌ្ឍន៍ជំនាញនេះឱ្យបានជាប្រចាំ។

 
បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia