អតីតបុគ្គលិកម្នាក់បាននិយាយថា ក្រុមហ៊ុន PayPal បានបង់ប្រាក់បន្ថែមចំនួន ១០០០ដុល្លារក្នុងមួយខែ ដល់បុគ្គលិកគ្រប់រូប ប្រសិនបើពួកគេរើសមករស់នៅក្បែរការិយាល័យ។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន Business Insider ចុះនាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។
លោក Michael Gibson ជាអតីតបុគ្គលិកអស់រយៈពេល៥ឆ្នាំ របស់លោក Peter Thiel ដែលជាសហស្ថាបនិកក្រុមហ៊ុន PayPal បានថ្លែងយ៉ាងដូច្នេះថា៖ «Thiel រស់នៅចម្ងាយត្រឹម ៤០០យ៉ាត (០.៣៧គីឡូម៉ែត្រ) ពីការិយាល័យនៅ San Francisco។ គាត់បានលើកទឹកចិត្តបុគ្គលិករើសទៅរស់នៅតំបន់ក្បែរគ្នានោះផងដែរ ដើម្បីកាត់បន្ថយភាពយឺតយ៉ាវ និងសម្រាប់កិច្ចប្រជុំដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅថ្ងៃចុងសប្តាហ៍»។ លោក Michael Gibson បានបន្តទៀតថា៖ «និយោជិតត្រូវបានផ្តល់ប្រាក់បន្ថែម ១,០០០ដុល្លារក្នុងខែសម្រាប់ថ្លៃជួល ប្រសិនបើពួកគេរស់នៅក្នុងរង្វង់ប្រហែលជិត ១គីឡូម៉ែត្រ ពីការិយាល័យ»។
យ៉ាងណាមិញ ពុំមែនមានតែក្រុមហ៊ុន PayPal ទេដែលបានលើកទឹកចិត្តបុគ្គលិកឲ្យមកធ្វើការជិតការិយាល័យ សូម្បីក្រុមហ៊ុនសម្បុកបច្ចេកវិទ្យា Meta របស់លោក Mark Zuckerberg ក៏ផ្តល់ការលើកទឹកចិត្តបុគ្គលិកឲ្យមករស់នៅក្បែរការិយាល័យរបស់ខ្លួនផងដែរ។ ក្រុមហ៊ុន Meta ផ្តល់ជូននិយោជិតជាមួយគ្រួសារនូវការទូទាត់មួយដងយ៉ាងហោចណាស់ ១៥,០០០ដុល្លារ សម្រាប់លំនៅដ្ឋាន ប្រសិនបើពួកគេរើសមករស់នៅក្នុងចម្ងាយប្រហែល ១៦គីឡូម៉ែត្រពីទីស្នាក់ការកណ្តាលរបស់ខ្លួន។ នេះបើតាមកាសែត The Guardian។
ក្នុងនោះ ក្រុមហ៊ុនច្បាប់ Davis Polk & Wardwell ក៏ធ្លាប់បានប្រកាសប្រាប់និយោជិតរបស់ខ្លួនថា ប្រាក់រង្វាន់របស់ពួកគេអាចត្រូវបានកាត់បន្ថយ ប្រសិនបើពួកគេមិននៅក្នុងការិយាល័យរយៈពេល បីថ្ងៃក្នុងមួយសប្តាហ៍។ នេះបើតាមការរាយការណ៍ពីកាសែត Wall Street Journal៕