ដំណឹងល្អ! មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីតេជោ បើកទទួលពាក្យស្នើសុំកម្មវិធីនវានុវត្តន៍បញ្រ្ចាស រដូវកាលទី៤
Navasiri Morm
AUGUST 20 2024
អាជីវកម្ម 4.0
136 views
3 mins read

ដោយមើលឃើញពីសារៈសំខាន់របស់បច្ចេកវិទ្យាហិរញ្ញវត្ថុ និង ផ្អែកលើភាពជោគជ័យ នៃរដូវកាលចាស់កន្លងមក, មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) បានសម្រេចធ្វើការរៀបចំ និង ចាប់ផ្តើមបើកទទួលពាក្យស្នើសុំកម្មវិធី «នវានុវត្តន៍បញ្រ្ចាស» រដូវកាលទី ៤ ដោយមានការជ្រោមជ្រែងពីសំណាក់អ្នកសហការរៀបចំកម្មវិធីរួមមាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក-វិទ្យា និងនវានុវត្ដន៍, សហគ្រិនខ្មែរ និង សមាគមធនាគារនៅកម្ពុជា ព្រមជាមួយនឹងធនាគារ វីង ដែលជាអ្នកឧបត្ថម្ភធំផងដែរ។

កម្មវិធីនវានុវត្តន៍បញ្រ្ចាស រដូវកាលទី ៤ គឺជាកម្មវិធីពន្លឿនអាជីវកម្មមួយដែលផ្ដោតលើប្រធានបទបច្ចេកវិទ្យាហិរញ្ញវត្ថុជាចំបង ​និង បានអញ្ជើញស្ថាប័នធំៗ ឬ អ្នកដឹកនាំនៃឧស្សាហកម្មមកចែករំលែកអំពីបញ្ហាប្រឈមនានារបស់ពួកគេ​ ដើម្បីឱ្យធុរកិច្ចថ្មីស្វែងរក និង អភិវឌ្ឍនូវសេវាកម្ម ឬ ផលិតផលណាមួយ ដែលអាចក្លាយជាដំណោះស្រាយសម្រាប់បញ្ហាប្រឈមទាំងនោះ។ ក្នុងពេលនេះ ស្ថាប័នចំនួន ៣ រួមមាន ធនាគារ វីង, ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូ ឌា និង ក្លឹបគណនេយ្យកម្ពុជា បានលើកឡើងនូវបញ្ហាប្រឈមសរុបចំនួន ១៤ នៅក្នុងកម្មវិធីនវានុវត្តន៍បញ្រ្ចាស រដូវកាលទី ៤។

លោកអ្នកអាចធ្វើការដាក់ពាក្យចូលរួមកម្មវិធីនវានុវត្តន៍បញ្ច្រាស រដូវកាលទី ៤ តាមរយៈ៖ https://ri.techostartup.center/ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៤។ បេក្ខជនដែលមានសិទ្ធិចូលរួមកម្មវិធីនេះបាន អាចជាក្រុមធុរកិច្ចថ្មី, អ្នកអភិវឌ្ឍកម្មវិធី, ឬ នវានុវត្តជន ដែលបានចងក្រងជាក្រុមស្រាប់​ ហើយតម្រូវឱ្យសមាជិកចាប់ពី ៣ នាក់ឡើងទៅ ហើយក្នុងករណីដែលមានធុរកិច្ចថ្មីដែលបានចូលក្នុងទីផ្សាររួច ធុរកិច្ចថ្មីនោះត្រូវមានអាយុមិនលើសពី ឆ្នាំ។

កម្មវិធីនវានុវត្តន៍បញ្ច្រាស រដូវកាលទី ៤ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ១០ សប្តាហ៍ និង បែងចែកជា ២ ដំណាក់កាលធំៗ  រួមមានវគ្គជំរុំចាប់ផ្តើម (២ សប្តាហ៍) និង វគ្គពន្លឿនអាជីវកម្ម (៨ សប្តាហ៍)។ បេក្ខជនដែលចូលរួមក្នុងកម្មវិធីនេះនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖ ១) ការបណ្ដុះ-បណ្ដាល និង ការតម្រង់ទិសពីអ្នកជំនាញ, ២) ការបង្កើតបណ្ដាញទំនាក់ទំនងជាមួយដៃគូពាក់ព័ន្ធ ផ្សេងៗ, ៣) ការិយាល័យធ្វើការរួមគ្នា និង ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធ ដូចជាការសាកល្បងការទូទាត់ប្រាក់ឌីជីថល (Digital Payment Sandbox), CamDX, CamDigiKey, Khmer OCR, Semantic Search, ការចុះឈ្មោះអាជីវកម្មតាមប្រព័ន្ធអនឡាញ, ថ្នាលឌីជីថលធុរកិច្ចថ្មីកម្ពុជា, ៤) ឱកាសទទួលបានឥណទានពពក ដើម្បីប្រើប្រាស់សេវាកម្ម AWS ដែលមានតម្លៃស្មើនឹង ៥ ពាន់ដុល្លារ, ៥) ទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និង ៦) ការទទួលបានទុនវិនិយោគដែលមិនយកភាគហ៊ុនជាដើម។

គួរបញ្ជាក់ផងដែរថា កម្មវិធីនវានុវត្តន៍បញ្រ្ចាស រដូវកាលទី ៤ ត្រូវបានរៀបចំដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ", ដោយមានការសហការរៀបចំកម្មវិធីដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង សហគ្រិនខ្មែរ រួមទាំង អ្នកឧបត្ថម្ភកម្មវិធីធំ៖ ធនាគារ វីង និង ដៃគូផ្សព្វផ្សាយ៖ Fresh News និង Technology Cambodia អត្ថបទ

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia