ពូកែឆ្កឹះលុយណាស់! មកស្គាល់ប្រភពចំណូលគ្រាក់ៗ ៣ របស់មហាសេដ្ឋីហ្វេសប៊ុក
SOKLY - កូនផ្កាឈូក
MAY 19 2025
ឌីជីថល
32 views
2 mins read

របាយការណ៍ពីគេហទំព័រ Forbes បានបង្ហាញឱ្យឃើញថា ស្ថាបនិកក្រុមហ៊ុន Meta លោក Mark Zuckerberg ជាប់ឈ្មោះជាមហាសេដ្ឋីវ័យក្មេង មានទ្រព្យសម្បត្តិប្រមាណជាង 221.2ពាន់លានដុល្លារ និងជាអ្នកមានបំផុតទី២ ស្របពេលដែលគាត់មានប្រាក់ខែតែ ១ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។ ដូច្នេះតើមហាសេដ្ឋីរូបនេះឆ្កឹះចំណូលគ្រាក់ៗទាំងអស់ចេញពីប្រភពណាខ្លះទៅទើបអាចសាងទ្រព្យសម្បត្តិបានច្រើនបែបនេះ?

Img 0012

ទី១-ភាគហ៊ុនក្នុងក្រុមហ៊ុន Meta Platforms Inc. (Facebook, Instagram, WhatsApp)៖ Mark Zuckerberg កាន់ជាង 13% នៃភាគហ៊ុនសរុប របស់ក្រុមហ៊ុន Meta ដែលនេះជាប្រភពចំណូលធំបំផុតរបស់គាត់។ ប្រាក់ចំណូលចម្បងរបស់គាត់មកពីការកើនឡើងនៃតម្លៃភាគហ៊ុន (stock value) មិនមែនប្រាក់ខែធម្មតាឡើយ។

ទី២-ប្រាក់ចំណេញពីការលក់ភាគហ៊ុន (Capital Gains)៖ Zuckerberg ម្តងម្កាលលក់ភាគហ៊ុន Meta ដើម្បីដកប្រាក់ចេញប្រើ ឬចូលរួមវិនិយោគផ្សេងទៀត ហើយប្រាក់ចំណេញពីការលក់ភាគហ៊ុន (Capital Gains) ត្រូវបានគេប៉ាន់ស្មានថាប្រចាំឆ្នាំមានចំនួនរាប់ពាន់លានដុល្លារឯណោះ។

ទី៣-អចលនទ្រព្យ៖ ក្រៅពីចំណូលពីផលចំណេញរបស់ក្រុមហ៊ុន សហគ្រិនបច្ចេកវិទ្យារូបនេះ ក៏មានចំណូលចិត្តខាងវិនិយោគលើវិស័យអចលនទ្រព្យផងដែរ។ អចលនទ្រព្យដែលគួរឱ្យចាប់អារម្មណ៍បំផុតរបស់គាត់មានដូចជា ដីចំនួន ១,៥០០ហិចតានៅហាវ៉ៃ ផ្ទះជាច្រើនកន្លែងនៅ Palo Alto និងផ្ទះទីប្រជុំជននៅ San Francisco ខណៈអចលនទ្រព្យមួយៗមានតម្លៃរាប់លានដុល្លារឯណោះ។ កន្លងមកគាត់តែងតែធ្វើការដាក់ជួល ដើម្បីបង្កើតជាចំណូលអកម្ម ហើយគាត់នៅតែបន្តទិញអចលនទ្រព្យជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងនៃទឹកដីសហរដ្ឋអាមេរិក។

គួរជម្រាបផងដែរថា នៅដើមខែឧសភា ឆ្នាំ ២០២៥ ទ្រព្យសម្បត្តិរបស់លោក Mark Zuckerberg បានហក់ឡើងដល់ ២២១.២ ពាន់លានដុល្លារ និងបានឡើងកាន់តំណែងអ្នកមានដាច់គេទី២ លើលោក ប្រកិតនឹងមហាសេដ្ឋីលេខ១ លោក Elon Musk។ នេះបើយោងតាមការឲ្យដឹងពីទស្សនាវដ្តី Forbes៕

Img 0013

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia