ចាប់ពីពេលនេះតទៅ ពលរដ្ឋខ្មែរដែលដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ប្រភេទ F, M, ឬ J ត្រូវកំណត់ឯកជនភាពលើគណនីបណ្តាញសង្គមទាំងអស់របស់ខ្លួនទៅជា «សាធារណៈ» ឬ Public Profile។ នេះបើយោងតាមសេចក្តីប្រកាសរបស់ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។
អ្នកដាក់ពាក្យសុំទិដ្ឋាការត្រូវតែរាយការណ៍អំពីឈ្មោះគណនីបណ្តាញសង្គមទាំងអស់ ដែលខ្លួនបានប្រើប្រាស់ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយលើទម្រង់ដាក់ពាក្យសុំទិដ្ឋាការ DS-160។ ពួកគេត្រូវតែបញ្ជាក់ថាព័ត៌មានក្នុងពាក្យសុំទិដ្ឋាការគឺពិតប្រាកដ និងត្រឹមត្រូវមុនពេលចុះហត្ថលេខា និងបញ្ជូន។
ដោយឡែក បើមិនបានបញ្ជាក់ព័ត៌មានបណ្តាញសង្គមនៅក្នុងពាក្យសុំទិដ្ឋាការអាចនាំឱ្យមានការបដិសេធមិនឲ្យទទួលបានទិដ្ឋាការ និងមិនអាចមានសិទ្ធិទទួលបានទិដ្ឋាការនាពេលអនាគត។
គួរជម្រាបផងដែរថា ការបង្កើតលក្ខខណ្ឌមួយនេះ ធ្វើឡើងដើម្បីសម្រួលដល់ការត្រួតពិនិត្យជាចាំបាច់ទៅលើអត្តសញ្ញាណ និងវិនិច្ឋ័យលើបេក្ខជនទាំងឡាយណា ដែលពុំអាចអនុញ្ញាតឱ្យចូលទៅកាន់សហរដ្ឋអាមេរិកបានក្នុងនោះរួមមានអ្នក ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិអាមេរិក៕