កាលពីពេលថ្មីនេះ ក្រុមហ៊ុនធានារា៉ប់រង ប្រព័ន្ធសុវត្ថិភាព NNC Group បានបង្ហាញប្រាប់សារព័ត៌មាន Bloomberg ថា ដើម្បីលួចនូវរថយន្ត Tesla ទាំងពីរម៉ូឌែល Tesla Model 3 និង Model Y បានពួកចោរមិនចំណាយពេលយូរនោះទេ ពោលគឺគ្រាន់តែចំណាយពេល ១០វិនាទីក៏អាចហេកចូលលួចរថយន្តទាំងពីរប្រភេទនេះបានដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន gigadgat។
ប្រភពដដែលបានបន្តថា ភ្នាក់ងារជំនាញបានធ្វើការតេស្តសាកល្បងទៅលើរថយន្ត Tesla ដោយ Hack ចូលទៅក្នុងប្រព័ន្ធ Bluetooth ដែលជាកន្លែងភ្ជាប់គ្នារវាង ទូរសព្ទទៅកាន់រថយន្ត អំឡុងពេលនោះចំណាយពេលមិនដល់មួយនាទីផងពួកគាត់ស្រាប់តែហេកចូលបាន។ នេះបញ្ជាក់ឲ្យឃើញថាក្រុមហ៊ុន Tesla នៅមិនទាន់ដឹងអំពីចំណុចដែលអាចបង្ករជាការរងគ្រោះដល់អ្នកប្រើប្រាស់ដោយវិធីមួយនេះនោះទេ។
ជាមួយគ្នានេះវិធីដែលពួកចោរប្រើដើម្បីលួចនោះឈ្មោះថា Signal Amplification Relay Attack ដែលសំដៅដល់ក្រុមចោរអាចយក Device ណាដែលអាចភ្ជាប់ទៅជាមួយនឹងអាំមភ្លីនៅខាងក្នុងឡានដើម្បីឲ្យវាភ្ជាប់សេវាទៅនឹងកូនសោនៅខាងក្នុងផ្ទះ បន្ទាប់មកពូកគេអាចបញ្ជាឡានចេញទៅបាន។
គូសបញ្ជាក់ថា ដើម្បីជៀសវាងករណីលួចរថយន្តដូចខាងលើក្រុមហ៊ុន Tesla បានបង្កើតមុខងារថ្មីមួយឲ្យអ្នកប្រើប្រាស់គឺការដាក់លេខសម្ងាត់នៅក្នុងរថយន្ត ពោលគឺទោះបីជាអ្នកបើកបរមានកូនសោក៏ដោយទាល់តែគាត់បញ្ចូលលេខសម្ងាត់សិនទើបអាចបញ្ជារថរយន្តឲ្យទៅមុខបាន៕
អត្ថបទដោយ៖ អូន រ៉ាទី