លោក Ilkka Paananen ស្ថាបនិកក្រុមហ៊ុន Supercell បង្កើតឡើងក្នុងឆ្នាំ២០១១ ខណៈនៅដើមឆ្នាំ២០១៣ កើនតម្លៃជាង៣ពាន់លានដុល្លារ ដោយចេញហ្គេមតែពីរប៉ុណ្ណោះគឺ Hay Day និង Clash of Clans។ យោងតាមការចេញផ្សាយរបស់គេហទំព័រ Wired ហ្គេមទាំងពីរនេះផ្ទុះការគាំទ្រខ្លាំង និងឈរលើកំពូលតារាងកម្មវិធីទូទាំងពិភពលោក ឈានដល់ចំណាត់ថ្នាក់ខ្ពស់ក្នុងប្រទេសចំនួន១០២ រួមទាំងកម្ពុជាយើងផងដែរ។
ក្នុងដំណើរនៃការពង្រីកវិសាលភាព លោក Ilkka Paananen ផ្តោតលើធនធានមនុស្សខ្លាំងបំផុត ដោយលោកបានធ្វើរឿងធំៗ៣នេះទៅលើបុគ្គលិកខ្លួន៖
១/. អបអរសាទរការបរាជ័យ៖ អ្នកត្រូវតែលុបបំបាត់ការភ័យខ្លាចនៃភាពបរាជ័យ។ លោកបានលើកឡើងថា៖ «ប្រសិនបើហ្គេមខុស យើងជប់លៀងសម្រាប់អ្នកអភិវឌ្ឍន៍របស់យើង ហើយផ្តល់ឱ្យពួកគេនូវស្រាសំប៉ាញដើម្បីអបអរអ្វីដែលពួកគេបានរៀន។ ក្នុងនាមក្រុមហ៊ុនមួយ ពួកយើងបរាជ័យច្រើនជាងយើងជោគជ័យ»។ អ្នកត្រូវប្រថុយប្រថានដើម្បីជោគជ័យ ហើយបើចង់ដើរទៅមុខបន្តទៀតបានអ្នកត្រូវតែដកការភ័យខ្លាចចេញ។
២/. ក្រុមការងារតិចតែមានគុណភាព៖ ដំបូងហ្គេម Clash of Clans និង Hay Day ត្រូវបានបង្កើតឡើងដោយអ្នកអភិវឌ្ឍន៍តែប្រាំនាក់ប៉ុណ្ណោះក្នុងមួយក្រុម។ Paananen ពន្យល់ថា៖ «សូម្បីតែឥឡូវនេះទោះបីហ្គេមរបស់យើងកំពុងវាយលុកជាសកល តែហ្គេមនីមួយៗមានក្រុមមិនធំជាង១៥នាក់ទេ»។ លោកបានបន្ថែមទៀតថា៖ «យើងឱ្យតម្លៃលើល្បឿននៃក្រុមតូចៗ និងរក្សាអ្វីៗឱ្យសាមញ្ញ។បុគ្គលិករបស់យើងមិនត្រូវការច្បាប់ឬក្រឹតក្រមនៃការដំណើរការ ឬច្បាប់នៃការគ្រប់គ្រងពីលើនោះទេ»។
៣/. ផ្តល់សេរីភាពដល់បុគ្គលិក៖ Paananen បាននិយាយថា៖ «យើងមិនតាមដានបុគ្គលិកទេ ហើយយើងមានភាពបត់បែនក្នុងលក្ខខណ្ឌនៃម៉ោងការងារ យើងជឿជាក់លើពួកគេ។ ច្បាប់មួយគឺ ធ្វើអ្វីដែលល្អបំផុតសម្រាប់ក្រុមរបស់អ្នក និងហ្គេម»។ លោកផ្តល់សេរីភាពដល់បុគ្គលិកគ្រប់រូប និងមិនរឹតបន្តឹងម៉ោងការងារឡើយ អ្វីដែលសំខាន់គឺលទ្ធផលប្រកបដោយផលិតភាព និងអាចឲ្យពួកគេរីករាយនូវអ្វីដែលខ្លួនធ្វើ។
គួរជម្រាបផងដែរថា លោក Ilkka Paananen ស្ថាបនិកក្រុមហ៊ុនហ្គេម Hay Day និង Clash of Clans កើតនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៧៨ លើទឹកដីប្រទេសហ្វាំងឡង់៕

