សកម្មភាពឆក់លុយតាមសារ (Smishing) កំពុងកើនឡើងយ៉ាងគួរឱ្យព្រួយបារម្ភ សូម្បីតែភ្នាក់ងារ FBI ក៏តែងតែចេញនូវសារព្រមានជារឿយៗ ដើម្បីឱ្យអ្នកប្រើប្រាស់ស្មាតហ្វូន បង្កើនការប្រុងប្រយ័ត្ន។ ខាងក្រោមនេះជាចំណុចសម្គាល់ ទាំង៥ ដែលអាចបញ្ជាក់បានថា សារដែលផ្ញើមកលោកអ្នកអាចជាសារក្លែងបន្លំ៖
ទី១-លេខអត់ស្គាល់ ឬលេខចម្លែក៖ សូមកុំទុកចិត្តសារ ដែលផ្ញើចូលមកដោយប្រើ លេខមិនស្គាល់ ឬមិនមែនលេខផ្លូវការរបស់ស្ថាប័នណាមួយ។
ទី២-ស្នើឱ្យចូល Login៖ សូមចាំថា មិនមានធនាគារណាមួយ ស្នើឱ្យអតិថិជនរបស់ខ្លួនចូលគណនីតាមតំណភ្ជាប់ (Link) តាមរយៈសារ នោះទេ។
ទី៣-សរសេរពាក្យមិនច្បាស់៖ ស្ថាប័នផ្លូវការ ជាទូទៅនឹងមានការយកចិត្តទុកដាក់លើការសរសេរពាក្យពេចន៍យ៉ាងត្រឹមត្រូវ តែបើជាសារក្លែងបន្លំ អាចនឹងមានច្រឡំ Grammar ឬមានពាក្យខុសអក្ខរាវិរុទ្ធ ឬអានមិនសូវយល់ បើជាភាសាខ្មែរ។
ទី៤-ប្រើពាក្យបំភ័យ៖ ដូចជា “គណនីអ្នកនឹងត្រូវបិទ,” ឬ “ត្រូវធ្វើឱ្យបានក្នុង ២៤ម៉ោង” — គឺជាវិធីដើម្បីឱ្យអ្នកភ័យហើយចុចលើតំណភ្ជាប់។
ទី៥-មានលីងតំណលីង៖ តំណភ្ជាប់ដែលគេផ្ញើអាចនាំឱ្យអ្នកចូលទៅគេហទំព័រដែលបន្លំដើម្បីយកពត៌មានផ្ទាល់ខ្លួនរបស់អ្នក។
ប្រសិនបើអ្នកឃើញសារដែលមានលក្ខណៈដូចទៅនឹងចំណុចដែលលើកឡើងនៅខាងលើនេះ សូមកុំចុចតំណភ្ជាប់ណាមួយ ហើយប្រញាប់លុបចេញភ្លាម ដើម្បីការពារកុំឱ្យមានបញ្ហា៕