ធ្លាប់តែលឺថា 5G ឥឡូវ Huawei ប្រកាសដល់ 5G-A លើកទិសដៅ និយាយពីអនាគតនៃអាជីវកម្ម
Makara Rin
JULY 3 2024
នវានុវត្តន៍
63 views
2 mins read

5G-A ជាបច្ចេកវិទ្យាថ្មីមួយអភិវឌ្ឍបន្ថែមពីលើ 5G ហើយបានក្លាយជាប្រធានបទក្ដៅក្នុងព្រឹត្តិការណ៍ MWC Shanghai 2024 នៅទីក្រុងសៀងហៃប្រទេសចិន ដោយក្រុមហ៊ុន GSMA ដែលជាអ្នករៀបចំព្រឹត្តិការណ៍នេះបានបើកវេទិការតុមូលមួយជជែកពិភាក្សារវាង និយ័តករសកល ប្រតិបត្តិករ អ្នកលក់គ្រឿងបរិក្ខា វិទ្យាស្ថានស្រាវជ្រាវ និង អ្នកដឹកនាំធំៗក្នុងវិស័យបច្ចេកវិទ្យា។

ការកសាងប្រព័ន្ធបណ្ដាញសេវា និង ការសម្រេចបានមួយចំនួនពីការធ្វើបច្ចុប្បន្នភាពនិងអភិវឌ្ឍបន្ថែមពី 5G ទៅ 5G-A ត្រូវបានលើកយកមកចែករំលែកពីសំណាក់ភាគីពាក់ព័ន្ធ ព្រមទាំងស្វែងយល់បន្ថែមចំពោះការបង្កើនចំណូលសម្រាប់អាជីវកម្ម និង យុទ្ធសាស្ត្រអភិវឌ្ឍផ្សេងៗ។

នាយកផ្នែក 5G<E TDD Domain របស់ក្រុមហ៊ុន Huawei លោក David Li បានលើកឡើងក្នុងអំឡុងកិច្ចប្រជុំនោះថាការសម្ពោធជាផ្លូវការនៃបច្ចេកវិទ្យា 5G-A សម្រាប់ពាណិជ្ជកម្មនៅឆ្នាំ ២០២៤ ក្នុងពេលការរីកសាយភាយនៃ AI បង្ហាញដល់វិស័យទូរគមនាគមន៍នូវឱកាសថ្មី។

លោកបានបន្ថែមថា ក្រុមហ៊ុន Huawei តែងតែធ្វើនវានុវត្តន៍ឥតឈប់ឈរនៅក្នុងបច្ចេកវិទ្យាស្នូលបួន ដើម្បីអភិវឌ្ឍបច្ចេកវិទ្យា 5G-A ប្រកបដោយភាពបៃតង ទំនាក់ទំនងតភ្ជាប់រហ័សលឿនឥតដាច់ ហើយតទៅមុខ ក្រុមហ៊ុននឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយនឹងដៃគូរជាសកលក្នុងការប្រើប្រាស់សមត្ថភាពនៃប្រព័ន្ធបណ្ដាញសេវ៉ាចាប់យកសក្ដានុពលគ្មានដែនកំណត់ក្នុងយុគសម័យ AI

ជាមួយគ្នានេះតំណាងពីក្រុមហ៊ុនប្រតិបត្តិករល្បីៗលើពិភពលោកដូចជា China Unicom Beijing China Mobile Yunnan និង du UAE បានចែករំលែកបទពិសោធន៍នៃការកសាងបណ្ដាញ 5G និង 5G-A ព្រមទាំងរបៀបក្នុងការទាញចំណូលពីបច្ចេកវិទ្យានេះផងដែរ។

ជាគម្រូខ្លះៗ សមត្ថភាពនៃប្រព័ន្ធបណ្ដាញសេវាកម្រិតខ្ពស់ អាចនឹងនាំមកនូវកម្មវិធីស្មាតហ្វូនប្លែកៗខុសគ្នា ផ្ដល់ជូនដល់អ្នកប្រើប្រាស់នូវបទពិសោធន៍ខុសពីមុន ដែលបទពិសោធន៍នេះឯងជាគន្លឹះមួយក្នុងការបង្កើតចំណូលពីការប្រើប្រាស់បច្ចេកវិទ្យា 5G-A

ប្រព័ន្ធបណ្ដាញសេវា 5G ប្រកបដោយគុណភាពខ្ពស់ ត្រូវបានគេចាត់ទុកថាជាគោលសំខាន់មួយក្នុងការដាក់ដំណើរការបច្ចេកវិទ្យា 5G-A ហើយការពង្រឹងគុណភាព សមត្ថភាពនៃបច្ចេកវិទ្យា 5G ក្នុងតំបន់មានមនុស្សរស់នៅច្រើន ផ្លូវរថភ្លើងល្បឿនលឿន ក៏ដូចជាទីប្រជុំជន និង ជនបទជួយបង្កើតឱ្យមានប្រព័ន្ធបណ្ដាញ 5G-A មុខងារសម្បូរបែប។

ដៃគុរក្នុងវិស័យរួមមានទាំង GSMA និង Omdia បានសង្កត់ធ្ងន់ថា ការរីកចម្រើនអាជីវកម្ម5G កំពុងតែទៅលឿនហើយ ស្របពេលការដាក់ចេញនូវបច្ចេកវិទ្យា 5G-A។ ក្នុងវេទិការតុមូលនោះក្រុមហ៊ុន Huawei បានប្រកាសជាផ្លូវការអំពីទិសដៅនៃការវិវត្តនៃបច្ចេកវិទ្យាក្នុងវិស័យពី 5G ទៅ 5G-A ឆ្ពោះទៅកាន់ប្រព័ន្ធបណ្ដាញសេវាកាន់តែបៃតងមិនប៉ះពាល់ដល់បរិស្ថាន អាចភ្ជាប់ទំនាក់ទំនងបានកាន់តែច្រើន ផ្ដោតលើបទពិសោធន៍កាន់តែខ្ពស់។

ដូចដែលយើងបានឃើញស្រាប់ AI កំពុងតែត្រូវបានអភិវឌ្ឍយ៉ាងលឿនរហ័សជ្រៀតចូលក្នុងជីវិតយើងជារៀងរាល់ថ្ងៃរាប់តាំងតែកុំព្យូទ័រ ទូរស័ព្ទ ឧបករណ៍ពាក់ជាប់នឹងខ្លួន ឧបករណ៍ភ្ជាប់នឹងយានយន្ត បង្កើតឱ្យមានជាការតភ្ជាប់បណ្ដាញពីឧបករណ៍កាន់តែធំ ត្រូវការមាតិការកាន់តែច្រើន ចរាចរណ៍ទិន្នន័យកាន់តែខ្ពស់ តម្រូវឱ្យមានប្រព័ន្ធបណ្ដាញសេវាប្រកបដោយសមត្ថភាពខ្ពស់ ជាឱកាសសម្រាប់បន្ថែមសេវាកម្មថ្មី គុណភាពសេវាល្អដាច់គេ និង គាំទ្រដល់ការប្រតិបត្តិការនិងថែរទាំងកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុន៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia