មេធំ Coupang ប្រើល្បិច១នេះ ផ្តួលគូប្រកួតAmazon ក្លាយជាក្រុមហ៊ុនE-Commerce ធំជាងគេនៅកូរ៉េ
SOKLY - កូនផ្កាឈូក
JUNE 22 2025
ឌីជីថល
7 views
3 mins read

លោក Bom Kim ត្រូវបានគេស្គាល់ថា ជាស្ថាបនិកក្រុមហ៊ុន E-Commerce ធំជាងគេបំផុត និងល្បីល្បាញមួយដែលមានឈ្មោះថា “Coupang” ដែលក្រុមហ៊ុនមួយនេះបាននឹងកំពុងតែនាំមុខក្រុមហ៊ុន Amazon របស់មហាសេដ្ឋីលេខ២ Jeff Bezos នៅក្នុងប្រទេសកូរ៉េ។

លោក Kim Beom-seok (김범석) ឬ Bom Kim កើតនៅក្នុងឆ្នាំ១៩៧៨ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។ នៅអាយុ ៧ឆ្នាំគ្រួសារគាត់បានផ្លាស់ទីទៅរស់នៅសហរដ្ឋអាមេរិក។ ហើយក្រោយពេលដែល Kim បញ្ចប់ថ្នាក់វិទ្យាល័យ គាត់ក៏បានប្រលងជាប់ទៅរៀនតនៅសកលវិទ្យាល័យ Harvard ប៉ុន្ដែទើបតែរៀនបាន៦ខែ Kim បានសម្រេចចិត្តឈប់រៀន ហើយចេញមករកស៊ីតាមក្តីស្រមៃរបស់ខ្លួនទៅវិញ។

ក្រោយពីបោះបង់សកលវិទ្យាល័យ Kim មានបំណងចង់រកស៊ីមុខរបរដែលទាក់ទងទៅនឹងទស្សនាវដ្តី។ហើយគាត់ក៏បានទៅធ្វើការនៅក្រុមហ៊ុន The New Republic ដែលជាក្រុមហ៊ុនទស្សនាវដ្តីមួយកន្លែងនៅសហរដ្ឋអាមេរិក។ ក្រោយធ្វើការមិនបានយូរប៉ុន្មានគាត់ក៏បានសម្រេចចិត្តលាឈប់ពីការងារនោះមកបើកអាជីវកម្មផ្ទាល់ខ្លួនវិញ ជាមួយប្រាក់សន្សំបន្តិចបន្តួចពីការងារចាស់នោះ ដោយលោកបានបើកក្រុមហ៊ុនទស្សនាវដ្តីមួយដែលមានឈ្មោះថា “Current”។

មិនយូរប៉ុន្មានក្រុមហ៊ុន ទស្សនាវដ្តីរបស់លោក Kim ក៏ចាប់ផ្តើមទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន សិស្ស និស្សិតជាច្រើន។ រហូតដល់លោកអាចប្រមូលបានប្រាក់ជាង ៤ លានដុល្លារពីអាជីវកម្មមួយនេះ។ ក្រោយពីជោគជ័យទៅលើអាជីវកម្មទីមួយ Kim មានមហិច្ឆតាចង់បង្កើតអ្វីដែលអស្ចារ្យជាងនេះទៀត។ ដោយលោកបានសម្លឹងមើលអាជីវកម្មបច្ចេកវិទ្យា E-Commerce វិញម្តង។

នៅក្នុងឆ្នាំ ២០១០ លោកក៏បានសម្រេចិត្តត្រឡប់ទៅស្រុកកំណើតរបស់លោកនៅឯប្រទេសកូរ៉េវិញ បន្ទាប់មកលោកក៏បានបង្កើតក្រុមហ៊ុន E-Commerce មួយដែលមានឈ្មោះថា “Coupang” ជាក្រុមហ៊ុន ទិញ លក់ទំនិញ ដែលស្រដៀងគ្នាជាមួយ Amazon ដែរ។ យ៉ាងណាមិញ បើទោះបីជា ៣ឆ្នាំដំបូងនៃការរកស៊ីហាក់ដំណើរការទៅគ្មានភាពរអាក់រអួលក៏ពិតមែន ប៉ុន្ដែបញ្ហាប្រឈមរបស់លោក Kim គឺត្រូវប្រគួតប្រជែងជាមួយនឹងក្រុមហ៊ុន E-Commerce យក្ស Amazon របស់មហាសេដ្ឋីអាមេរិក Jeff Bezos ដែលពេលនោះកំពុងតែបោះជំហានវាយលុកទីផ្សារប្រទេសកូរ៉េខាងត្បូង។

ក្រោយពីដេកគិតអស់មួយរយៈធំ លោក Bom Kim ក៏បានរកឃើញយុទ្ធសាស្រ្ដដ៏អស្ចារ្យមួយដែលអាចផ្ដួល Amazon បាន  ពោលគឺតាមរយៈការបង្កើតសេវាកម្មដឹកជញ្ជូនទូទាំងប្រទេស ២៤ម៉ោងហៅថា Rocket Delivery លឿនជាង និងថោកជាង Amazon។ ដោយអតិថិជនកុម្ម៉ង់ទំនិញនៅពេលយប់ នៅមុនម៉ោង៧ព្រឹកទំនិញនឹងទៅដល់មុខផ្ទះរបស់ពួកគេតែម្ដង។ ចាប់តាំងពីបង្កើតសេវាកម្មនេះមក ប្រជាជនកូរ៉េរាប់លាននាក់បានងាកមកទិញទំនិញតាមរយៈ “Coupang” ខ្លះលែងមើលមុខ Amazon តែម្ដង។ ហើយអតិថិជនភាគច្រើន ពិតជាចូលចិត្តសេវាកម្មកុម្ម៉ង់ទំនិញពេលយប់ហើយចូលដេក បើកភ្នែកបានទំនិញនៅពេលព្រឹកនេះណាស់ ដែលជំរុញឲ្យក្រុមហ៊ុននេះអាចរកចំណូលសរុបពីការលក់បានប្រមាណជាង១ពាន់លានដុល្លារឯណោះត្រឹមរយៈពេលបីឆ្នាំ៣ដំបូង។

ជាមួយគ្នានេះដែរ កាលពីឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះលោក Kim ប្រមូលទុនសម្រាប់ពង្រីក “Coupang” បានជាង ៣.៦ពាន់លានដុល្លារ ពី Softbank, Sequoia Capital និង BlackRock។ ហើយបើគិតមកទល់នឹងពេលនេះ ក្រុមហ៊ុន “Coupang” បានក្លាយជាក្រុមហ៊ុនលក់ទំនិញអនឡាញធំជាងគេបំផុតនៅប្រទេសកូរ៉េ និងមានតម្លៃជាង ៩ពាន់លានដុល្លារ មានបុគ្គលិកបម្រើការជាង ៤០,០០០នាក់ និងមានការិយាល័យនៅទីក្រុងសេអ៊ូល សៀងហៃ ប៉េកាំង ឡូស អេនជឺលេស ស៊ីថល និងស៊ីលីខន វ៉ាលី រួមទាំងមានប្រជាជនកូរ៉េប្រមាណជា ២៥លាននាក់កំពុងតែប្រើប្រាស់ “Coupang” ផងដែរ។

ដោយមានការគាំទ្រយ៉ាងច្រើនដូច្នេះហើយ ជាហេតុធ្វើឱ្យលោក Bom Kim ក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតរបស់កូរ៉េខាងត្បូងនៅអាយុ ៤០ឆ្នាំ។ គិតត្រឹមខែ សីហា ឆ្នាំ ២០២១ ទ្រព្យសម្បត្តិសុទ្ធរបស់លោកមានប្រមាណ ៨.៩០ ពាន់លានដុល្លារ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Bloomberg៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia