អ្នកបង្កើតមាតិកាល្បីឈ្មោះ Nas Daily ប្រាប់ទម្លាប់អាថ៌កំបាំងធំ៤ ធ្វើឱ្យខ្លួនសល់លុ.យ ទាំងវ័យក្មេង
SOKLY - កូនផ្កាឈូក
MAY 21 2025
ឌីជីថល
185 views
2 mins read

លោក Nuseir Yassin គឺជាអ្នកផលិតមាតិកាជនជាតិអ៊ីស្រាអែល-ប៉ាឡេស្ទីន ដែលត្រូវបានគេគ្រប់គ្នាក្នុងបណ្ដាញសង្គមហៅថា Nas Daily តាមរយៈការធ្វើវីដេអូខ្លីៗរយៈពេលមួយនាទីឱ្យបាន ១,០០០វីដេអូ។ សព្វថ្ងៃនេះទ្រព្យសម្បត្តិសរុបរបស់ Nas ត្រូវបានគេសន្និដ្ឋានថាមានប្រហែលខ្ទង់ 20លានដុល្លារ ខណៈខាងក្រោមនេះជា គន្លឹះអាថ៌កំបាំង៤ ជួយឱ្យគាត់សល់លុយ ទាំងវ័យក្មេង៖

. ឈប់ទិញរបស់ផ្ដេសផ្ដាស៖ Nas ប្ដូរពីមនុស្សដែលទិញរបស់តាមតែអំពើចិត្ត ទៅជាមនុស្សដែលទិញតែរបស់ណាចាំបាច់ពិតប្រាកដ ទោះជាមានលុយច្រើនក៏ដោយ។ គាត់បាននិយាយថា រយៈពេល២ឆ្នាំពេញ គាត់ធ្វើដំណើរកំសាន្ត ជាមួយនឹងការបូបដាក់សម្លៀកបំពាក់តែ ១ប៉ុណ្ណោះ។ បើនិយាយពីខោអាវវិញ គាត់មិនប្ដូរម៉ូដច្រើនឡើយ គ្រាន់តែមានអាវយឺត និងខោ មួយល្មម ម៉ូដដូចៗគ្នា សុទ្ធតែគាត់ចូលចិត្ត។ គាត់បានបន្តថា របស់ណាមិនចាំបាច់កុំទិញអី ទិញតែរបស់ដែលត្រូវប្រើបានហើយ ទោះជាមានប្រម៉ូសិនក៏ដោយ បើមិនមែនជាតម្រូវការ កុំចាយលុយលើវាអី។

. មិនជក់បារី៖ រស់នៅក្នុងសង្គមដែលងាកទៅណាក៏ឃើញគេជក់បារី ប៉ុន្តែ Nas មិនធ្វើដូចគេឡើយ សម្រាប់គាត់ បារីមានតម្លៃថ្លៃ ការជក់បារី ធ្វើឱ្យគាត់ខាតលុយ វាប្រៀបបីដូចជាការដែរយកលក់ទៅដុតបង្ហុយចោលអ៊ីចឹង។ គាត់គណនាឃើញថា គ្រាន់តែមិនជក់បារី អាចជួយសន្សំលុយបាន ១៤៤,០០០ដុល្លារក្នុងមួយឆ្នាំ។ ហេតុនេះបើជក់បារីមានន័យថា គាត់ដុតលុយ ១៤៤,០០០ដុល្លារក្នុងមួយឆ្នាំ? មិនគួរឱ្យស្ដាយទេឬ? លុយជាង១៤ម៉ឺនដុល្លារ សន្សំទុកទិញឡានជិះវិញវាមិនល្អជាង សំខាន់បានការពារសួតផង។

. ប្ដូររបៀបចំណាយពេលចុងសប្ដាហ៍៖ ពីមុនថ្ងៃសៅរ៍ អាទិត្យ​ជាពេល ដែល Nas ចេញក្រៅ ទៅចូលរួមកម្មវិធី ផឹកស៊ីកម្សាន្តជួបជុំមិត្តភក្តិ ប៉ុន្តែឥឡូវពេលវាចុងសប្ដាហ៍របស់គាត់គឺគាត់យកពេល មកសម្រាកនៅផ្ទះ ឬធ្វើការងារណាដែលចាំបាច់។

Nas លើកឡើងថា គ្រាន់តែការជប់លៀងនៅខាងក្រៅម្ដងអាចធ្វើឱ្យគាត់ខាតពេលដល់ទៅ២០ម៉ោងឯណោះ។ គាត់បន្តពន្យល់ថាជាធម្មតាយើងយើងចំណាយពេល៣ម៉ោងដើម្បីប្រមូលផ្ដុំមិត្តភក្តិ ដំណើរការកម្មវិធីចំណាយពេលយ៉ាងហោចណាស់ក៏៥ម៉ោង បើផឹកស្រវឹងគេងលក់ជ្រុលស្អែកឡើងក្រោកមកយឺតមានអារម្មណ៍មិនល្អអស់១២ម៉ោងទៀត សរុបទៅ ៣+៥+១២ = ២០។

ឥឡូវនេះ Nas មិនដូចមុនទេ បើចង់ជួបជុំមិត្តភក្តិគាត់ បបួលគ្នាមកជុំនៅផ្ទះ ធ្វើអីញ៉ាំរួមគ្នា សប្បាយទាំងអស់គ្នា បង្កើនភាពស្និទ្ធិស្នាល បង្កើនអនុស្សាវរីយ៍ល្អៗបានធម្មតា ដោយចំណាយលុយតិចជាងមុន សុវត្ថិភាពជាងមុនទៀតផង។

. រក្សារបៀបចំណាយ៖ ជាបទពិសោធន៍របស់ Nas ផ្ទាល់ ពីមុនគាត់រកបានតិចក៏ចាយមិនសល់ ដល់រកបានច្រើនក៏ចាយមិនសល់ បានអីសល់បើគ្រាន់តែលុយកើនបន្តិច ខ្លួនក៏ចាប់ផ្ដើមអាប់ដេត ការចំណាយឱ្យកើនតាមដែរ។ ក្រោយមក Nas បានប្ដូររបៀបចាយលុយ ប្ដូរពីចាយតាមទំហំលុយដែលមាន មកចាយតាមរបៀបចាស់។ មានន័យថា ទោះរកបានច្រើនប៉ុនណាក៏នៅតែរក្សាការចំណាយឱ្យទាបដូចតែពេលរកបានតិច ព្រោះគាត់យល់ថា មនុស្សខ្លួនតែមួយចាយលុយតែមួយល្មមរស់បានហើយ មិនបាច់ខំហក់លោតទៅណាទេ ទុកលុយធ្វើដំណើរកំសាន្តជុំវិញពិភពលោកតាមក្ដីស្រមៃវិញប្រសើរជាង។

សរុបមកវិញ យើងឃើញថាតាមពិតទៅមនុស្សយើងអាចឆាប់សល់លុយ មិនមែនពឹងផ្អែកតែលើការបង្កើនចំណូលតែមួយមុខនោះទេ រឿងដែលសំខាន់ខ្វះមិនបានគឺការដែរចេះចាត់ចែងលុយ និងដឹងពីរបៀបចាយ។ ជាក់ស្ដែងដូច Nas Daily អ៊ីចឹង គាត់ធ្លាប់រកបានច្រើនក៏មិនសល់ ព្រោះតែការចាយវាយខុស គ្រាន់តែយកចិត្តទុកដាក់កែតម្រូវបន្តិចបន្តួចសោះ ជួយឱ្យគាត់ក្លាយជាសេដ្ឋីប្រាក់លានទាំងវ័យក្មេង៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia