មានឧបករណ៍ជាងមួយលានមុខ រួមទាំងទូរទស្សន៍ ទូរស័ព្ទ ជាពិសេសសម្ភារៈឆ្លាតវៃក្នុងផ្ទះ ដែលដំណើរការដោយប្រព័ន្ធ Android ត្រូវបាន Hacker បំពាក់មេរោគ និងគ្រប់គ្រងពីចម្ងាយ ខណៈអ្នកប្រើប្រាស់មិនដឹងខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់ Silive.com នាថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៥។
មជ្ឈមណ្ឌលបណ្តឹងឧក្រិដ្ឋកម្មអ៊ីនធឺណិតរបស់ FBI បានលើកឡើងថា៖ «ឧក្រិដ្ឋជនតាមអ៊ីនធឺណិតបានលួចចូលប្រើឧបករណ៍ឆ្លាតវៃក្នុងផ្ទះដោយគ្មានការអនុញ្ញាតតាម ២របៀបគឺ មុនពេលអ្នកប្រើប្រាស់ទិញ និងក្នុងអំឡុងពេលដំឡើងប្រើប្រាស់ឧបករណ៍ទាំងនោះ»។
ក្នុងនោះភ្នាក់ងារ FBI ក៏បានបញ្ជាក់ផងដែរថា ការបញ្ចូលមេរោគដែលគេហៅថា BADBOX 2.0 ត្រូវបានគេរកឃើញថា កំពុងគ្រប់គ្រងឧបករណ៍ជាច្រើន ដើម្បីប្រើវាក្នុងការធ្វើសកម្មភាពខុសច្បាប់ដូចជា លួចទិន្នន័យ, ការលក់សិទ្ធចូលប្រើប្រាស់បណ្តាញក្នុងផ្ទះ និងឲ្យ Hacker មើលនិងគ្រប់គ្រងឧបករណ៍ទាំងនោះ ជាដើម។
យ៉ាងណាមិញ ភ្នាក់ងារ FBI បានលើកទឹកចិត្តដល់អ្នកប្រើប្រាស់ទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការជ្រើសរើស និងប្រើប្រាស់ឧបករណ៍ឆ្លាតវៃ ដើម្បីរក្សាសុវត្ថិភាពសម្រាប់ខ្លួនឯង និងគ្រួសារ។ ប្រសិនបើអ្នកមានឧបករណ៍ប្រតិបត្តិការដោយប្រព័ន្ធ Android ដែលគេចោទថា “Free Streaming” ឬ “Unlocked” សូមពិចារណាពីហានិភ័យមុននឹងប្រើប្រាស់៕