ពូកែណាស់! ទើបតែរៀនទី១២​ តែយុវតីរូបនេះ អាចបង្កើតគម្រោងជំរុញឱ្យស្រ្ដីនិងក្មេងស្រី ចូលរៀនបច្ចេកវិទ្យា
Navasiri Morm
MARCH 10 2023
អាជីវកម្ម
140 views
2 mins read

នេះគឺជារឿងដ៏គួរឱ្យសរសើរមួយ ដោយយុវតី កៅ ម៉េងហ័ង ទើបតែរៀនថ្នាក់ទី១២ ប៉ុន្ដែមានសមត្ថភាពអាចបង្កើតគម្រោង Ladies in Tech ដែលជាគម្រោងមួយជំរុញឱ្យស្រ្ដីនិងក្មេងៗស្រី ហ៊ានចូលរួមប្រឡូកនៅក្នុងវិស័យបច្ចេកវិទ្យា ខណៈកម្ពុជាហាក់នៅជាប់ផ្នត់គំនិតមួយថា បច្ចេកវិទ្យាគឺជាជំនាញសម្រាប់តែបុរស។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ ក្រុមការងារ Technology Cambodia យុវតី កៅ ម៉េងហ័ង បានឱ្យដឹងថា ខ្លួនហាក់មានចំណាប់អារម្មណ៍ទៅលើបច្ចេកវិទ្យាតាំងតែពីអាយុ ៣ឆ្នាំមកម្លេះ។ ហើយចាប់តាំងពីឆ្នាំ២០២០មក ខ្លួនបានរួមនៅក្នុងកម្មវិធី Technovation Girls Cambodia រយៈពេល៣ឆ្នាំជាប់ៗគ្នា។ ហើយក្រោយមកក៏មានឱកាសចូលរួមនៅក្នុងកម្មវិធី Generation Future 2022 និងបានចាប់ផ្ដើមបង្កើតគម្រោង Ladies in Tech ឡើងជាមួយនឹងមិត្តភក្ដិ២រូបផ្សេងទៀតកាលពីខែ កក្កដា ឆ្នាំ២០២២។ ហើយសម្រាប់គម្រោង Ladies in Tech នេះផ្ទាល់ត្រូវបានឧបត្ថម្ភដោយអង្គការ UNICEF Cambodia។

យុវតី កៅ ម៉េងហ័ង បន្ដឱ្យដឹងទៀតថា មូលហេតុដែលខ្លួនបង្កើតគម្រោងមួយនេះឡើង គឺដើម្បីបង្ហាញថា ស្ដ្រីឬក៏ក្មេងស្រីក៏បានចូលរួមក្នុងវិស័យបច្ចេកវិទ្យាបានដែរ ពោលគឺជំនាញបច្ចេកវិទ្យាគឺមិនមែនសម្រាប់តែសិស្សប្រុសៗនោះឡើយ។

យុវតីឆ្នើមមកពីខេត្តកំពង់ចាមរូបនេះ បានឱ្យដឹងទៀតថា កន្លងមកសម្រាប់គម្រោង Ladies in Tech នេះផ្ទាល់ធ្លាប់បានធ្វើសិក្ខាសាលាអស់រយៈពេល៧សប្ដាហ៍ ពាក់ព័ន្ធនឹងបច្ចេកវិទ្យា AI, IOT, Web-Dev និងប្រធានបទបច្ចេកវិទ្យាផ្សេងៗជាច្រើនទៀត។ ដោយមានសិស្សស្រីចូលរួម ៣០នាក់ និងអ្នកស្ម័គ្រ​ចិត្តជាង១០នាក់ផងដែរ។ ក្រៅតែពិសិក្ខាសាលា Ladies in Tech ក៏បានធ្វើការ បង្កើតនូវកម្មវិធី Talk Show ដែលបានអញ្ជើញវាគ្មិនស្រ្ដីនៅក្នុងវិស័យបច្ចេកវិទ្យាមកចែករំលែកនូវបទពិសោធន៍ ដើម្បីជាការជំរុញលើកទឹកចិត្តដល់ក្មេងៗស្រីឱ្យហ៊ានចូលប្រឡូកក្នុងវិស័យបច្ចេកវិទ្យាផងដែរ។

 

 

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth