តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិកបានសម្រេចថា ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram ត្រូវប្រឈមមុខនឹងបណ្តឹងសមូហភាពពីអ្នកផ្សាយពាណិជ្ជកម្មដែលចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះពីការគិតថ្លៃលើសដោយបំផ្លើសចំនួន Reach របស់អ្នក Boost ពាណិជ្ជកម្ម។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ INC។
ប្រភពដដែលបានឲ្យដឹងទៀតថា បើតាមការសម្រេចដោយសំឡេង ២ ទល់នឹង ១ របស់តុលាការឧទ្ធរណ៍លេខ ៩ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូបានសម្រេចថា អ្នកផ្សាយពាណិជ្ជកម្មអាចប្តឹង Meta ជាក្រុមដើម្បីទាមទារសំណងបាន។ អ្នកផ្សព្វផ្សាយពាណិជ្ជកម្មអះអាងថា គេសង្កេតឃើញថា នៅពេល Boost ចំនួន "Reachs" ដែល Meta បានរាប់ គឺរាប់ទៅលើចំនួនគណនីបណ្តាញសង្គមជំនួសឱ្យមនុស្សពិតប្រាកដ ដោយបំផ្លើសចំនួនរហូតដល់ទៅ ៤០០%។
ទោះយ៉ាងណាក៏ដោយ តុលាការក៏បានសម្រេចថា អ្នក Boost ឬអ្នកផ្សាយពាណិជ្ជកម្មដែលស្វែងរកការដោះស្រាយតាមផ្លូវតុលាការ មានន័យថាស្នើសុំតុលាការឱ្យបញ្ជាឱ្យ Meta បញ្ឈប់ការអនុវត្តន៍ទង្វើរមួយចំនួននោះ គឺមិនអាចចូលរួមធ្វើការប្តឹងជាក្រុមបាននោះទេ។ នេះដោយសារតែមិនច្បាស់ថាតើដើមបណ្តឹងចម្បងមានសិទ្ធិស្របច្បាប់ក្នុងការប្តឹងសម្រាប់ប្រភេទនៃការដោះស្រាយនេះដែរឬទេ។ យ៉ាងណាក៏ដោយ មានចៅក្រមម្នាក់បានជំទាស់នឹងការសម្រេចទៅលើសំឡេងភាគច្រើន ដោយលើកឡើងថា បណ្តឹងសមូហភាពទាំងពីរប្រភេទគួរតែត្រូវបានលុបចោល។
បណ្តឹងសមូហភាពនេះរួមបញ្ចូលទាំងបុគ្គល និងអាជីវកម្មរាប់លាននាក់ដែលបានបង់ប្រាក់សម្រាប់ការផ្សាយពាណិជ្ជកម្មនៅលើ Facebook និង Instagram ចាប់តាំងពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៤។ ក្រុមអ្នកដាក់ពាក្យបណ្តឹងនេះអះអាងថា ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ Meta បានដឹងថាមានគណនីស្ទួន និងគណនីក្លែងក្លាយជាច្រើននៅក្នុងទិន្នន័យរបស់ខ្លួន ប៉ុន្តែក្រុមហ៊ុន Meta បែរជាចាត់វិធានការដើម្បីលាក់បាំងរឿងនេះទៅវិញ។
គូសជម្រាបផងដែរថា សម្រាប់ក្នុងការជំទាស់ចំពោះបណ្ដឹងនេះ ខាងចៅក្រមសាលាឧទ្ធរណ៍ Danielle Forrest បានលើកឡើងថា លោកស្រីនឹងលុបចោលបណ្តឹងសមូហភាពស្តីពីសំណង៧ពាន់លានដុល្លារ ដែលក្រុមហ៊ុន Meta ត្រូវប្រឈម ដោយសារតែអ្នក Boost ឬអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម មិនស្វែងយល់អំពីការអះអាងរបស់ Meta មុនពេល Boost ឬផ្សាយពាណិជ្ជកម្មនៅលើផ្លែតហ្វមរបស់ Meta។ យ៉ាងណាក៏ដោយ លោក Geoffrey Graber មេធាវីតំណាងឱ្យអ្នកផ្សាយពាណិជ្ជកម្ម បាននិយាយថា លោករំពឹងថានឹងនាំយករឿងនេះទៅកាន់គណៈវិនិច្ឆ័យ៕