បើនិយាយពីវិស័យថតរូបគឺមានច្រើនប្រភេទណាស់ដូចជាប្រភេទ Street Photography, Documentary Photography និងនៅមានប្រភេទផ្សេងៗជាច្រើនទៀត។ ក្នុងនោះផងដែររូបភាពទៅតាមប្រភេទនីមួយគឺសុទ្ធសឹងតែបង្ហាញពីអត្ថន័យក៏ដូចជារឿងរ៉ាវបង្កប់នៅពីក្រោយរូបនោះថែមទៀតផងប្រសិនបើអ្នកថតមានជំនាញក្នុងការចាប់ប្លង់ ពោលគឺមិនមែនគ្រាន់តែមានកាមេរ៉ាល្អថតអាចថតបានរូបស្អាតនោះទេ។
នៅក្នុងបទសម្ភាសន៍រវាងក្រុមការងារចាបខៀវ Technology Cambodia ជាមួយនឹងអ្នកជំនាញថតរូបជើងចាស់ សួង ម៉ារឌី ដែលមានបទពិសោធន៍ជាង10ឆ្នាំបានឱ្យដឹងថា ចំពោះអ្នកដែលចង់ឈានជើងចូលក្នុងវិស័យថតរូបនេះគឺទាមទាឱ្យការតស៊ូក៏ដូចជាអត់ធ្មត់ខ្លាំង និងត្រូវការចំណាយធនធានទៅលើវាថែមទៀតផងទើបអាចទើបអាចហុចផលមកវិញ។
ជាក់ស្តែងលោកបានចាប់ផ្តើមឈានជើងចូលក្នុងវិស័យនេះតាំងពីឆ្នាំ2008មកម្លេះ ដោយបំបូងឡើយលោកបានទៅរៀនវគ្គខ្លីនៅស្រុកក្រៅបន្ទាប់មកក៏ចាប់ផ្តើម បញ្ចេញស្នាដៃថតលេងបង្ហោះចូលក្នុងបណ្តាញសង្គមនានា។ ដោយការស្រឡាញ់លោកក៏បានចេញធ្វើវាផងនិងរៀនផងរហូតមកដល់ឆ្នាំ2015 លោក សួង ម៉ារឌី ក៏បានក្លាយជា Brand Ambassador ក្រុមហ៊ុន Sony ប្រចាំស្រុកខ្មែរថែមទៀតផង។
លើសពីនេះទៅទៀតលោកក៏បានចែករំលែកពីមូលដ្ឋានគ្រឹះសំខាន់ៗមួយចំនួនសម្រាប់អ្នកស្រឡាញ់ការថតរូបនិងចង់ឈានជើងចូលក្នុងវិស័យមួយនេះ ដើម្បីក្លាយខ្លួនជាអ្នកជំនាញនៅថ្ងៃមុខ។
រៀនពីសាលា
ក្នុងចំណុចនេះសម្រាប់អ្នកចាប់ផ្តើមដំបូង លោកបានណែនាំឱ្យទៅចូលរៀននៅលាឬវគ្គខ្លីណាមួយដើម្បីឱ្យយល់ដឹងពីមូលដ្ឋានគ្រឹះមួយចំនួននៃការប្រើប្រាស់កាមេរ៉ា ជាពិសេសគឺអាចឱ្យយើងដឹងក្បួនច្បាប់នៃការថតរូប ព្រោះថារាល់ការថតរូបទៅប្រភេទនីមួយៗគឺតែងតែមានក្បួនច្បាប់ត្រឹមត្រូវ ដូច្នេះសម្រាប់អ្នកដែលស្ថិតក្នុងកម្រិតដំបូងគួរតែចេះពីមូលដ្ឋានគ្រឹះនិងក្បួនច្បាប់ជាមុនសិន។
ចាប់ផ្តើមមើលពីស្នាដៃរបស់គេ
បន្ទាប់ពីអ្នកចេះពីមូលដ្ឋានគ្រឹះនៃការប្រើប្រាស់ក៏ដូចជាច្បាប់នៃការថតមួយចំនួនហើយ ក្នុងចំណុចទី2នេះលោកបានលើកទឹកចិត្តឱ្យរៀនមើលពីស្នាដៃរបស់អ្នកដ៏ទៃមិនថាការថតបែប Street photography, Documentary photography, ឬការថតបែបណានោះទេ ព្រោះថាស្នាដៃរបស់មនុស្សម្នាក់ៗគឺមានភាពច្នៃប្រឌិតខុសៗគ្នា ដូច្នេះអ្នកត្រូវតែចេះរៀនសម្គាល់ពីចំណុចពិសេសៗនៃស្នាដៃទាំងនោះ។
បង្កើតភាពច្នៃប្រឌិតជារបស់ខ្លួនឯង
មិនតែប៉ុណ្ណោះ លោក ម៉ារឌី ក៏បានលើកឡើងបន្ថែមទៀតផងដែរថា បន្ទាប់ពីឆ្លងកាត់ដំណាក់កាលមូលដ្ឋានគ្រឹះ យល់ដឹងពីក្បួនច្បាប់នៃការថត និងអាចស្គាល់ពីរបៀបនៃការថតទៅតាមប្រភេទផ្សេងៗគ្នាហើយអ្នកគួរតែចេះបំបែកនូវស្តាយទាំងអស់នោះដើម្បីឱ្យក្លាយជាស្តាយរបស់ខ្លួនឯង។
ក្នុងចំណុចនេះមានន័យថា ពេលដែលអ្នកអាចបង្កើតស្នាដៃខ្លួនឯងបាន ឬភាពប្លែកពីគេបាន គឺអាចឱ្យអ្នកដ៏ទៃដឹងបានថា រាល់ស្នាដៃដែលចេញទៅគឺគេអាចស្គាល់ដល់ម្ចាស់ដែលជាអ្នកថតថែមទៀតផង។ ឧទាហរណ៍ថាអ្នកគឺជាអ្នកដែលជំនាញខាងថតរូបសត្វ( Wildlife photography) ដូច្នេះរាល់រូបភាពសត្វដែលចេញទៅគឺគេអាចនឹងនឹកឃើញអ្នក។
បង្កើតជា Project សម្រាប់ខ្លួនឯង
ចុងក្រោយបន្ទាប់ពីអ្នកបានយល់ដឹងច្រើនពីបច្ចេកទេសមួយចំនួន និងមានស្តាយមួយសម្រាប់ខ្លួនឯង អ្នកគួរតែបង្កើតគម្រោងមួយសម្រាប់ខ្លួនឯងផងដែរ មានន័យថាជាការប្រមូលផ្តុំរូបភាពដែលបានថតចេញពីជំនាញរបស់អ្នក ដោយផ្គុំវាជាសាច់រឿងតាមរយៈរូបភាពដែលអ្នកថត ហើយជួនកាលគម្រោងនីមួយៗអាចមានរយៈពេលរហូតដល់10ឆ្នាំក៏មានដែរ។ដូច្នេះការធ្វើគម្រោងនេះគឺអាចធ្វើឱ្យអ្នកដ៏ទៃស្គាល់ច្បាស់ពីស្នាដៃរបស់អ្នកថែមទៀតផង ។
អត្ថបទដោយ៖ រិន មករា