នៅក្នុងយុគសម័យឌីជីថលដែលកំពុងបោះពួយទៅមុខយ៉ាងលឿន ការយល់ដឹងស៊ីជម្រៅលើការធ្វើទីផ្សារ ការសាងម៉ាកយីហោ និងការប្រែប្រួលនៃបច្ចេកវិទ្យា បានក្លាយជាកាតាលីករដ៏សំខាន់សម្រាប់ជោគជ័យនៃអាជីវកម្មគ្រប់ទំហំ ។ ក្នុងចំណោមអ្នកជំនាញដែលកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រែក្លាយ និងលើកស្ទួយវិស័យនេះនៅកម្ពុជា លោក គង់ រិទ្ធា គឺជាបុគ្គលដ៏លេចធ្លោមួយរូបដែលបានឆ្លងកាត់បទពិសោធន៍ ក្រេបជញ្ជក់ចំណេះដឹងពីគ្រូបង្វឹកល្បីៗលំដាប់ពិភពលោក និងបានបង្កើតនូវសមិទ្ធផលជាច្រើនសម្រាប់វិស័យទីផ្សារឌីជីថល ។

លោក គង់ រិទ្ធា បានថ្លែងប្រាប់សារព័ត៌មាន Technology Cambodia ថា លោកមានស្រុកកំណើតនៅទីក្រុងភ្នំពេញ ហើយសព្វថ្ងៃនេះ លោកជាស្ថាបនិក Octopus X ដែលជាស្ថាប័នផ្តោតទៅលើ ការសាងម៉ាកយីហោ និងការធ្វើទីផ្សារ (Branding & Marketing) នៅក្នុងវិស័យទីផ្សារឌីជីថល ។ ក្រៅពីនេះ លោកក៏ជាអ្នកនិពន្ធសៀវភៅមួយក្បាលមានឈ្មោះថា ប្លង់មេនៃទីផ្សារអនឡាញ (Online Marketing Blueprint) ជាសៀវភៅមួយក្បាលទទួលបានការគាំទ្រខ្លាំងក្នុងឆ្នាំ ២០២៣ (ជាប់ចំណាត់ថ្នាក់សៀវភៅលក់ដាច់បំផុតប្រចាំឆ្នាំ ២០២៣ ក្នុងឧស្សាហកម្មទីផ្សារឌីជីថល) ។

បើនិយាយពីប្រវត្ថិការសិក្សាវិញ លោកធ្លាប់បានឆ្លងកាត់វគ្គបណ្តុះបណ្តាលច្រើនទាំងរៀនអនឡាញ និងថ្នាក់រៀនផ្ទាល់ទៅលើជំនាញទីផ្សារឌីជីថល ទោះបីជាកាលនោះ ជំនាញទីផ្សារឌីជីថលមិនទូលំទូលាយ មិនមានកម្រិតសិក្សាជាថ្នាក់បរិញ្ញាបត្រនៅតាមមហាវិទ្យាល័យជុំវិញពិភពលោកក៏ដោយ ក៏លោកអាចរៀនតាមរយៈគ្រូបង្វឹកល្បីៗដែលបានគេទទួលស្គាល់ច្រើនជុំវិញពិភពលោកផងដែរ ។ សម្រាប់ជំនាញផ្នែកទីផ្សារ លោកបានឆ្លងកាត់ការបណ្តុះបណ្តាលផ្ទាល់ជាមួយលោកគ្រូ ផេង ជុន (Peng Joon) ដែលជាគ្រូបង្វឹកម្នាក់ត្រូវបានគេទទួលស្គាល់ថាជាគ្រូបង្វឹកល្បីជាងគេនៅទ្វីបអាស៊ី (អ្នកធ្វើទីផ្សារអ៊ីនធឺណិតចំណាត់ថ្នាក់លេខ១ នៅអាស៊ី)។ ក្រៅពីនេះ លោកក៏បានឆ្លងកាត់ការបណ្តុះបណ្តាលតាមរយៈការរៀនអនឡាញជាមួយលោកគ្រូ រ៉ាសសែល ប្រេនសិន (Russell Brunson) ដែលគាត់មិនត្រឹមតែជាគ្រូបង្វឹកល្បីមួយរូប តែគាត់ក៏ជាអ្នកនិពន្ធសៀវភៅល្បីសម្រាប់វិស័យទីផ្សារឌីជីថល ដូចជា សម្ងាត់ដតខម (Dotcom Secret), សម្ងាត់អ្នកជំនាញ (Expert Secret), និងសម្ងាត់ចរាចរណ៍អ្នកទស្សនា (Traffic Secret) ផងដែរ។ សម្រាប់ជំនាញការសាងម៉ាកយីហោ លោកបានឆ្លងកាត់ការបណ្តុះបណ្តាលផ្ទាល់ជាមួយ លោកគ្រូ គ្រីស ឌូ (Chris Do) ដែលជាស្ថាបនិករបស់ ដឹ ហ្វ៊ូឈ័រ (The Futur ភ្នាក់ងារសាងម៉ាកយីហោជាប់ចំណាត់ថ្នាក់កំពូលលើពិភពលោក) ហើយមកដល់សព្វថ្ងៃនេះ លោកក៏នៅបន្តទំនាក់ទំនងគ្រូនិងសិស្សរៀនថ្នាក់ចល័តតាមប្រទេសក្នុងអាស៊ី អាស្រ័យលើកម្មវិធីសិក្សា។

កាលពីឆ្នាំ ២០១៧-២០១៨ លោកបានចាប់អាជីពជាអ្នកបម្រើសេវាកម្មទីផ្សារបណ្តាញសង្គមឯករាជ្យ រហូតដល់ចុងឆ្នាំ ២០១៨ ទើបលោកចាប់ផ្តើមបង្កើតជា Octopus ឡើងដែលកាលនោះមានឈ្មោះថា អក់តូពូស អេសអិមអិមអេហ្វ (Octopus SMMF) មានន័យថា អក់តូពូស ទីផ្សារបណ្តាញសង្គម និងចរន្តទាក់ទាញអតិថិជន ។ មូលហេតុដែលលោកជ្រើសរើសពាក្យ អក់តូពូស (មឹកយក្ស) ព្រោះសំដៅទៅលើមនុស្សម្នាក់ដែលមានដៃច្រើនក្នុងការសម្រេចការងារ ហើយម្នាក់នោះគឺជាលោក «ខ្ញុំគឺជាអក់តូពូស»។ ក្រោយមកបរិបទកូវីដបានឈានមកដល់ ហើយអក់តូពូស អេសអិមអិមអេហ្វ ក៏បានផ្អាកមួយរយៈ រហូតដល់ស្ថានភាពប្រសើរវិញ អក់តូពូស ក៏ចាប់ផ្តើមងើបមកវិញជាមួយឈ្មោះ អក់តូពូស អិច (Octopus X) ដែលពាក្យ X សំដៅទៅលើការគុណ (មេគុណបង្កើនផល)។ ទោះបី អក់តូពូស មានការផ្លាស់ប្តូរនៅខាងចុងឈ្មោះពិតមែន តែសម្រាប់សេវាកម្មខាងលោកនៅតែជំនាញច្បាស់លាស់ ទៅលើការសាងម៉ាកយីហោ និងការធ្វើទីផ្សារ សម្រាប់វិស័យទីផ្សារឌីជីថលដដែល ។ បេសកកម្មរបស់ អក់តូពូស គឺមានពីរដែលទីមួយគឺពួកលោកអាចផ្តល់សេវាកម្មទីផ្សារឌីជីថលនៅកម្រិតស្តង់ដារដូចទៅនឹងប្រទេសអភិវឌ្ឍន៍ដែលគេកំពុងធ្វើ និងទីពីរគឺចែករំលែកចំណេះដឹងនិងបន្សល់ទុកគំរូនៃការធ្វើសម្រាប់ប្អូនជំនាន់ក្រោយ ព្រោះលោកចង់ឃើញជំនាញទីផ្សារឌីជីថលក្នុងស្រុកយើងស្ថិតក្នុងកម្រិតមួយប្រហាក់ប្រហែលនឹងប្រទេសអភិវឌ្ឍន៍ដូចគេផងដែរ ។ សម្រាប់បញ្ហានៅក្នុងវិស័យទីផ្សារឌីជីថលសព្វថ្ងៃនេះ ដូចជាមិនមានបញ្ហាដូចកាលឆ្នាំ ២០១៧ នោះទេ ព្រោះពេលនោះមហាជនទូទៅមិនយល់ពីគុណតម្លៃនៃជំនាញមួយនេះ ហើយគិតថាវាជាការងារមិនសំខាន់ ដែលជាហេតុការងារទីផ្សារឌីជីថលជំនាន់នោះមិនសូវមានតម្រូវការទីផ្សារនោះទេ ។

ប៉ុន្តែមកដល់ពេលនេះ មហាជនយល់ដឹងច្រើន និងមើលឃើញពីគុណតម្លៃ ហើយឱ្យតម្លៃទៅលើការងារមួយនេះផងដែរ ។ សរុបមកបច្ចុប្បន្ននេះ ការងារដែលទាក់ទងទៅជំនាញទីផ្សារឌីជីថល សុទ្ធតែជាឱកាសដែលបម្រើការងារទៅកាន់អាជីវកម្មគ្រប់ប្រភេទ មិនថានៅក្នុងរូបភាពធំ ឬក៏តូចនោះទេ ។
ក្នុងនាមជាអាជីវកម្មដែលបម្រើសេវាកម្មធ្វើទីផ្សារដោយប្រើប្រាស់បច្ចេកវិទ្យា លោកសង្កេតឃើញថា ការបណ្តុះធនធានមនុស្សឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាទៅតាមជំនាញ ឬនាយកដ្ឋានរៀងៗខ្លួនពិតជាសំខាន់និងផ្តល់ភាពជាក់លាក់មកកាន់អាជីវកម្ម ។ ដូចនេះគ្រប់នាយកដ្ឋាន ដូចជា ផ្នែកគណនេយ្យ (Accountant), ផ្នែកធនធានមនុស្ស (HR), ផ្នែកទីផ្សារ (Marketing)... ជាដើម ចាំបាច់ត្រូវតែមានបច្ចេកវិទ្យា (កម្មវិធី/Software) រៀងៗខ្លួនដើម្បីសម្រេចលទ្ធផលនិងគោលដៅ ។ ហើយការវិនិយោគទៅលើបច្ចេកវិទ្យាសម្រាប់នាយកដ្ឋាននីមួយៗ មិនតម្រូវឱ្យចំណាយច្រើននោះទេនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនក្នុងស្រុកយើងបានបង្កើតបច្ចេកវិទ្យាជាច្រើន សូម្បីតែវិស័យទីផ្សារឌីជីថល ក៏មានបច្ចេកវិទ្យាមានឈ្មោះថា ម៉ាកែតធីង ខបអិច (Marketing Corpx) ដែលជាបច្ចេកវិទ្យាជួយឱ្យអាជីវកម្មធ្វើប្រតិបត្តិការទីផ្សារឌីជីថលបានដោយមិនចាំបាច់សរសេរកូដ ដូចជាការបង្កើតគេហទំព័រ (Build website), ការធ្វើទីផ្សារតាមអ៊ីមែល (Email marketing), ប្រព័ន្ធឆ្លើយតបស្វ័យប្រវត្តិតាមបណ្តាញសង្គម (Social Media Auto Responding), ប្រព័ន្ធគ្រប់គ្រងទំនាក់ទំនងអតិថិជន (CRM) ជាមួយតម្លៃត្រឹមតែ ៣៩ដុល្លារក្នុងមួយខែ ។

ចំពោះអនុសាសន៍របស់ លោក គង់ រិទ្ធា បានលើកឡើងថា សម្រាប់បុគ្គលដែលចង់ក្លាយជាអ្នកជំនាញទីផ្សារឌីជីថលដ៏ពូកែម្នាក់ ចាំបាច់ត្រូវរៀនជំនាញសំខាន់ៗ ដូចជា៖
- ការសរសេរអត្ថបទបញ្ចុះបញ្ចូល/លក់ (Copywriting)
- ចិត្តវិទ្យាអនឡាញ (Online Psychology)
- ចរន្តទាក់ទាញអតិថិជននៃទីផ្សារ (Marketing funnel)
- ការបង្កើតមាតិកា (Content creation)
- ការទិញប្រព័ន្ធផ្សព្វផ្សាយ/ការរៀបចំការផ្សាយពាណិជ្ជកម្ម (Media buying / advertising)
- ការបង្កើតចរន្តទាក់ទាញអតិថិជន (Funnel builder)
- ការដឹកនាំផ្នែកច្នៃប្រឌិត (Creative directing)
- និងការសាងម៉ាកយីហោ (Branding)។
បន្ទាប់ពីរៀនជំនាញចប់ គួរតែចំណាយពេលយ៉ាងតិច ៣ឆ្នាំក្នុងការធ្វើការងារទីផ្សារបណ្តាញសង្គម ក្នុងក្រុមហ៊ុនណាមួយដែលផ្តល់ការងារជាមួយអតិថិជន ដើម្បីពង្រឹងសមត្ថភាព ព្រោះពេលនោះគាត់នឹងមានឱកាសរៀនពីអាជីវកម្មជាច្រើន និងយល់ពីរបៀបធ្វើទីផ្សារផ្សេងៗគ្នាទៅតាមប្រភេទអាជីវកម្ម ។
បន្ទាប់ពីមានជំនាញច្បាស់ មានបទពិសោធន៍ច្រើនជាមួយអាជីវកម្មច្រើនប្រភេទ អាចចំណាយពេលក្នុងការចាប់ផ្តើមសាងម៉ាកយីហោដោយខ្លួនឯង មិនថានៅជាការសាងម៉ាកយីហោផ្ទាល់ខ្លួន (Personal Branding) ឬការសាងម៉ាកយីហោអាជីវកម្ម (Business Branding) សុទ្ធតែជារឿងសំខាន់ និងធ្វើឱ្យក្លាយជាមនុស្សម្នាក់ដ៏មានឥទ្ធិពលនៅក្នុងវិស័យទីផ្សារឌីជីថល ។ ពេលនោះគាត់នឹងមិនពិបាកស្នើសុំសេវាកម្ម ឬបញ្ចុះបញ្ចូលអតិថិជន នោះទេ ដោយសារតែគាត់មានសមត្ថភាព ហើយដាក់បង្ហាញសមត្ថភាពជាសាធារណៈឱ្យមហាជនឃើញ ។

ដើម្បីឱ្យម្ចាស់អាជីវកម្មឈរជើងបានយូរ ដើរបានកាន់តែឆ្ងាយនៅក្នុងវិស័យទីផ្សារឌីជីថល នោះគឺត្រូវមានការសាងម៉ាកយីហោផ្ទាល់ខ្លួនមួយដ៏ល្អ ។ ការសាងម៉ាកយីហោផ្ទាល់ខ្លួនមួយដ៏ល្អ គឺជាការយកអារម្មណ៍របស់មហាជនមកកំណត់ មានន័យថាការដែលធ្វើឱ្យមហាជនស្រលាញ់នៅក្នុងរូបភាពវិជ្ជមាន គឺជាការសាងម៉ាកយីហោផ្ទាល់ខ្លួនល្អ ។ មនុស្សភាគច្រើនគិតថាមានអ្នកតាមដានច្រើនស្មើនឹងមានការសាងម៉ាកយីហោផ្ទាល់ខ្លួនល្អគឺមិនត្រូវ ១០០% នោះទេ ពីព្រោះមានអ្នកបោះពុម្ពផ្សាយមាតិកានៅក្នុងរូបភាពអវិជ្ជមាន ដើម្បីតែចំនួនអ្នកទស្សនា (View, Like, Comment, និងShare) គឺមិនមានការសាងម៉ាកយីហោផ្ទាល់ខ្លួនល្អនោះទេ ហើយតួលេខនោះអាចបញ្ជាក់បាននៅពេលដែលគាត់លក់អ្វីមួយ គ្មានអ្នកទិញស្របពេលដែលគាត់មានអ្នកតាមដានច្រើន ។ ដូចនេះ ការសាងម៉ាកយីហោផ្ទាល់ខ្លួន គឺជាអាវុធអាថ៌កំបាំងមួយក្នុងការពង្រីកអាជីវកម្ម ។
បច្ចុប្បន្ននេះលោកបានសម្រេចគោលដៅច្រើន តែអ្វីដែលសប្បាយចិត្តខ្លាំងបំផុតនោះគឺ លោកក្លាយជាជ្រុងមួយក្នុងការរុញទីផ្សារឌីជីថលក្នុងស្រុកឱ្យមានការអភិវឌ្ឍ ។ សម្រាប់គោលដៅ ៥ឆ្នាំខាងមុខ គោលដៅរបស់អាជីវកម្មលោកគឺ... សុំលាក់សិន ព្រោះការបោះជំហានរបស់ពួកយើងតែងតែបង្កើតនូវការភ្ញាក់ផ្អើលជានិច្ច!
ក្នុងវ័យ ៣៥ ឆ្នាំនេះ លោក គង់ រិទ្ធា មានមតិផ្តាំផ្ញើទៅកាន់ប្អូនៗជំនាន់ក្រោយថា៖ «នៅពេលចាប់ផ្តើមអាជីវកម្មថ្មីថ្មោងរបស់អ្នក ម៉ាកយីហោរបស់អ្នក គឺជាអ្វីដែលត្រូវយកចិត្តទុកដាក់បំផុតជាអាទិភាព ។ ការលក់ក្នុងរយៈពេលវែងរបស់អ្នក គឺអាស្រ័យលើម៉ាកយីហោរបស់អ្នក» ។

ចំពោះកំហុសធំបំផុតសម្រាប់អាជីវកម្មនៅពេលធ្វើទីផ្សារឌីជីថលក្នុងរយៈពេលចាប់ផ្តើមដំបូង (Startup) ម្ចាស់អាជីវកម្មភាគច្រើនមើលទៅលើតែការងារលក់នៅពេលដែលចាប់ផ្តើមដំបូង ដែលជាហេតុធ្វើឱ្យមាតិកាក្នុងផេករបស់គាត់គឺលក់សុទ្ធ ១០០% មិនមានមាតិកាប្រភេទការសាងម៉ាកយីហោ និងការធ្វើទីផ្សារចូលរួមនោះទេ ដែលជាហេតុធ្វើឱ្យការធ្វើទីផ្សារអនឡាញរបស់គាត់មិនដើរ ។ គ្រប់អ្នកទស្សនាពួកគាត់មិនចូលចិត្តមើលមាតិកាលក់នោះទេ ហើយពួកគាត់នឹងចាប់ផ្តើមមានអារម្មណ៍ថាធុញជាមួយមាតិកាលក់របស់អ្នក ដូចនេះអ្វីដែលអ្នកទាំងអស់គ្នាត្រូវធ្វើនោះគឺបង្កើតមាតិកាសាងម៉ាកយីហោ និងការធ្វើទីផ្សារឱ្យបានច្រើន ហើយមាតិកាលក់របស់អ្នកអាចជាមាតិកាទី១២ បន្ទាប់មកទី២៤ ធ្វើបែបនេះទើបជារឿងត្រឹមត្រូវក្នុងការធ្វើទីផ្សារសម្រាប់អាជីវកម្ម ។

ជារួមមកវិញដំណើរជីវិត និងបទពិសោធន៍របស់ លោក គង់ រិទ្ធា គឺជាសក្ខីភាពយ៉ាងច្បាស់ថា ភាពជោគជ័យមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាទាមទារនូវការប្តេជ្ញាចិត្តខ្ពស់ ការរៀនសូត្រឥតឈប់ឈរ និងការហ៊ានបោះជំហានឆ្លងកាត់ឧបសគ្គ ។ សម្រាប់យុវជន និងម្ចាស់អាជីវកម្មថ្មីថ្មោងទាំងអស់ ចាប់ផ្តើមពីចំណុចតូចតាចដោយក្តីស្រមៃដ៏ធំ បណ្តុះសមត្ថភាពខ្លួនឯងឱ្យពិតប្រាកដ ហើយបង្កើតនូវម៉ាកយីហោមួយដែលមានគុណតម្លៃ និងឥទ្ធិពលវិជ្ជមានដល់សង្គម ។ ចូលចាំថា ឱ្យតែយើងមានឆន្ទៈមុតមាំ និងមានទិសដៅច្បាស់លាស់ គ្មានអ្វីដែលកូនខ្មែរធ្វើមិនបាននោះទេ ហើយអ្នកក៏អាចក្លាយជាបុគ្គលដ៏មានឥទ្ធិពលដែលជួយជ្រោមជ្រែង និងរុញច្រានវិស័យឌីជីថលនៅកម្ពុជាឱ្យកាន់តែរីកចម្រើនស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិផងដែរ ។
អត្ថបទដោយ៖ ងួន ឃុនណា
