យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Forbes បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាផលិតឈីបយក្ស Intel បានជួបការខតបង់ធំ ដោយបាត់តម្លៃក្រុមហ៊ុនអស់ ២៩ពាន់លានដុល្លារ ត្រឹមរយៈពេលមួយថ្ងៃ ខណៈក្រុមហ៊ុនមួយនេះគ្រោងនឹងបង្ខំចិត្តធ្វើការដកបុគ្គលិក ១៥០០០នាក់ ដើម្បីកាត់បន្ថយចំណាយនៅក្នុងឆ្នាំ២០២៥ ដើម្បីស្ដារស្ថានភាពក្រុមហ៊ុនឡើងវិញ។
ប្រភពដដែលបានឲ្យដឹងទៀតថា ការធ្លាក់តម្លៃខ្លួនក្រុមហ៊ុនយ៉ាងគំហុកត្រឹមរយៈពេល១ថ្ងៃដូច្នេះគឺកើតឡើងក្រោយពីក្រុមហ៊ុន Intel ប្រកាសពីលទ្ធផលចំណូលប្រចាំត្រីមាសទី២ នៃឆ្នាំ២០២៤ ដែលមានការខាតបង់ប្រមាណ១.៦ពាន់លានដុល្លារ ខណៈព័ត៌មាននេះបានធ្វើឲ្យអ្នកវិនិយោគហាក់មានការបារម្ភចំពោះអនាគតក្រុមហ៊ុន Intel និងបានធ្វើការលក់ហ៊ុនរបស់ Intel ចេញ ដែលធ្វើឲ្យហ៊ុនសរុបក្នុងទីផ្សាររបស់ក្រុមហ៊ុន Intel មានការធ្លាក់ចុះ ៣០%។
ជាមួយគ្នានេះដែរ ស្ថានភាពរកស៊ីរបស់ក្រុមហ៊ុនផលិតឈីបយក្ស Intel នារយៈប៉ុន្មានខែចុងក្រោយនេះហាក់មិនសូវកាក់កបប៉ុន្មាននោះឡើយដោយការលក់មានការធ្លាក់ចុះ។ បន្ថែមពីនេះទៀត កត្តាបរិយាកាសទីផ្សារក៏មានការប្រកួតប្រជែងកាន់តែក្ដៅគគុកផងដែរ ពោលគឺមានអតិថិជនធំៗជាច្រើនបែរជាងាកទៅទិញផលិតផលពីដៃគូប្រកួតប្រជែងគឺក្រុមហ៊ុន AMD និងក្រុមហ៊ុន NVDIA ដែលកំពុងតែសម្រុកចាប់អតិថិជនបានយ៉ាងច្រើននៅក្នុងអំឡុងពេលដែលក្រុមហ៊ុនបចេ្ចកវិទ្យាធំៗ កំពុងតែត្រូវការឈីប និង GPU យកទៅអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសុប្បនិម្មិត AI។
គូរជម្រាបផងដែរថា ដើម្បីដោះស្រាយបញ្ហាទាំងនេះក្រុមហ៊ុន Intel បានប្រកាសផែនការសន្សំសំចៃចំណាយ ១០ ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២៥ ដោយក្នុងនោះរាប់បញ្ចូលទាំងផែនការណ៍ដេញបុគ្គលិក១៥០០០នាក់ផងដែរ។ បន្ថែមពីនេះទៀតលោក Pat Gelsinger បានប្រកាស់ពីការងនុវត្តន៍ការងារឲ្យបានខ្លាំង និងមានប្រសិទ្ធិភាពដើម្បីដោះស្រាយបញ្ហាការចំណាយខ្ពស់ និងដើម្បីដោហស្រាយបញ្ហាលទ្ធផលហិរញ្ញវត្ថុធ្លាក់ចុះនេះផងដែរ។ ហើយលោក មានសុទិដ្ឋិនិយមថា នៅត្រីមាសទី៣ ខាងមុខនេះចំណូលរបស់ Intel នឹងកើនឡើងវិញ៕