ជាទូទៅទូរស័ព្ទដៃ iPhone ជជុះ ឬមួយទឹក គឺជាស្មាតហ្វូនដែលត្រូវបានលក់ទៅឱ្យអ្នកប្រើប្រាស់ ហើយបន្ទាប់មកត្រូវបានលក់បន្តក្នុងតម្លៃទាបជាង ប៉ុន្តែវាអាចនឹងមាន ឬមិនមានការធានាអាស្រ័យល់ទូរស័ព្ទ និងអ្នកលក់។
ប្រសិនបើអ្នកទាំងអស់គ្នាពុំសូវមានថវិការគ្រប់គ្រាន់អាចសាកប្រើជាមួយទូរស័ព្ទដៃ iPhone មួយទឹកបាន តែក៏ត្រូវដឹងពីរបៀបទិញ និងដឹងពីចំនុចទាំងនេះដើម្បីទទួលបានទូរស័ព្ទដែលនៅមានគុណភាពសម្រាប់ប្រើប្រាស់។
ទាំងនេះគឺជាក្បួនដែលអ្នកគួរដឹង៖
• ឆែក Serial Number ជាមុនសិន ក្នុងករណីនេះគឺយើងឆែកដើម្បីដឹងពីម៉ូដែលទូរស័ព្ទដែលយើងបានទិញពីហាងផ្ទាល់ព្រោះកូដរបស់ Serial Number គឺមានតែមួយគត់ និងអាចបញ្ជាក់យើងយ៉ាងច្បាស់ពីម៉ូដែល iPhone ដែលយើងបានទិញពីក្រុមហ៊ុន ឬហាងណាមួយ ឧទាហរណ៍ ម៉ូដែល iPhone7 Plus, iPhone6 Plus, iPhone15 Pro, ជាដើម ដូច្នេះដើម្បីឆែកនូវ Serial Number បានអ្នកទាំងអស់គ្នាចូលទៅកាន់ពាក្យ Setting + General + About + Serial Number នោះអ្នកទាំងអស់គ្នានឹងឃើញកូដដែលនៅស្តាំដៃនៃពាក្យ Serial Number បន្ទាប់មកយកកូដមួយនោះទៅវាយនៅក្នុងក្រឡោន Check coverage iPhone វានឹងបង្ហាញម៉ូដែលនៃទូរស័ព្ទនោះថាដូចអ្វីដែលយើងបានទិញមែនឬអត់។ ប្រសិនបើអ្នកទាំងអស់គ្នាទិញតពីនរណាម្នាក់គួរសុំក្រដាសបញ្ជាក់ទិញ (Invoice) ឬឯកសារច្បាស់លាស់ដែលបញ្ជាក់ពីឈ្មោះហាង, អ្នកទិញ, ម៉ូដែលទូរស័ព្ទ និងមានប្រអប់ត្រឹមត្រូវ ពីអ្នកលក់ម្នាក់នោះ ដើម្បីធានាបាននូវសុវត្ថិភាពជាសវាងទិញប៉ះចំទូរស័ព្ទក្លែងក្លាយ របស់ចោរដែលលួចយកមកលក់ត ទូរស័ព្ទរើសបានជាដើម ដែលមិនមែនជាកម្មសិទ្ធិរបស់ម្ចាស់ដើម។
• ឆែកមើល IMEI ត្រង់កន្លែងនេះអ្នកទាំងអស់គ្នាអាចឆែកមើលដោយដឹងថាទូរស័ព្ទដៃ iPhone មួយនឹងមានម៉ាស៊ីន និងសំបកជាសុំណុំ Zin ដែលចេញពីម្ចាស់ដើមឬក៏អត់។ សម្រាប់របៀបឆែកដូច្នេះអ្នកទាំងអស់គ្នាអាចចុចចូល Setting + General + About + IMEI រួចចុចលើលេខនោះឲ្យជាប់ និងចុច Copy បន្ទាប់មកចូលទៅកាន់ Browser ដោយវាយពាក្យ iUnlocker រួចអូសចុះទៅក្រោម និង Past លេខដែលយើងបាន Copy ចូលក្នុងក្រឡោននោះ រួចចុច Check និងរងចាំបន្តិចវានឹងបង្ហាញចម្លើយថាតើទូរស័ព្ទមួយនោះមានជាប់គាំងត្រង់ចំណុចណាមួយ ឬខុសប្រក្រតីឬអត់ ថាតើទូរស័ព្ទមួយនោះនៅមានគុណភាពកម្រិតណាដែលអាចប្រើបានរយៈពេលយូរ ឬខ្លី ក្នុងនោះក៏បង្ហាញពីម៉ូដែល ទំហំ កម្លាំងម៉ាស៊ីន និងប្រព័ន្ធ Data ផ្សេងៗផងដែរ។
• ឆែកមើលកន្លែងសាកថ្មថាវារលុង ឬតឹងព្រោះជាធម្មតាប្រសិនបើកន្លែងដោតបញ្ជូលថ្មវារលុងបានន័យថាទូរស័ព្ទនោះប្រើយូរឆ្នាំ ឬអ្នកប្រើប្រាស់បានលក់ឲ្យតគ្នាជាច្រើននាក់ ក្នុងករណីនេះប្រសិនបើយើងទិញមកប្រើប្រាស់វាងាយនឹងសាកថ្មមិនចូល ថ្មមិនងាយឡើង ថ្មមិនកាន់ រលុងដុយសាកជាដើម និងសាកប៊ូតុងផ្សេងៗទៀតដែលនៅក្រៅប្រព័ន្ធខាងក្នុង ដូចជា កន្លែងចុចបិទទូរស័ព្ទ កន្លែងចាក់ស៊ីម កន្លែងដោតកាស និងប៊ូតុងដំឡើងសម្លេង។
• ឆែកមើលផ្នែកខាងក្នុងដូចជា៖ តេស្តការមេរា, ការហៅទូរស័ព្ទចេញចូល, សាកភ្ជាប់ Bluetooth, សាក AirDrop រូបភាព, សាកភ្ជាប់អ៊ីនធឺណេត ឬ WiFi, សាក Microphone, ជាពិសេសសូមឆែកមើលសុខភាពថ្ម ព្រោះនេះជាចំណុចដែលសំខាន់ដែលអ្នកទិញតគួរដឹង ដូច្នេះអ្នកទាំងអស់គ្នាអាចចុចចូល Setting + Battery + Battery Health & Charging បន្ទាប់មកអ្នកទាំងអស់គ្នានឹងឃើញពាក្យ Maximum Capacity ប្រសិនបើអ្នកទាំងអស់គ្នាឃើញភាគរយថ្មដែលលើសពី ៨០% ឡើងទៅនោះគឺថ្មនៅមានគុណភាពអាចប្រើបានយូរ និងមិនងាយខូចថ្មផងដែរ។
• ចុងក្រោយគួរតែទិញតាមហាងទូរស័ព្ទដៃណាដែលផ្តល់ទំនុកចិត្តច្បាស់លាស់ និងមានជំនាញប្រឹក្សាយោបល់ជូនអតិថិជនត្រឹមត្រូវ ព្រោះថាប្រសិនបើអ្នកទាំងអស់គ្នារើសហាងដែលត្រូវនោះអ្នកទាំងអស់គ្នានឹងទទួលបានទូរស័ព្ទមួយទឹកតែប្រកបដោយគុណភាពព្រោះថា iPhone មួយទឹកដែលល្អគឺជាទូរស័ព្ទដៃមួយទឹកសុទ្ធសុំណុំ ដែលមានប័ណ្ណធានាត្រឹមត្រូវមិនក្លែងបន្លំ។
គូសបញ្ជាក់ថា ទាំងអស់នេះជាចំណុចសំខាន់ដែលអ្នកទាំងអស់គ្នាគួរដឹងមុនទិញទូស័ព្ទដៃមួយ iPhone មួយទឹកប្រើ លើសពីនេះទៅទៀតក្រៅពីអ្នកដែលចង់ទិញទូរស័ព្ទមួយទឹកក្រៅពី iPhone ក៏អាចប្រើគន្លឹះទាំងអស់នេះដើម្បីពិនិត្យមើលម៉ូដែលទូរស័ព្ទដៃផ្សេងៗទៀតបានដូចគ្នា។ ចុងក្រោយត្រូវស្វែងរកហាងទូរស័ព្ទដៃក្នុងស្រុកដែលអាចទុកចិត្តបាន និងអាចទិញផ្ទាល់នៅហាងបានដើម្បីមានទំនុកចិត្តខ្ពស់ និងសុវត្ថិភាពដល់អ្នកទាំងអស់គ្នា។
អត្ថបទដោយ៖ ងួន ឃុនណា