របាយការណ៍ការពារឌីជីថលឆ្នាំ 2024 របស់ Microsoft បង្ហាញពីការកើនឡើងគួរឱ្យព្រួយបារម្ភនៃការវាយលុកតាមអ៊ីនធឺណិត។ រយបាយការណ៍នេះបានគូសបញ្ជាក់ពីគ្រោះថ្នាក់ដែលកំពុងរីកធំឡើងក្នុងពិភពឌីជីថល ជាពិសេសគឺ ការប៉ុនប៉ងលួចពាក្យសម្ងាត់កំពុងកើតឡើងរាល់វិនាទីតែម្តង។ ចំណុចដ៏សំខាន់មួយដែលលើកឡើងក្នុងរបាយការណ៍គឺការកើនឡើងនៃការវាយប្រហារដែលមានឧបត្ថម្ភដោយរដ្ឋ។ អ្នកវាយប្រហារទាំងនេះមានធនធាននិងឧបករណ៍កម្រិតខ្ពស់ ដែលធ្វើឱ្យការវាយលុករបស់ពួកគេកាន់តែស្មុគស្មាញ និងគ្រោះថ្នាក់។
លោក Tim Burt នៃក្រុមហ៊ុន Microsoft លើកឡើងថា ក្រុមហេកឃឺដែលគាំទ្រដោយរដ្ឋកំពុងទទួលបានជំនាញកាន់តែខ្ពស់ និងពិបាកទប់ស្កាត់។ ពួកគេអាចរំខានសេវាកម្ម ចូលដល់ទិន្នន័យសំខាន់ៗ និងជះឥទ្ធិពលលើព្រឹត្តិការណ៍អនឡាញ។ ការវិនិយោគបន្ថែមលើធនធាននិងការបណ្តុះបណ្តាលបានធ្វើឱ្យពួកគេកាន់តែមានសមត្ថភាពខ្ពស់។
បញ្ញាសិប្បនិម្មិត (AI) ក៏កំពុងក្លាយជាឧបករណ៍ថ្មីសម្រាប់ឧក្រិដ្ឋជនសៃប៊ឺ (Cyber) ផងដែរ។ ពួកគេប្រើប្រាស់ AI ដើម្បីបង្កើតខ្លឹមសារក្លែងក្លាយដូចជារូបភាព វីដេអូ និងអត្ថបទ ដើម្បីបោកប្រាស់ប្រព័ន្ធនិងមនុស្ស។ នេះអាចនាំឱ្យមានការវាយប្រហារកាន់តែច្រើននិងមានប្រសិទ្ធភាពជាងមុន។
Microsoft រាយការណ៍ថាខ្លួនទប់ស្កាត់ការវាយប្រហារជាង 600 លានករណីជារៀងរាល់ថ្ងៃ។ ករណីឆបោកបានកើនឡើងយ៉ាងគំហុកចាប់តាំងពីឆ្នាំ 2022។ ការវាយប្រហារដោយមេរោគដើម្បីទារប្រាក់ក៏បានកើនឡើងយ៉ាងខ្លាំងដែរ។ ក្រុមហ៊ុនប្រើប្រាស់បច្ចេកវិទ្យាទំនើបៗដើម្បីត្រួតពិនិត្យនិងការពារប្រឆាំងនឹងការគំរាមកំហែងទាំងនេះ។
សរុបមក របាយការណ៍របស់ Microsoft បង្ហាញពីស្ថានភាពដ៏លំបាកមួយ ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការការពារក៏ដោយ ក៏ឧបករណ៍របស់ក្រុមហេកឃឺកំពុងរីកចម្រើនលឿនជាងការការពារ។ ជាមួយនឹងការគំរាមកំហែងពីក្រុមហេកឃឺដែលគាំទ្រដោយរដ្ឋ និងការប្រើប្រាស់ AI ការរក្សាសុវត្ថិភាពនៅលើអ៊ីនធឺណិតកំពុងក្លាយជាបញ្ហាប្រឈមកាន់តែធំឡើង។
អត្ថបទដោយ៖ រិន មករា