បច្ចុប្បន្នមនុស្សជុំវិញពិភពលោកពេញនិយមប្រើប្រាស់បណ្ដាញសង្គម ដោយពួកគេតែងតែបង្ហាញនូវអ្វីដែលគេចង់បង្ហាញទៅលើផ្លេតហ្វមមួយចំនួនដូចជា Facebook, Instagram, និង Twitter ជាដើម ។ ហើយអ្វីទាំងអស់នោះភាគច្រើនមើលទៅដូចជាល្អៗណាស់ ប៉ុន្តែម្ចាស់ក្រុមហ៊ុន Twitter មហាសេដ្ឋី Elon Musk បែរជាលើកឡើងថា «អ្នកបង្ហោះលើបណ្ដាញសង្គមភាគច្រើន ចូលចិត្តសម្ដែងខុសការពិត»។
ថ្លែងក្នុងវីដេអូមួយដែលបង្ហោះលើផេក Money Talks លោក Elon Musk មានប្រសាសន៍ច្បាស់ៗយ៉ាងដូច្នេះថា «មនុស្សជាច្រើននៅក្នុងបណ្ដាញសង្គមមើលទៅហាក់បីដូចជាមានជីវិតដ៏ល្អប្រសើរជាងជីវិតពិតប្រាកដរបស់ពួកគេ»។ មនុស្សជ្រើសរើសបង្ហោះតែរូបណាដែលបង្ហាញថាគេសប្បាយចិត្តខ្លាំង អ្វីដែលសំខាន់ពួកគេព្យាយាមកែសម្រួលរាល់រូបភាពឱ្យបានស្អាតសិនមុននឹងបង្ហោះចេញទៅ។
មហាសេដ្ឋីរូបនេះបន្ថែមទៀតថា សព្វថ្ងៃនេះក៏មានមនុស្សច្រើនណាស់ដែលកំពុងកើតទុក្ខ ដោយការប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដែលកំពុងបង្ហាញជីវិតល្អ ភាពសប្បាយរីករាយនៅក្នុងបណ្ដាញសង្គមផ្សេងៗ។ មនុស្សជាច្រើនឃើញគេហើយលួចគិតថា ម្ដេចក៏គេសប្បាយម្ល៉េះ? ម្ដេចក៏ជីវិតគេល្អប្រសើរម្ល៉េះ? ហេតុអ្វីទើបយើងមិនអាចទទួលបានជីវិតល្អដូចគេ? ហេតុអ្វីទើបយើងមិនអាចសប្បាយរីករាយដូចគេ?
ដោយឡែក លោក Elon Musk ស្រាយបញ្ជាក់ថា «ការពិតទៅមនុស្សភាគច្រើនដែលយើងមើលឃើញថារីករាយ តាមពិតពួកគេមិនរីករាយទេ»។ លោកបន្តថា ពួកគេអាចនឹងជ្រើសរើសបង្ហាញទៅលើបណ្ដាញសង្គមដើម្បីតែផ្គាប់ភ្នែកអ្នកដទៃ ដើម្បីតែឱ្យអ្នកដទៃពេញចិត្ត និងកោតសរសើររូបគេ។ ទាំងដែលការពិតពួកគេមួយចំនួនពិតជាស្មុគស្មាញណាស់ មនុស្សដែលមើលទៅសប្បាយរីករាយបំផុត អាចនឹងរស់នៅក្នុងជីវិតដែលរងទុក្ខនិងឯកាបំផុតក៏ថាបានដែរ។
សេដ្ឋីលេខ១លើលោករូបនេះបានគូសបញ្ជាក់ផងដែរថា ជាក់ស្ដែងគ្មាននរណាម្នាក់អាចរីករាយគ្រប់ពេលវេលាឡើយ មិនថាអ្នកនោះជាអ្នកណាមកពីណាក៏ដោយ មានឬក្រ ស្អាតឬមិនស្អាត សុទ្ធតែមានទុក្ខជារបស់ខ្លួន។ ដូច្នេះហើយចូរឱ្យតម្លៃ និងធ្វើល្អទៅលើមនុស្សគ្រប់គ្នា ជាពិសេសខ្លួនឯង ហើយសូមជឿអ្វីមួយដោយការពិចារណាលើភាពពិតជាក់ស្ដែង កុំវាយតម្លៃតែលើរូបភាពមួយជ្រុងដែលអ្នកគ្រាន់តែបានឃើញនៅលើបណ្ដាញសង្គម៕